31 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ការ​បញ្ចេញមតិ​របស់​លោក នី ណាក់ មិន​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អះអាង​ថា ការ​បញ្ចេញមតិ​របស់​លោក នី ណាក់ មិន​មាន​អ្វី​ធ្ងន់ធ្ងរ​រហូត​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដែល​បង្ក​ទៅ​ជា​ភាព​វឹកវរ ឬ​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់​ឡើយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មករា ថា បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​តួនាទី​ដោយ​ការ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​ទៅ​តាម​បណ្តឹង​របស់​ភាគី​ណា​មួយ ដោយ​ផ្អែក​លើ​ភស្តុតាង​ពិត​មែន ប៉ុន្តែ​សមត្ថកិច្ច​ក៏​គួរតែ​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នោះ​ដែរ ថា​តើ​វា​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​ក៏​អត់ មុន​នឹង​ឃាត់​ខ្លួន​បុគ្គល​ដែល​ត្រូវ​គេ​ប្តឹង​នោះ។

លោក ស៊ឹង សែនករុណា អះអាង​ថា ការ​លើកឡើង​របស់​លោក នី ណាក់ មិន​មាន​ពាក្យពេចន៍​ណា​មួយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទេ ដូច្នេះ​សមត្ថកិច្ច​មិន​គួរ​ឃាត់​ខ្លួន​គាត់​ឡើយ ព្រោះ​ថា​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ត្រូវការ​បើក​លំហ​សេរីភាព​បញ្ចេញមតិ​ជា​ចាំបាច់។ ផ្ទុយទៅវិញ បើ​ការ​លើកឡើង​របស់​សកម្មជន​សង្គម​រូប​នេះ​ខុស​ពី​ការពិត​នោះ លោក នី ណាក់ នឹង​ត្រូវ​បាត់បង់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ដោយ​ខ្លួនឯង ដោយសារតែ​មហាជន​អស់​ទំនុកចិត្ត​លើ​រូប​គាត់។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក នី ណាក់ ដោយ​គ្រាន់តែ​គាត់​បាន​លើកឡើង​ទាក់ទិន​នឹង​ចំនួន​ក្រុមហ៊ុន​នេះ មិន​ដល់​ថ្នាក់​មហាជន​ជឿ​តាម​សម្ដី​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ ការ​ចាប់​ខ្លួន​គាត់​ព្រោះតែ​ការ​លើកឡើង​បែប​នេះ រឹតតែ​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​លើ​រដ្ឋាភិបាល​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ទៅវិញ ដែល​នេះ​គេ​ក៏​អាច​ចាត់ទុក​ថា​ជា​ទម្រង់​នៃ​ការ​រឹតត្បិត​សេរីភាព​ថ្មី​មួយ​ទៀត​ក្នុង​របាយការណ៍​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ឆ្នាំ​ថ្មី​នេះ​ដែរ ដូច្នេះ​សមត្ថកិច្ច​កម្ពុជា​គួរតែ​ពិចារណា​លើ​បញ្ហា​នេះ មុន​នឹង​សម្រេច​ចោទប្រកាន់​ថា​គាត់​មាន​ទោស​តាម​ការ​ប្តឹង​នោះ។

នៅ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ បាន​ចាប់​ខ្លួន​អ្នកជំនាញ​កសិកម្ម​លោក នី ណាក់ សាជាថ្មី​ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ញុះញង់ បន្ទាប់ពី​សកម្មជន​សង្គម​រូប​នេះ​សរសេរ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន រិះគន់​ពី​របាយការណ៍​ដែល​ក្រសួង​ការងារ ទើប​នឹង​ចេញ​ផ្សាយ​អំពី​តួលេខ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​ទើប​បើក​ថ្មី​នៅ​ដើម​ឆ្នាំ​២០២៤ នេះ។

អ្នកស្រី សុខ ស៊ីណែត ដែល​ត្រូវ​ជា​ភរិយា​របស់​លោក នី ណាក់ អះអាង​ថា ប្តី​របស់​អ្នកស្រី​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ឃាត់​ខ្លួន​សាកសួរ​តាំងពី​ព្រឹក​ម៉ោង ៨ និង ៤០​នាទី តាម​បណ្តឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ហើយ​សមត្ថកិច្ច​គ្រោង​បញ្ជូន​លោក នី ណាក់ ទៅ​តុលាការ​តែម្តង​បន្ទាប់ពី​សាកសួរ​រួចរាល់។

មុន​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន លោក នី ណាក់ បាន​សរសេរ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ថា សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល គឺ​ហ្វ្រេសញូវ (Fresh News) បាន​ផ្សាយ​ថា «ក្រុមហ៊ុន​ទើប​បើក​ថ្មី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤ មាន ១​ម៉ឺន​ក្រុមហ៊ុន»។ លោក​ក៏​បាន​សរសេរ​បែប​ឌឺដង​ទៀត​ថា «សង្ស័យ​តែ​គេ​រាប់​តាំងពី​ក្រុមហ៊ុន​លក់​លៀស​ហាល ក្រុមហ៊ុន​ដើរ​សុំទាន និង​ក្រុមហ៊ុន​លក់​ថ្នាំញៀន​ដែរ​ហើយ​មើល​ទៅ»

លោក​បន្ថែម​ថា «បើក​ច្រើន ប៉ុន្តែ​ពេល​បិទ​វិញ គេ​មិន​រាប់​ទេ»

កន្លង​មក លោក នី ណាក់ ត្រូវ​គេ​ស្គាល់​ថា​ជា​សកម្មជន​សង្គម​មួយ​រូប​ដែល​តែង​ធ្វើការ​រិះគន់​លើ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ហើយ​ដោយសារតែ​បែប​នេះ លោក​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១៨​ខែ​ម្តង​រួច​មក​ហើយ​ដែរ ជុំវិញ​ការ​លើកឡើង​របស់​លោក​ទាក់ទិន​នឹង​សត្វ​មាន់​ពាក់​ម៉ាស់ កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ លោក នី ណាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ជេរ​ប្រមាថ​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» តាម​មាត្រា​៣០៧ មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ តាម​បណ្តឹង​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន។

ដោយសារតែ​ការ​រិះគន់​នេះ លោក នី ណាក់ ក៏​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប៉ុនប៉ង​សម្លាប់​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​ដែរ ដែល​បាន​វាយ​រូបលោក​ឱ្យ​រង​របួស​ត្រង់​ក្បាល ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​បាន​នៅឡើយ​ទេ។ ផ្ទុយទៅវិញ នៅ​ពេល​ដែល​លោក នី ណាក់ រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស