40.8 C
Phnom Penh

លោក ហ៊ុន សែន ថា​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ​ផ្តើម​ចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ខណៈ​ក្រុម​ប្រឆាំង​ថា​ជា​ថ្ងៃ​បាត់បង់​ទឹកដី​ទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ផ្តើម​ចេញពី​ជ័យជម្នះ ៧​មករា ១៩៧៩ ទាំងស្រុង ដែល​ជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មិន​អាច​បដិសេធ​បាន។

លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ខួប ៤៥​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ ជា​ថ្ងៃ​គម្រប់​ខួប ៤៥​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​បាន​រស់រាន​មាន​ជីវិត​ឡើងវិញ​ទាន់​ពេលវេលា រួច​ផុត​ពី​ទារុណកម្ម និង​អំពើ​កាប់​សម្លាប់​ដ៏​សាហាវ​យង់ឃ្នង។

លោក ហ៊ុន សែន អះអាង​ថា ថ្ងៃ​ជ័យជម្នះ ៧​មករា បាន​ដណ្ដើម​ជូន​ពលរដ្ឋ​ខ្មែរ​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង​ដែល​ត្រូវ​បាត់បង់​ទាំងអស់​ក្នុង​របប ប៉ុល ពត និង​បាន​បញ្ចប់​សករាជ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​កម្ពុជា ព្រមទាំង​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា បន្ទាប់ពី​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​ឧបសគ្គ និង​ការ​លំបាក​រាប់​ម៉ឺន​សែន​ជំពូក​ប្រកប​ដោយ​ជោគជ័យ ក្នុង​បុព្វហេតុ​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​ខ្មែរ និង​កសាង​ជាតិ​ឡើងវិញ​ពី​គំនរ​ផេះផង់ រហូត​បាន​ចេញ​ផុត​ពី​ស្ថានភាព​ដែល​វិនាស​ខ្ទេចខ្ទី ឈាន​មក​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ម្លប់​នៃ​សន្តិភាព​ប្រកប​ដោយ​មោទនភាព​ជាទីបំផុត។

ទោះជា​យ៉ាងណា​ក៏ដោយ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា វៀតណាម​គឺជា​អ្នក​ដុត​ឱ្យ​មាន​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា ហើយ​វៀតណាម​ក៏​ដើរ​តួ​ជា​អ្នក​ជួយ​ពន្លត់​ភ្លើង​សង្គ្រាម​នេះ​ដែរ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​ឈ្លានពាន​របស់​ពួកគេ។

លោក​បន្ថែម​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ដែល​ខ្មែរ​បាត់បង់​អធិបតេយ្យភាព បាត់បង់​ដែន​សមុទ្រ បាត់បង់​កោះត្រល់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ យក​មក​ធ្វើ​ជា​ជំនួញ​នយោបាយ ដើម្បី​កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ចម្រូងចម្រាស​ដែល​ពួកគេ​ព្យាយាម​បំភ្លៃ​ការពិត​រហូត​មក​ដែរ។

លោក សម រង្ស៊ី លើកឡើង​ថា នៅ​មុន​ការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក​សេនាប្រមុខ លន់ នល់ កម្ពុជា​មាន​ទំនោរ​កាន់តែ​ខ្លាំង​ទៅ​រក​ប្លុក​កុម្មុយនីស្ត ដោយ​ការ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក និង​បាន​អនុញ្ញាត​ឲ្យ​ពួក​វៀតកុង​របស់​វៀតណាម​ខាង​ជើង ប្រើប្រាស់​ទឹកដី​កម្ពុជា​ជា​ឈ្នាន់​នៃ​សង្គ្រាម​របស់​ពួកគេ​នា​ពេល​នោះ។

លោក​បន្ត​ថា ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្លុក​កុម្មុយនីស្ត​ចិន និង​វៀតណាម ទេ នោះ​ក្រុម​ខ្មែរក្រហម​ក៏​មិន​អាច​គ្រប់គ្រង​អំណាច​បាន​ដែរ ដូច្នេះ​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា​គឺ​មាន​វៀតណាម ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង ហើយ​ការ​រំដោះ​កម្ពុជា​ចេញពី​ភ្លើង​សង្គ្រាម​នេះ ក៏​មាន​វៀតណាម​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង ក្រោម​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​ដែល​ពួកគេ​បាន​លើក​បន្តុប​ដែរ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​កំណត់​យក​ថ្ងៃ ៧​មករា ជា​ថ្ងៃ​បុណ្យ​ជាតិ គឺជា​ការ​សម្រេច​ឯកតោភាគី​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​ការ​ចូលរួម​សាទរ​ទទួលស្គាល់​ពី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​នោះ​ទេ ដែល​ទង្វើ​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ពី​ខ្មែរ​គ្រប់​ភាគី​ឡើយ ប៉ុន្តែ​គ្រាន់តែ​បង្ហាញ​ពី​ការ​លើក​តម្កើង​នយោបាយ​ឈ្លានពាន​របស់​វៀតណាម ដែល​បំផ្លាញ​ប្រទេស​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​លើក​កងទ័ព​ប្រមាណ ២០​ម៉ឺន​នាក់ ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ទាំង​កម្រោល ដែល​មិន​អាច​ប្រកែក​បាន​ឡើយ ព្រោះ​ថា​សមាគម​ប្រជាជាតិ​អាស៊ាន និង​អង្គការ​សហប្រជាជាតិ ក៏​បាន​រួម​គ្នា​ថ្កោលទោស​ការ​ឈ្លានពាន​របស់​ប្រទេស​វៀតណាម ចំពោះ​ទង្វើ​នេះ​ដែរ ខណៈ​រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី នៅតែ​បន្ត​រំឭក​ពី​ការ​ឈ្លានពាន​នេះ​នៅឡើយ​រហូត​ដល់​ពេលនេះ។

លោក​បញ្ជាក់​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ឱកាស​ល្អ​បំផុត​ដែល​រដ្ឋការ​ក្រុង​ហាណូយ សម្រេច​ផែនការ​រំលោភ​យក​ទឹកដី​របស់​កម្ពុជា ទាំង​ព្រំដែន​គោក និង​ព្រំដែន​ទឹក តាម​សន្ធិសញ្ញា​ខុស​ច្បាប់​នានា​ក្រោម​កិច្ចព្រមព្រៀង​យ៉ាង​អាថ៌កំបាំង​រវាង​មេដឹកនាំ​វៀតណាម និង​លោក ហ៊ុន សែន ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​កម្ពុជា​នៅ​ពេល​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក សឺន ង៉ុក មិញ ហៅ​អាចារ្យ មៀន កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១ ដែល​ជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហូ ជី មិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០។

នៅ​ឆ្នាំ​១៩៩១ បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏​ត្រូវ​បាន​គេ​ប្ដូរ​ឈ្មោះ​ទៅ​ជា គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ចាប់តាំងពី​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥ មក បន្ទាប់ពី​មេដឹកនាំ​មុនៗ​របស់​បក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ស្លាប់​ដោយ​អាថ៌កំបាំង​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស