29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) អះអាង​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ ២៧​ឆ្នាំ គឺជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ទាំងស្រុង ដែល​សាលក្រម​នេះ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ការ​វិភាគ​ទៅ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ឱ្យ​មាន​ទោស​ក្បត់​ជាតិ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ថា សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​លើ​សំណុំរឿង​របស់​លោក កឹម សុខា ត្រូវ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​របស់​លោក កឹម សុខា ចាប់តាំងពី​ថ្ងៃ​ប្រកាស​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក​ម្ល៉េះ។

ប្រភព​ដដែល​បន្ត​ថា ដែល​ប៉ះពាល់​នោះ​គឺ​ថា សាលក្រម​នេះ​បាន​សម្រេច​មិន​ឱ្យ​លោក កឹម សុខា ជួប​បុគ្គល​ណា​ទាំងអស់ បើ​គ្មាន​ការ​អនុញ្ញាត​ពី​តុលាការ សូម្បី​មេធាវី​របស់​គាត់​ដែល​ធ្លាប់​ការពារ​ក្តី​នៅ​សាលាដំបូង ដែល​ការ​សម្រេច​បែប​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ការពារ​ខ្លួន​ចំពោះ​មុខ​ច្បាប់ និង​នីតិវិធី​នានា ក៏ដូចជា​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​បាន​ចែង​ជា​បទបញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ ខណៈ​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​មិន​បាន​ចែង​បញ្ញត្តិ​ឲ្យ​មេធាវី​ត្រូវតែ​សុំ​ការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង មុន​នឹង​ជួប​កូន​ក្តី​របស់​ខ្លួន​នោះ​ទេ ជាពិសេស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា ចំណែក​ការ​សំអាង​ថា​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ ២៧​ឆ្នាំ គឺជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​នោះ គឺ​នៅ​ត្រង់​ថា អង្គ​ហេតុ​ដែល​សាលក្រម​នេះ​យក​មក​សំអាង​ធ្វើ​ជា​មូលដ្ឋាន​សម្រេច​ចិត្ត គឺជា​អង្គហេតុ​សន្និដ្ឋាន និង​មិន​សម​ហេតុផល​ប៉ុណ្ណោះ ព្រោះ​ថា​អង្គហេតុ​នេះ​គ្មាន​ភាព​ច្បាស់លាស់​អំពី​ពេលវេលា និង​ទីកន្លែង​កើតហេតុ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ដែល​មិន​អាច​បញ្ជាក់​អង្គហេតុ​បាន​ជាក់លាក់​បែប​នេះ គឺ​បង្ហាញ​ថា​សំណុំរឿង​ទាំងមូល​មាន​វិមតិសង្ស័យ មិន​ជ្រះស្រឡះ​ថា​លោក កឹម សុខា ពិត​ជា​បាន​ឃុបឃិត​ជាមួយ​បរទេស និង​រដ្ឋ​បរទេស​ឡើយ។

ក្រុម​អ្នក​តស៊ូ​មតិ​ខាងលើ​គូស​បញ្ជាក់​ថា ក្រោយ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ តុលាការ​បាន​ដកហូត​សេរីភាព​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​រូប​នេះ​ជា​បន្តបន្ទាប់ រហូត​លែង​ឱ្យ​គាត់​ជួប​បុគ្គល​ណា​ទាំងអស់ ទាំង​ដែល​មិន​មាន​បញ្ញត្តិ​ណា​មួយ​អនុញ្ញាត​ឲ្យ​សាលក្រម​សម្រេច​ដាក់​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​បែប​នេះ​ឡើយ ដែល​បង្ហាញ​ថា ការ​អនុវត្ត​បែប​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​ដែល​មាន​ចែង​ទាំងស្រុង។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ពី​បទ​ក្បត់​ជាតិ និង​សម្រេច​ដាក់​គុក​ក្នុង​ផ្ទះ ២៧​ឆ្នាំ កាលពី​ដើម​ឆ្នាំ​២០២៣ កន្លង​ទៅ ខណៈ​លោក កឹម សុខា ក៏​បាន​ប្តឹង​ជំទាស់​ទៅ​នឹង​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ផង​ដែរ។

កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ លោក ឃុន លាងម៉េង បាន​អះអាង​ថា សំណុំរឿង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ប៉ុន្តែ​លោក​បញ្ជាក់​ថា គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​លោក កឹម សុខា នឹង​មាន​មេធាវី​ការពារ​ក្ដី​ឬ​ក៏​អត់​នោះ​ទេ។

ទាក់ទង​នឹង​សំណុំរឿង​នេះ អតីត​សហ​មេធាវី​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី អះអាង​ថា សហ​មេធាវី​ពុំ​អាច​ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​កូន​ក្ដី​របស់​ខ្លួន​បាន​ទេ ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​លោក​រួច​មក ដោយសារតែ​សាលក្រម​តុលាការ​បាន​ហាមប្រាម​មិន​ឲ្យ​លោក កឹម សុខា ជួប​អ្នក​ណា​ទាំងអស់ ក្រៅពី​ក្រុម​គ្រួសារ​របស់​លោក។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ចំនួន ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ក្រោម​បទ​ចោទ​ក្បត់​ជាតិ តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ទាំងអស់។

ក្រោយ​ពី​ការ​សម្រេច​នេះ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍ ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​បាន​បញ្ជូន​ពាក្យ​បណ្តឹង​ជំទាស់​របស់​លោក កឹម សុខា ឡើង​ទៅ​សាលា​ឧទ្ធរណ៍​រួចរាល់​ហើយ ក្រោយ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​នេះ​អស់​រយៈពេល​ជាង ២​សប្តាហ៍។

ទាក់ទិន​នឹង​សំណុំរឿង​លោក កឹម សុខា នេះ មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ធ្លាប់​លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារតែ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក ស្រឡាញ់​លោក កឹម សុខា ពេក។

ជុំវិញ​បញ្ហា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍​ពី​លោក កឹម សុខា ដោយ​ហាម​ការ​ឈរឈ្មោះ ឬ​ចូលរួម​បោះឆ្នោត ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​មាត្រា​៤៥០ នៃ​ក្រមព្រហ្មទណ្ឌ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស