29 C
Phnom Penh

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ក្បត់​ជាតិ​ពី​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់​ពី​បទ «ក្បត់​ជាតិ» លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា រួម​នឹង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ។

ក្រុម​នេះ​អះអាង​ថា ការ​ផ្ដន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដោយ​មិន​បាន​គោរព​សិទ្ធិមនុស្ស និង​ដើរ​ផ្ទុយ​ពី​នីតិរដ្ឋ។

មុន​សវនាការ​របស់​លោក កឹម សុខា មួយ​ថ្ងៃ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​តុលាការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ រួម​ទាំង​ត្រូវ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់។ Amnesty International ក៏​តម្រូវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព ការពារ និង​លើក​កម្ពស់​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ពេញលេញ ក្នុង​នោះ​រួម​មាន សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ត្រូវ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ។

ចំណែក​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) លោក Phil Robertson កន្លង​មក​បាន​សរសេរ​សារ​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម Twitter ថា លោក កឹម សុខា គួរ​រួច​ទោស ព្រោះ​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​រឿង​នយោបាយ។

រីឯ​ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក ហុង លីម ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​២៩ មករា នេះ ដោយ​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ឈរ​លើ​គោលការណ៍​ឯករាជ្យ និង​វិជ្ជាជីវៈ ជុំវិញ​ដំណើរការ​សវនាការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ហុង លីម អះអាង​ថា មាត្រា​១២៨ និង​មាត្រា​១២៩ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា បាន​ផ្ដល់​អំណាច​ដល់​តុលាការ​ដែល​ជា​អំណាច​ឯករាជ្យ និង​តម្រូវ​ឱ្យ​តុលាការ​ធានា​រក្សា​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ព្រមទាំង​ជម្រះ​ក្តី និង​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន។

ប្រធាន​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ត្រូវតែ​មាន​សិទ្ធិ​ទទួល​បាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ និង​គួរតែ​អាច​រស់នៅ​ក្នុង​សង្គម​មួយ​ប្រកប​ដោយ​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​លោក កឹម សុខា បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទៅវិញ និង​បាន​កាត់ទោស​លោក​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ចំនួន ២៧​ឆ្នាំ​ថែម​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​សាលា​ឧទ្ធរណ៍ អនុវត្ត​នីតិវិធី​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ឡើងវិញ ក្រោយ​គេ​រក​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​មួយ​នេះ​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ។

កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២៤ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ លោក ឃុន លាងម៉េង បាន​អះអាង​ថា សំណុំរឿង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រូវ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ប៉ុន្តែ​លោក​បញ្ជាក់​ថា គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​លោក កឹម សុខា នឹង​មាន​មេធាវី​ការពារ​ក្ដី​ឬ​ក៏​អត់​នោះ​ទេ។

ទាក់ទង​នឹង​សំណុំរឿង​នេះ អតីត​សហ​មេធាវី​របស់​លោក កឹម សុខា គឺ​អ្នកស្រី ម៉េង សុភារី អះអាង​ថា សហ​មេធាវី​ពុំ​អាច​ជួប​ពិភាក្សា​ជាមួយ​លោក កឹម សុខា ដែល​ជា​កូនក្ដី​របស់​ខ្លួន​បាន​ទេ​ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​លោក​រួច​មក ដោយសារតែ​សាលក្រម​តុលាការ​បាន​ហាមប្រាម​មិន​ឲ្យ​លោក កឹម សុខា ជួប​អ្នក​ណា​ទាំងអស់ ក្រៅពី​ក្រុម​គ្រួសារ​របស់​លោក។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ចំនួន ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ ក្រោម​បទ​ចោទ​ក្បត់​ជាតិ​តាម​មាត្រា​៤៣៩ និង​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ទាំងអស់។

ក្រោយ​ការ​សម្រេច​នេះ នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ អះអាង​ថា ខ្លួន​បាន​បញ្ជូន​ពាក្យ​បណ្តឹង​ជំទាស់​របស់​លោក កឹម សុខា ឡើង​ទៅ​សាលា​ឧទ្ធរណ៍​រួចរាល់​ហើយ ក្រោយ​ពិនិត្យ​លើ​ពាក្យ​បណ្តឹង​នេះ​អស់​រយៈពេល​ជាង ២​សប្តាហ៍។

ទាក់ទិន​នឹង​សំណុំរឿង​លោក កឹម សុខា មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន ធ្លាប់​លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារតែ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក ស្រឡាញ់​លោក កឹម សុខា ពេក។

លោក ហ៊ុន សែន ព្រមាន​ថា បរទេស​ទាំងនោះ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​លោក​រហូត ព្រោះ​ថា​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ស្រាប់តែ​បរទេស​ទាំងនោះ​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក កឹម សុខា និង​នាំ​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​ស្ថានទូត​របស់​ពួកគេ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស