39 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​ពី​សំណាក់​លោក ហ៊ុន សែន កន្លង​មក​ជា​វប្បធម៌​អាក្រក់​ដែល​ត្រូវ​បំបាត់​ចោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​រមណីយដ្ឋាន គម្រប​ព្រៃឈើ និង​តំបន់​អភិរក្ស​នានា​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​វប្បធម៌​អាក្រក់​ដែល​ត្រូវតែ​លុប​បំបាត់​ចោល។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា ថា ការ​សម្រេច​កាត់​ឆ្វៀល​ដី​តាម​តំបន់​នានា នាយករដ្ឋមន្ត្រី​ពឹង​តែ​ទៅ​លើ​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ ខណៈ​របាយការណ៍​ទាំងនោះ​ទំនង​ជា​មិន​បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នោះ​ទេ ទើប​បាន​ជា​រាល់​ពេល​ដែល​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ម្តងៗ បើ​មិន​មាន​ការ​រំលោភ​ដីធ្លី ក៏​មាន​ការ​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នោះ​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ការ​បោះបង់​ពលរដ្ឋ ឬ​ធនធាន​ធម្មជាតិ​ចោល​ជុំវិញ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​នា​ពេល​កន្លង​មក បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​ផង ប្រឈម​នឹង​ការ​ចោទប្រកាន់ និង​ការ​ចាប់​ឃុំ​ខ្លួន​ផង ប្រឈម​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ផង ហើយ​ក៏​ប្រឈម​នឹង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ផង​ដែរ។

លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​ក្នុង​ការ​អនុវត្ត​វិធានការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទៅ​ថ្ងៃ​មុខ ដើម្បី​បញ្ចៀស​នូវ​ការ​រិះគន់​លើ​រដ្ឋាភិបាល ដែល​ថា​ការ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​គ្រាន់តែ​ជា​ការ​ពុះ​ចែក​ដី​រដ្ឋ​ឱ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន ហើយ​ក៏​ដើម្បី​បញ្ចប់​នូវ​ផល​ប៉ះពាល់​លើ​ពលរដ្ឋ និង​ធនធាន​ធម្មជាតិ ព្រមទាំង​ដើម្បី​ធានា​តម្លាភាព​លើ​បញ្ហា​នេះ​ផង​ដែរ។

មុន​នឹង​ចុះចេញ​ពី​តំណែង លោក ហ៊ុន សែន ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់​ដែល​មាន​ទំហំ​ដល់​ទៅ​រាប់​ពាន់​ហិកតារ។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ ដែល​សល់​ពេល​ត្រឹមតែ ៤​ថ្ងៃ​មុន​នឹង​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ខេត្ត​កណ្តាល និង​ដី​រដ្ឋ​ក្នុង​ខេត្ត​តាកែវ ឱ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ដែល​មាន​ទំហំ​ដី​សរុប​ជាង ៤​ពាន់​ហិកតារ (៤៣៥៦​ហិកតារ ៤៨​អា និង ៣២​សង់ទីអា)។

លោក ហ៊ុន សែន បាន​បែងចែក​ដី​ដែល​មាន​ទំហំ​ជាង ៤​ពាន់​ហិកតារ​នេះ​ឱ្យ​ទៅ​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និង​ក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្គ្រីន ស៊ីធី អ៊ិនវេសម៉ិន ឯ.ក (KT China Asia Green City Investment Co.,Ltd) ក្នុង​នោះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ទទួល​បាន​ដី​ទំហំ​ជិត ៦០០​ហិកតារ (៥៩៩​ហិកតារ ៥៧​អា ៦០​សង់ទីអា) ដែល​មាន ៣​ទីតាំង គឺ​ផ្ទៃដី​ទំហំ​ជាង ៣០០​ហិកតារ (៣៥៩​ហិកតារ ២៣​អា ២៥​សង់ទីអា) ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ។ ចំណែក​ផ្ទៃដី​ទំហំ​ជាង ២០០​ហិកតារ (២៣០​ហិកតារ ៣៣​អា ៦៧​សង់ទីអា) ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​ផ្ទៃដី​ទំហំ​ជាង ១០​ហិកតារ​ទៀត (១០​ហិកតារ ៦៨​សង់ទីអា) ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដូច​គ្នា។

ដោយឡែក​ក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្គ្រីន ស៊ីធី អ៊ិនវេសមិន ឯ.ក (KT China Asia Green City Investment Co.,Ltd) ទទួល​បាន​ផ្ទៃដី​ទំហំ​ជិត ៤​ពាន់​ហិកតារ (៣៧៥៦​ហិកតារ ៩០​អា និង ៧២​សង់ទីអា) ក្នុង​ទីតាំង​ចំនួន​៤ គឺ​អាង​ទឹក​ក្របី​កូន អាងទឹក​ម្លេច អាងទឹក​បឹងធំ និង​អាងទឹក​ស្រះ៨ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កោះធំ ស្រុក​លើកដែក និង​ក្រុង​សំពៅពូន ខេត្ត​កណ្ដាល។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា អនុក្រឹត្យ​ជាច្រើន​បាន​កាត់​ឆ្វៀល​ដី​រដ្ឋ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មុន​នឹង​លោក ហ៊ុន សែន ចេញពី​តំណែង ដូចជា៖

  • អនុក្រឹត្យ​ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ខេត្ត​ព្រះសីហនុ ជាង ២០​ហិកតារ ផ្តល់​ជា​កម្មសិទ្ធិ​ឱ្យ​អ្នកស្រី ហ៊ុន គឹមឡេង ដែល​ជា​ភរិយា​លោក នេត សាវឿន។
  • អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ១៦០​ហិកតារ ចំនួន ២​លើក ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​របស់​ឧកញ៉ា រតនៈ សម្បត្តិ នាយក​ក្រុមហ៊ុន​ឯកជន Kong Pong Devaresort ក្រុមហ៊ុន The Rich Resort។
  • អនុក្រឹត្យ​ចុះ​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៣ កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ក្រុង​បូកគោ ខេត្ត​កំពត ជិត ១០០​ហិកតារ ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ និង​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ជាច្រើន​ទៀត​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ដើម្បី​ត្រៀម​ធ្វើ​អនុប្បយោគ និង​បែងចែក​ជា​កម្មសិទ្ធិ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ ខណៈ​ខេត្ត​ដែល​មិន​ជាប់​ក្នុង​អនុក្រឹត្យ​នេះ ក៏​ត្រូវ​រង​នូវ​ការ​បែងចែក​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​កាន់កាប់​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ជាង ៤០% នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ ប៉ុន្តែ​ភាគច្រើន​នៃ​តំបន់​ទាំងនេះ ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ ព្រោះ​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់​រហូត​មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស