30 C
Phnom Penh

មេធាវី​បក្ស​កាន់​អំណាច​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ស៊ឹង សែនករុណា ទារ​សំណង​ជំងឺចិត្ត​២​ពាន់​លាន​រៀល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ ដោយ​ស្នើសុំ​ឱ្យ​ធ្វើ​ការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​សំណង​ជំងឺចិត្ត​ជូន​គណបក្ស ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល)។

ក្នុង​ពាក្យបណ្ដឹង​របស់​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ការ​ថ្លែង​របស់​លោក ស៊ឹង សែនករុណា ស្តែង​ចេញ​នូវ​ចេតនា​បំភ្លៃ​ផ្ទុយ​ពី​ការពិត​ថា គណបក្ស​ប្រជាជន​កម្ពុជា «ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ និង​តែងតែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាបសង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន» ព្រមទាំង​ប្រើប្រាស់ «វប្បធម៌​គំរាមកំហែង​ដៃគូ​នយោបាយ​របស់​ខ្លួន»។

ប្រភព​ដដែល​លើកឡើង​ថា ពាក្យពេចន៍​អះអាង​បំផ្លើស​ទាំងនេះ​ជា​អំពើ​ទុច្ចរិត ក្នុង​ចេតនា​ទម្លាក់​កំហុស​ដោយ​អសុទ្ធចិត្ត និង​មួលបង្កាច់​នាំ​ឱ្យ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជាង​នេះ​ទៀត ការ​ប្រព្រឹត្ត​របស់​បុគ្គល​រូប​នេះ​ជា​អំពើ​បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់​រើសអើង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក គឺ​ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ចេតនា​ណា​មួយ​វាយប្រហារ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា រាល់​ការ​សម្រង់​សម្ដី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​ដើម្បី​វាយប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ វា​មិនមែន​ជា​ចេតនា និង​គោលបំណង​របស់​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ទទួលស្គាល់​នូវ​សម្ដី​ទាំងនោះ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា ប្រសិនបើ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ផ្តល់​ឱកាស​ឱ្យ​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ធ្វើការ​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​គាត់ នោះ​ស្ថានភាព​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ព្រមាន​ប្តឹងផ្តល់​គ្នា ហើយ​ការ​រង់ចាំ​ការ​បកស្រាយ​របស់​គាត់ ក៏​មិន​យឺត​ពេល​ដែរ ដើម្បី​ចៀសវាង​នូវ​ការ​សម្រេច​ចិត្ត​ខុស។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ សំណូមពរ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ​ចំពោះ​ការ​ព្រមាន​ប្តឹងផ្តល់​នេះ ព្រោះ​ថា ជួនកាល ការ​ប្តឹងផ្តល់​ខ្លះ​បែរ​នាំ​ឱ្យ​ប៉ះពាល់​ដល់​គុណធម៌​ក្នុង​នាម​ជា​មេដឹកនាំ​របស់​គាត់​ទៅវិញ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ក៏​ត្រូវ​បាន​អនុវត្ត​ជា​ចម្បង​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដែរ​នោះ។

កាលពី​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​នឹង​ស្នើ​ឱ្យ​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សិក្សា​ពី​ផ្លូវច្បាប់ ដើម្បី​ប្តឹង​លោក ស៊ឹង សែនករុណា ជុំវិញ​ការ​បកស្រាយ​របស់​លោក​ទាក់ទិន​នឹង​បណ្តឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ។

លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ផ្តល់​ឱកាស​សម្រាប់​មនុស្ស​ណា​ក៏ដោយ​ដែល​ប្រមាថ​មើលងាយ​គណបក្ស​នេះ​តទៅទៀត​ទេ។ លោក​បន្ថែម​ថា ក្នុង​នាម​លោក​ជា​មេដឹកនាំ​គណបក្ស ត្រូវតែ​រក​យុត្តិធម៌​សម្រាប់​គណបក្ស​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ជា​កំហិត។

ការ​ព្រមាន​ប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បកស្រាយ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ «បរិហារ​កេរ្តិ៍» ដែល​តុលាការ​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គណបក្ស​កាន់​អំណាច ១​លាន​ដុល្លារ​អាមេរិក ក្រោយ​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្តី​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លង​ទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ​ដែរ អតីត​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ជីវិត​សកម្មជន​តែ​ប៉ុណ្ណឹង បើ​ស្ងាត់​ពេក​គេ​ថា​ខ្លាច បើ​និយាយ​ច្រើន​ពេក​ទោះបី​ប្រកាន់​ជំហរ​កណ្តាល​យ៉ាងណា គង់​នឹង​ប៉ះពាល់​គេ គេ​មិន​សប្បាយ​ចិត្ត និង​អាច​ប្រឈម​ការ​គំរាមកំហែង​ច្រើន​រូបភាព ទាំង​ផ្លូវច្បាប់ តុលាការ និង​តាម​ផ្លូវ​ដទៃ​ទៀត។

ប្រភព​ដដែល​បាន​សរសេរ​ថា សកម្មជន​អ្នក​ការពារ​សិទ្ធិមនុស្ស​តួយ៉ាង​ដូចជា​លោក ស៊ឹង សែនករុណា តែងតែ​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ និង​បំពេញ​បេសកកម្ម​ការងារ​របស់​ខ្លួន​ដោយ​ឥត​រួញរា និង​ស្ទើរ​គ្រប់​ពេល ចំណាយ​ពេលវេលា​នៅ​មូលដ្ឋាន សង្កេតការណ៍​គ្រប់​ករណី និង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សហគមន៍​នានា។

អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ឈរ​លើ​មូលដ្ឋាន​យុត្តិធម៌​លើ​ករណី​លោក ស៊ឹង សែនករុណា និង​អំពាវនាវ​ឱ្យ​មាន​ការ​យោគយល់ ធានា និង​ការពារ​ដល់​ការ​បំពេញ​តួនាទី​របស់​តួអង្គ​សង្គម​ស៊ីវិល​ដែល​មាន​ទស្សនវិស័យ​ចូលរួម​ធានា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន ដែល​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស