31 C
Phnom Penh

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សុំ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈប់​ប្តឹង​សមាជិក​អង្គការ​អាដហុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក អំពាវនាវ​ដល់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​ដក​ពាក្យ​បណ្ដឹង​ពី​លោក ស៊ឹង សែនករុណា អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ពី​សមាគម សហជីព យុវជន សរុប​ចំនួន ១០ បាន​ឲ្យ​ដឹង​ថា ពួកគេ​សូម​ស្នើសុំ​ដើមបណ្ដឹង​ពិចារណា​ដក​ពាក្យ​បណ្តឹង​ពី​លោក ស៊ឹង សែនករុណា អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​កំពុង​រង​បណ្តឹង​ពី​បទ «បង្ក​ចលាចល ញុះញង់​បង្កើត​ឱ្យ​មាន​ការ​ស្អប់ រើសអើង​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា» ទាក់ទង​នឹង​បទសម្ភាសន៍​មួយ​ជាមួយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្នុង​អត្ថបទ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុងក្រោយ​របស់​លោក​ជាង ១​លាន​ដុល្លារ ដើម្បី​សង​ជំងឺចិត្ត​បក្ស​កាន់​អំណាច»

ប្រភព​ដដែល​បាន​លើកឡើង​ថា ពួកគេ​បាន​មើល​ឃើញ​ថា ក្នុង​បទសម្ភាសន៍​នោះ លោក ស៊ឹង សែនករុណា មិន​មាន​ចេតនា​ទុច្ចរិត​ណា​មួយ​បង្កាច់​បង្អួច​កេរ្តិ៍ឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ឡើយ ព្រោះ​លោក ស៊ឹង សែនករុណា បាន​បដិសេធ​លើ​ការ​បន្ថែម​បន្ថយ​សម្រង់​សម្ដី​ដើម​របស់​លោក​ដែល​មាន​បញ្ជាក់​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​លើកឡើង​ថា នៅ​ក្នុង​បេសកកម្ម​លើក​កម្ពស់​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ក្នុង​មុខនាទី​ជា​អនុប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ពួកគេ​យល់​ឃើញ​ថា លោក ស៊ឹង សែនករុណា បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ លោក ស៊ឹង សែនករុណា បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​ការ​ចែករំលែក​ចំណេះដឹង និង​ទស្សនៈ​ទៅ​កាន់​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ប្រកប​ដោយ​អព្យាក្រឹតភាព និង​វិជ្ជាជីវៈ។ ការ​ចែករំលែក​ទាំងនោះ គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ត្រិះរិះ​ពិចារណា។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​ប្តឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ឱ្យ​ធ្វើការ​ពិនិត្យ​សម្រេច ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​សំណង​ជំងឺចិត្ត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល)។

ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បកស្រាយ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ «បរិហារ​កេរ្តិ៍» ដែល​តុលាការ​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គណបក្ស​កាន់​អំណាច ១​លាន​ដុល្លារ​អាមេរិក ក្រោយ​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្តី​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លង​ទៅ​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បេសកកម្ម សកម្មភាព និង​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក គឺ​ក្នុង​បំណង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស ការ​គោរព​ច្បាប់ យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ ដោយ​មិន​បម្រើ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ចេតនា​ណា​មួយ​វាយប្រហារ​បក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា រាល់​ការ​សម្រង់​សម្ដី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​ដើម្បី​វាយប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ វា​មិនមែន​ជា​ចេតនា និង​គោលបំណង​របស់​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ទទួលស្គាល់​នូវ​សម្ដី​ទាំងនោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ទោះ​បណ្តឹង​នេះ​ឈាន​ដល់​ការ​ចោទប្រកាន់​រហូត​លោក ហ៊ុន សែន ឈ្នះ​ក្តី​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅតែ​មើល​ឃើញ​ជា​ភាព​អយុត្តិធម៌​ដែរ ព្រោះ​ថា​អ្នក​ប្តឹង​គឺ​លោក ហ៊ុន សែន ចំណែក​អ្នក​ដែល​ទទួល​បណ្តឹង​យក​ទៅ​កាត់​សេចក្តី គឺជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន ដូច្នេះ​តើ​សមាជិក​បក្ស​កាន់​អំណាច​ទាំងនោះ​នឹង​កាត់​សេចក្តី​ឱ្យ​លោក ហ៊ុន សែន ចាញ់​ក្តី​កើត​ទេ? ចម្លើយ​គឺ​ថា មិន​អាច​ទេ។

ប្រភព​ដដែល​បន្ថែម​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គ្រាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លាច​គាត់​ប៉ុណ្ណោះ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ខ្លាច​របស់​ពលរដ្ឋ​រហូត​ដល់​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ ពួកគេ​ក៏​ស្អប់​គាត់​កាន់តែ​ខ្លាំង​ដែរ។ ផ្ទុយទៅវិញ អ្នក​ដែល​គាត់​បាន​បង្ក្រាប និង​សុខចិត្ត​ចុះចូល​កន្លង​មក​នោះ គ្រាន់តែ​ជា​រូបភាព​ដែល​ពួកគេ​ធ្វើ​ឱ្យ​គាត់​មើល​ប៉ុណ្ណោះ។

លោក ម៉ែន ណាត បន្ថែម​ថា ទង្វើ​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​កំពុង​ប្រើ​អំណាច​រំលោភ​ច្បាប់​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ក្នុង​រដ្ឋធម្មនុញ្ញ​ជំពូក​៣ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ ចាប់ពី​មាត្រា​៣១ ដល់​មាត្រា​៥០ បាន​ចែង​យ៉ាង​ច្រើន​ពី​សិទ្ធិ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ប្រើ​អំណាច​រំលោភ​លើ​ជំពូក​នេះ ដើម្បី​តែ​បំពេញ​បំណង​របស់​ខ្លួន​ទៅវិញ ហើយ​ការ​រំលោភ​ច្បាប់​នេះ មិនមែន​ត្រឹមតែ​រំលោភ​តែ​បុគ្គល​ផ្ទាល់ខ្លួន​គាត់​ទេ ថែម​ទាំង​គំរាម​ឱ្យ​ស្ថាប័ន​តុលាការ​រំលោភ​ច្បាប់​តាម​ការ​ចង់បាន​របស់​គាត់​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស