39 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ​ចែក​គ្នា​ដូច​នាយករដ្ឋមន្ត្រី​ចាស់​ជា​ឪពុក​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជិត ១០០​ថ្ងៃ (៨៧​ថ្ងៃ) បន្ត​ពី​ឪពុក លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​លើកដំបូង​ក្នុង​ខេត្ត​ព្រះសីហនុ ជាង ៣០​ហិកតា (៣១​ហិកតា ២​អា ៥៣​សង់ទីអា) ឱ្យ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡូ សុគន្ធ។

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​បែកធ្លាយ​នៅ​ពេលនេះ បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជាង ៣០​ហិកតា ប្រគល់​ឱ្យ​ឈ្មោះ ឡូ សុគន្ធ កាន់កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ដែល​ធ្លាប់តែ​កាត់​ឆ្វៀល​ដី​រដ្ឋ​កន្លង​មក​ដែរ​នោះ។

លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំអាល់ ប៉ុន្តែ​អនុក្រឹត្យ​នេះ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ សម្រេច​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ឱ្យ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នេះ​នៅឡើយ​ទេ។

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទាំងអស់ ត្រូវ​អនុវត្ត​នូវ​អនុក្រឹត្យ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។ ជាង​នេះ​ទៀត រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួង​ពាក់ព័ន្ធ​នានា ក៏​ត្រូវតែ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​អនុក្រឹត្យ​នេះ​ជា​កំហិត​ដែរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ កុម្ភៈ នេះ​ថា ការ​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ដែន​គម្រប​ព្រៃឈើ​ដែល​ត្រូវ​អភិរក្ស​ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឯកជន​នេះ គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តាមរយៈ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ឆ្នាំ​២០២៣ មក។

លោក អ៊ុំ សំអាន បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ មិន​ខុសពី​លោក ហ៊ុន សែន ឪពុក​របស់​គាត់​នោះ​ទេ ខណៈ​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត ដូចជា រ៉ែ ប្រេង និង​ឧស្ម័ន ជាដើម ក៏​ត្រូវ​លោក ហ៊ុន ម៉ាណែត បំផ្លាញ​ជា​បន្តបន្ទាប់​ដែរ។ ជាក់ស្តែង​ដូច​ករណី​យក​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​របស់​ខ្មែរ​ទៅ​សហការ​រកស៊ី​ជាមួយ​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

ការ​ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យ​បុគ្គល​ឯកជន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត គឺជា​របៀប​ដឹកនាំ​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ ព្រោះ​ថា​ដែនដី​អភិរក្ស​មួយ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ឆ្វៀល​ឱ្យ​សែស្រឡាយ សាច់ញាតិ​របស់​គាត់​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជាង ៧០​ហិកតា (៧១​ហិកតា ១០​អា និង ៣៨​សង់ទីអា) ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា រតនៈ សម្បត្តិ ដែល​គេ​ស្គាល់​ថា​ជា​នាយក​ក្រុមហ៊ុន​ឯកជន Kong Pong Devaresort ក្រុមហ៊ុន The Rich Resort ក្រុមហ៊ុន ក្រោន អីស្ទេត ខូអិលធីឌី ហើយ​ក៏​ជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លប់​ជ្រៃ​ប៉ោកី ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ។

ជាង​នេះ​ទៀត កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ កន្លង​ទៅ ឧកញ៉ា រតនៈ សម្បត្តិ ក៏​ធ្លាប់​ទទួល​បាន​ដី​ទំហំ​ជាង ៩០​ហិកតា (៩៤​ហិកតា ៨៧​អា និង ៨៥​សង់ទីអា) ពី​ដែន​គម្រប​ព្រៃឈើ​ផង​ដែរ។

លើស​ពី​នេះ តំបន់​អភិរក្ស​នេះ​ក៏​ត្រូវ​បាន​កាត់​ឆ្វៀល​ជាង ១០​ហិកតា ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ពង់ ឃាវសែ កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ ថែម​ទៀត ខណៈ​ឧកញ៉ា សេង ញ៉ក និង​ជំទាវ លី អាផណ ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​ឧកញ៉ា លី យ៉ុងផាត់ ក៏​ទទួល​បាន​ដី​ពី​តំបន់​នេះ​ទំហំ ៦០០​ហិកតា​ដែរ​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២០ កន្លង​ទៅ។

ចំណែក​កូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន ពីរ​នាក់ គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ក៏​ទទួល​បាន​ដី​ក្នុង​ដែន​គម្រប​ព្រៃឈើ​នេះ​ជាង ៤០​ហិកតា​ដែរ។ ទន្ទឹម​នេះ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ថ្មី​លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ដី​ក្នុង​តំបន់​នេះ​ធ្វើ​កម្មសិទ្ធិ​ជាង ១​ម៉ឺន​ម៉ែត្រ​ក្រឡា (១​ហិកតា ២១​អា ៦១​សង់ទីអា) ថែម​ទៀត​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ។

ដោយឡែក​ដន្លង​ពីរ​នាក់​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ថេង អាយអាន្នី ភរិយា​លោក សុខ អាន និង​ត្រូវ​ជា​ម្តាយក្មេក​របស់​អ្នកស្រី ហ៊ុន ម៉ាលី និង​អ្នកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ ភរិយា​លោក ពេជ្រ សោភ័ណ្ឌ ដែល​ត្រូវ​ជា​ម្តាយក្មេក​របស់​លោក ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​ក្នុង​តំបន់​អភិរក្ស​នេះ​ទំហំ ៦​ហិកតា ០៦​អា និង ១១​សង់ទីអា​ដែរ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ ដោយ​ក្នុង​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា អ្នកស្រី​ទាំង​ពីរ​គឺជា​ប្រជាពលរដ្ឋ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​តុក្កតា​ដែល​ឡើង​កាន់​អំណាច​តាម​ជើងខោ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដូច្នេះ​មាន​ន័យ​ថា ទោះបី​កម្ពុជា​បាន​ប្តូរ​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​ក៏ដោយ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ដែល​បន្ត​ពូជ​ពី​ឪពុក​ទៅ​កូន​នេះ នៅតែ​ដឹកនាំ​តាម​អំណាច​ផ្ដាច់ការ​ដដែល ខណៈ​ប្រជាពលរដ្ឋ​ដែល​រង់ចាំ​ការ​ផ្លាស់ប្ដូរ ក៏​នៅតែ​រស់​ក្នុង​ក្តី​វេទនា​មិន​ខុសពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស