40.8 C
Phnom Penh

អង្គការ​អន្តរជាតិ​ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ច្រានចោល​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អ្នក​នាំពាក្យ​អាដហុក​លោក ស៊ឹង សែនករុណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​អាស៊ី​សម្រាប់​ការ​អភិវឌ្ឍ​សិទ្ធិមនុស្ស (FORUM-ASIA) និង​សម្ព័ន្ធ​ពិភពលោក​សម្រាប់​ការ​ចូលរួម​របស់​ពលរដ្ឋ (CIVICUS) ស្នើ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ច្រានចោល​បណ្តឹង​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​អ្នក​នាំពាក្យ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ដែល​ប្តឹង​ដោយ​ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ជា​បណ្តឹង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស FORUM-ASIA និង CIVICUS ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន ឲ្យ​ដឹង​ថា ក្រុម​នេះ​បាន​ទាមទារ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល​បណ្ដឹង​បរិហារ​កេរ្តិ៍​លើ​លោក ស៊ឹង សែនករុណា ជាបន្ទាន់។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ថា ប្រជាជន​របស់​ខ្លួន​អាច​បញ្ចេញមតិ​នយោបាយ​ដោយ​សុវត្ថិភាព ដោយ​សេរី និង​ដោយ​មិន​ខ្លាច​ការ​សងសឹក។

សេចក្តី​ថ្លែងការណ៍​ដដែល​អះអាង​ថា បណ្ដឹង​ប្រឆាំង​លោក ស៊ឹង សែនករុណា គឺ​គ្រាន់តែ​ស្ថិត​ក្នុង​ចំណោម​ករណី​ជាច្រើន​ដែល​បញ្ជាក់​ឡើងវិញ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដុនដាប​យ៉ាង​ខ្លាំង​របស់​កម្ពុជា។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សំណុំរឿង​របស់​លោក ស៊ឹង សែនករុណា កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​តុលាការ ដូច្នេះ​ការ​បញ្ចេញមតិ​របស់​អង្គការ​មួយ​ចំនួន គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ តែ​មិន​មាន​ឥទ្ធិពល ឬ​ប្រសិទ្ធភាព​អី​ទៅ​លើ​ដំណើរការ​នីតិវិធី​ការងារ​របស់​តុលាការ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា កន្លង​មក​មាន​សមាគម អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋាន​ជាង ៥០ និង​អង្គការ​អន្តរជាតិ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​សំណូមពរ និង​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ពិនិត្យ​ពិចារណា​ដើម្បី​កុំ​ចោទប្រកាន់​ទៅ​លើ​លោក ករុណា ដែល​ជា​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​យ៉ាង​សកម្ម​នៃ​សមាគម​អាដហុក ប៉ុន្តែ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

លោក​អះអាង​ថា កន្លង​មក លោក ករុណា បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស ការ​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ ព្រៃឈើ និង​ដីធ្លី តាមរយៈ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់។

ប្រភព​ដដែល​បាន​លើកឡើង​ថា លោក ករុណា ក៏​តែងតែ​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​មតិយោបល់​តាមរយៈ​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពី​ច្បាប់ និង​សិទ្ធិមនុស្ស​និង​បញ្ហា​ដែល​បាន​កើតឡើង។ លោក​និយាយ​ថា លោក ករុណា គួរ​មាន​ឱកាស និង​លើក​ទឹកចិត្ត​ក្នុង​ការ​បន្ត​ការងារ​របស់​លោក ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​បន្ត​ទៅ​ទៀត។

លោក អំ សំអាត បាន​បន្ថែម​ទៀត​ថា ករណី​លោក ករុណា គួរតែ​ទទួល​បាន​ការ​យោគយល់ និង​ការ​អនុគ្រោះ ហើយ​ករណី​របស់​លោក ករុណា គឺជា​បទពិសោធន៍​មួយ​ដែល​ធ្វើ​ឱ្យ​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​មាន​ការ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​មើល​ឡើងវិញ​ក្នុង​ការ​បញ្ចេញមតិ​យោបល់​របស់​ខ្លួន។ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​កែលំអ និង​ស្ថាបនា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស ត្រូវ​បាន​លើក​ទឹកចិត្ត។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សុំ​ឱ្យ​ធ្វើការ​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ជា​ធរមាន និង​ទាមទារ​ឱ្យ​សង​សំណង​ជំងឺចិត្ត​ជូន​គណបក្ស ២​ពាន់​លាន​រៀល (២ ០០០ ០០០ ០០០​រៀល)។

ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បកស្រាយ​ជុំវិញ​ការ​ប្តឹងផ្តល់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ពី​បទ «បរិហារ​កេរ្តិ៍» ដែល​តុលាការ​តម្រូវ​ឱ្យ​សង​ជំងឺចិត្ត​ដល់​គណបក្ស​កាន់​អំណាច ១​លាន​ដុល្លារ​អាមេរិក ក្រោយ​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្តី​បក្ស​កាន់​អំណាច​កាលពី​ពេល​កន្លង​ទៅ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស