42 C
Phnom Penh

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ថា​កោះ​អាចម៍សេះ​ជា​របស់​កម្ពុជា ហើយ​ខ្លួន​នឹង​ធ្វើ​កិច្ចការ​បន្ត​ជាមួយ​ក្រុមហ៊ុន Google

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័ន​កិច្ចការ​ព្រំដែន​របស់​កម្ពុជា អះអាង​ថា កោះ​អាចម៍សេះ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប ជា​របស់​ខ្មែរ ហើយ​ខ្លួន​នឹង​ធ្វើ​កិច្ចការ​បន្ត​ជាមួយ​ក្រុមហ៊ុន Google ចំពោះ​ករណី​នេះ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​របស់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៦ ខែ​កុម្ភៈ នេះ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) គណនី​ឈ្មោះ «អ៊ុក សីលា/Seila» ដែល​បាន​សរសេរ និង​បង្ហោះ​ខ្លឹមសារ​ថា «កោះ​អាចម៍សេះ​របស់​ខ្មែរ ហេតុ​អ្វី​បាន​ជា Google ដាក់​ថា​កោះ​របស់​វៀតណាម ទៅ​វិញ។ ការ​សរសេរ​នេះ​ក៏​មាន​ការ​ភ្ជាប់​រូបភាព​ថត​ចេញពី Google Map និង​រូបថត​ប៉ុស្តិ៍​កោះ​អាចម៍សេះ។

ទោះជា​យ៉ាងណាក៏ដោយ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន អះអាង​ថា កោះ​អាចម៍សេះ គឺជា​កោះ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក «ប៉ុស្តិ៍​កោះ​អាចម៍សេះ» ឈរជើង​យាម​នៅ​ទីនោះ និង​មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ទស្សនា​កម្សាន្ត​ជា​ប្រចាំ។

សេចក្តី​បំភ្លឺ​ខាងលើ​អះអាង​ថា ផែនទី Google Map មិនមែន​ជា​ផែនទី​ផ្លូវការ​ដែល​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​រដ្ឋ និង​រដ្ឋ​ឡើយ ហើយ​ផែនទី​នេះ​បង្កើត​ឡើង​សម្រាប់​តែ​គោលដៅ​ពាណិជ្ជកម្ម​របស់​ខ្លួន​តែប៉ុណ្ណោះ។ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នឹង​ធ្វើ​កិច្ចការ​បន្ត​ជាមួយ​ក្រុមហ៊ុន Google ចំពោះ​ករណី​នេះ។

កោះ​អាចម៍សេះ ជា​កោះ​ដែល​មាន​ទំហំ​មធ្យម​មួយ​ក្នុង​ចំណោម​កោះ​ជាច្រើន​ទៀត​របស់​ខេត្ត​កែប ដែល​ស្ថិត​ក្រោម​ការ​អភិរក្ស​ធនធាន​សមុទ្រ​ដោយ​អង្គការ Marine Conservation Cambodia។ កោះ​នេះ​ស្ថិត​ក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុង​កែប ខេត្ត​កែប ដែល​ស្ថិត​នៅ​ក្បែរ​នឹង​ព្រំដែន​សមុទ្រ​កម្ពុជា-វៀតណាម។ កោះ​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ជាងគេ​ក្នុង​ចំណោម​កោះ​ទាំង ១៣ នៅ​ក្នុង​ខេត្ត​កែប។ កោះ​នេះ​មិន​មាន​ពលរដ្ឋ​ស្នាក់នៅ​លើ​កោះ​នេះ​ទេ គឺ​មាន​តែ​ទីស្នាក់ការ​របស់​អង្គការ Marine Conservation Cambodia និង​ទីស្នាក់ការ​ទាហាន​ជើងទឹក​តែប៉ុណ្ណោះ។

ក្នុង​ខេត្ត​កែប មាន​កោះ​សរុប​ចំនួន ១៣ មាន​ដូចជា៖

  1. កោះ​ទន្សាយ,
  2. កោះ​ត្បាល់,
  3. កោះ​ស្វាយ,
  4. កោះ​ពោធិ៍,
  5. កោះ​ម៉ាក់ប្រាង,
  6. កោះ​អាចម៍សេះ,
  7. កោះ​អង្ក្រង់,
  8. កោះ​ស្វាយព្រៃ,
  9. កោះ​ហាលត្រី,
  10. កោះ​ការ៉ាង,
  11. កោះ​កុក,
  12. កោះ​ម្ទេស
  13. និង​កោះ​ស្ងួត (ថ្ម​ប៉ប្រះ​ទឹក)។

នៅ​ក្នុង​ទឹកដី​ខេត្ត​កែប ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​គោលដៅ​ជា “តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់” ដែល​មាន​ការ​អភិវឌ្ឍ​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ហើយ​នឹង​មិន​មាន​ការ​បង្កើត​កាស៊ីណូ និង​រោងចក្រ​សហគ្រាស​នៅ​ទីនោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស