42 C
Phnom Penh

ប្រធានាធិបតី​វៀតណាម​លាលែង​ពី​មុខតំណែង​ចំ​ពេល​មាន​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃទី​២១ មីនា គណបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ប្រកាស​ឱ្យ​ដឹង​ថា ប្រធានាធិបតី​វៀតណាម លោក Vo Van Thuong អាយុ ៥៣​ឆ្នាំ បាន​ចុះចេញ​ពី​តំណែង​ហើយ ខណៈ​ប្រធាន​រដ្ឋ​រូប​នេះ​ទើប​ចូល​កាន់​តំណែង​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​យៀកណាម អ្នកស្រី វ៉ ធីអាញ់ ស្វ័ន (Vo Thi Anh Xuan) អាយុ ៥៤​ឆ្នាំ​ដែល​ជា​អនុប្រធាន នឹង​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​ស្តីទី ទម្រាំ​សភា​ប្រជាជន​បើក​កិច្ចប្រជុំ​រើស​ប្រធាន​រដ្ឋ​ថ្មី។

នៅ​ក្នុង​ពេលនេះ ប្រទេស​វៀតណាម​កំពុង​ធ្វើ​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ​ដោយ​មាន​មន្ត្រី​ច្រើន​រូប​ត្រូវ​បាន​ដកហូត​តំណែង ហើយ​មន្ត្រី​ជាន់ខ្ពស់​ច្រើន​រូប​ទៀត​ក្លាយ​ជា​ជន​ជាប់ចោទ ប៉ុន្តែ​សម្រាប់​លោក​ប្រធានាធិបតី​វៀតណាម នេះ គឺ​លោក​សុំ​ចុះចេញ​ពី​តំណែង​ដោយ​ខ្លួនឯង។

សភា​ប្រជាជន​យៀកណាម បាន​បោះឆ្នោត​ទទួល​យក​សំណើ​សុំ​លាលែង​ពី​តំណែង​ប្រធានាធិបតី។

ទោះជា​យ៉ាងណា​ក៏ដោយ គណបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ចេញ​សេចក្ដី​ប្រកាស​នេះ​ដោយ​ប្រើ​ពាក្យពេចន៍​ថា ការ​រំលោភ​បំពាន​មាគ៌ា​បក្ស​ដោយ​លោក Vo Van Thuong ជា​ការ​បន្សល់​ឱ្យ​មាន​នូវ​ស្នាម​អាក្រក់​ដល់​កេរ្តិ៍ឈ្មោះ​បក្ស​កុម្មុយនីស្ត។

ក្នុង​កិច្ចប្រជុំ​នៃ​ការិយាល័យ​គោលនយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស បក្ស​ពលករ​យៀកណាម អគ្គលេខាធិការ​បក្ស លោក Nguyen Phu Trong បាន​រំឭក​កម្មាភិបាល​គ្រប់​ជាន់​ថ្នាក់ ឲ្យ​គិត​ប្រយោជន៍​ជាតិ​មាតុភូមិ​ជា​ធំ។

ការ​ចុះចេញ​ពី​តំណែង​បុរស​រដ្ឋ​រូប​នេះ កើត​ឡើង​ក្រោយពី​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​មុខ​តែ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​តំណែង បើសិនជា​មិន​ចុះចេញ​ដោយ​ខ្លួនឯង ព្រោះ​លោក​ទទួល​សញ្ញា​ព្រមាន​ក្នុង​ពេល​ប្រជុំ​វិសាមញ្ញ​នៃ​សភា​បក្ស ហើយ​ប៉ូលិស​វៀតណាម ក៏​បាន​តាម​ចាប់​ខ្លួន​អតីត​អភិបាល​ខេត្ត Quang Ngai និង​ជា​ប្រធាន​បក្ស​កុម្មុយនីស្ត​ខេត្ត​នេះ​ដែល​ជាប់​ឈ្មោះ​ថា លោក​ប្រព្រឹត្ត​អំពើពុករលួយ ហើយ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក Vo Van Thuong ផង​ដែរ។

ចំពោះ​លោក​ប្រធានាធិបតី​វៀតណាម Thuong ដែល​មាន​វ័យ ៥៣​ឆ្នាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០២៣ ក្រោយ​រយៈពេល​ពីរ​ខែ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​វៀតណាម Nguyen Xuan Phuc ត្រូវ​បក្ស​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​ក្រោយពី​ករណី​រឿង​អាស្រូវ​ពុករលួយ​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

លោក Thuong គឺជា​ប្រធានាធិបតី​ក្មេង​បំផុត គឺ​ដែល​ឡើង​កាន់​តំណែង​កំពូល​នេះ​ភ្លាមៗ​ក្នុង​កាលៈទេសៈ​ប្រទេស​ទើប​ផុត​ពី​សង្គ្រាម​ត្រជាក់​ឆ្នាំ​១៩៧៥។ នៅ​ប្រទេស​វៀតណាម ប្រធានាធិបតី​ជា​បុរស​រដ្ឋ​លំដាប់​ទី​បី​ផ្នែក​នយោបាយ ដោយ​បុរស​រដ្ឋ​ទី​១ គឺ​អគ្គលេខាធិការ​បក្ស ហើយ​បុរស​រដ្ឋ​ទី​២ គឺ​នាយករដ្ឋមន្ត្រី។

អគ្គលេខាធិការ​បក្ស​បច្ចុប្បន្ន​របស់​ប្រទេស​វៀតណាម គឺ​លោក Nguyen Phu Trong ដែល​ចូល​កាន់​តំណែង​តាំងពី​ឆ្នាំ​២០១១។ ឥឡូវ​នេះ លោក Nguyen Phu Trong មាន​វ័យ ៧៩​ឆ្នាំ​ទៅ​ហើយ។ លោក Nguyen Phu Trong ក៏​គ្រោង​នឹង​ចុះ​ពី​តំណែង​បក្ស​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ដែរ។

លោក Thuong ធ្លាប់​ត្រូវ​គេ​មើល​ឃើញ​ជា បុគ្គល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong ដែល​ជា​បុគ្គល​មាន​អំណាច​ធំ​ជាងគេ​បង្អស់​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ជា​ស្ថាបនិក​យុទ្ធនាការ​បោស​សម្អាត​អំពើពុករលួយ ដែល​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

សភា​វៀតណាម នឹង​ប្រកាស​អំពី​ការ​ជ្រើស​តាំង​ប្រធានាធិបតី​ថ្មី​នៅ​ពេល​ដែល​ខ្លួន​បើក​សម័យប្រជុំ​ពេញ​អង្គ​ជាទូទៅ​នា​ខែ​ឧសភា ខាងមុខ ឬ​ក៏​ឆាប់​ជាង​នេះ ប្រសិនបើ​មាន​ការ​បើក​សម័យប្រជុំ​វិសាមញ្ញ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP នៅ​ថ្ងៃទី​២១ មីនា។

គួរ​រំឭក​ផង​ដែរ​ថា ករណី​ប្រធានាធិបតី​វៀតណាម ចុះចេញ​ពី​តំណែង​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​មាន​ប្រធានាធិបតី​ដល់​ទៅ​ពីរ​រូប​សម្រេច​លាលែង​ពី​តំណែង​កំពូល​នៃ​ប្រទេស​នេះ។

នៅ​ប្រទេស​យៀកណាម ក៏​មាន​រឿង​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​របៀប​នៅ​ប្រទេស​កម្ពុជា​ដែរ។ កាលពី​ថ្ងៃ​ពុធ ទី​២០ ខែ​មីនា កាសែត Financial Times រាយការណ៍​ថា អាជ្ញាធរ​យៀកណាម បាន​ចាប់​ខ្លួន​អ្នកស្រី​ថៅកែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ ទ្រឿង មីឡាន (Truong My Lan) អាយុ ៦១​ឆ្នាំ ដែល​លួច​យក​ប្រាក់​ពី​ធនាគារ Saigon Joint Stock Commercial Bank (SCB) ចំនួន ១២​ពាន់​លាន​ដុល្លារ ក្រោយពី​បោកប្រាស់​អតិថិជន​ថា​ដាក់​ទុន​ទទួល​ការប្រាក់​ខ្ពស់ ប៉ុន្តែ​នាំ​បក្ខពួក បង​ប្អូន បង្កើត​លេខ​គណនី​ខ្មោច ឲ្យ​បើក​លុយ​យក​ទៅ​ចែក​បក្ខពួក​បើក​របរ​រកស៊ី ហើយ​សូកប៉ាន់​កម្មាភិបាល​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ។ ធនាគារ SCB ក៏​មាន​សាខា​នៅ​ប្រទេស​កម្ពុជា ដែរ។

ហេតុការណ៍​ទាំងអស់​នេះ ធ្វើ​ឱ្យ​អ្នកវិភាគ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​អស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មុខនាទី​សំខាន់​នៃ​ការ​ប្រទាញប្រទង់​រវាង​មហាអំណាច​សហរដ្ឋ​អាមេរិក និង​ចិន ក្នុង​ស្ថានភាព​ដែល​ប្រទេស​នេះ​ជា​ប្រទេស​កម្មន្ដសាល។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​ដែល​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​បែប​កុម្មុយនីស្ត​មាន​ពីរ​ប្រទេស គឺ​ប្រទេស​វៀតណាម និង​ប្រទេស​លាវ។ ប្រទេស​ទាំង​ពីរ​នេះ​មិន​មាន​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​តាមរយៈ​សន្លឹកឆ្នោត​របស់​ប្រជាជន​នោះ​ទេ ប៉ុន្តែ​ការ​លាលែង​ពី​តំណែង​នៃ​ប្រធានាធិបតី​វៀតណាម ពីរ​រូប​អំឡុង​ពីរ​ឆ្នាំ​នេះ កំពុង​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​អំពី​ប្រទេស​សង្គម​និយម​វៀតណាម​មួយ​នេះ ដែល​មេដឹកនាំ​មិន​អាច​រក​មធ្យោបាយ​ដើម្បី​ក្រាញ​អំណាច​បាន​នោះ​ទេ។

អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​បក្ស និង​អគ្គលេខាធិការ​បក្ស។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន ទោះជា​ថា​ប្រកាន់​របប​ប្រជាធិបតេយ្យ​ក៏ដោយ តែ​មេដឹកនាំ​ប្រទេស​នោះ​កាន់​អំណាច​ណែន​ក្នុង​ដៃ គឺ​ច្បាម​យក​អំណាច​ក្តោប​ក្តាប់​គ្រប់​ស្ថាប័ន​ទាំងអស់ ទាំង​ស្ថាប័ន​កងទ័ព ស្ថាប័ន​តុលាការ រហូត​ដល់​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​បោះឆ្នោត និង​សភា ហើយ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ស្នង​ទៀត​ផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស