31 C
Phnom Penh

HRW ជំរុញ​ឱ្យ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ដាស់​អ្នក​ការទូត​ទូទាំង​ពិភពលោក​ចូលរួម​ចាត់​វិធានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch (HRW) ជំរុញ​ឱ្យ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ដាស់​អ្នក​ការទូត​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ភ្ញាក់​ឡើងវិញ និង​ធ្វើការ​ជាមួយ​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​រដ្ឋាភិបាល​ជុំវិញ​ពិភពលោក ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​យកចិត្ត​ទុកដាក់ និង​ចាត់​វិធានការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជាបន្ទាន់។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក Phil Robertson បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ កាលពី​ចុង​ខែ​មីនា កន្លង​ទៅ​នេះ​ថា វា​ជា​ពេលវេលា​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ចាប់ផ្តើម​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​សម្រាប់​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch បាន​ឈរ​ដោយ​មោទនភាព​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ក៏​នឹង​បន្ត​ឈរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា និង​សិទ្ធិមនុស្ស​ទៅ​ថ្ងៃ​មុខ​ទៀត​ដែរ រហូត​ដល់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវ​បាន​ស្ដារ​ឡើងវិញ។

លោក Phil Robertson លើកឡើង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ដណ្តើម​យក​ពី​ពលរដ្ឋ​ខ្មែរ​ដោយ​របប​ផ្ដាច់ការ​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ផ្នែក ទាំង​រដ្ឋាភិបាល សភា​ជាតិ និង​ប្រព័ន្ធ​តុលាការ ខណៈ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ នេះ គឺជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​បោះឆ្នោត​មួយ​ក្នុង​ឆ្នាំ​២០២៣ ដែល​គេ​ធ្វើឡើង​ដូច​ជន​ផ្ដាច់ការ​ផ្សេង​ទៀត​បាន​ធ្វើ​នៅ​តាម​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន ដូចជា នៅ​ប្រទេស​ចិន ប្រទេស​រុស្ស៊ី ប្រទេស​ឡាវ និង​ប្រទេស​កូរ៉េខាងជើង អ៊ីចឹង​ដែរ។

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត មិន​មាន​អ្វី​ខុស​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នោះ​ទេ ដែល​ប្រៀប​បីដូចជា «ស្រា​ចាស់​ក្នុង​ដប​ថ្មី» ដូច្នោះ​ដែរ ព្រោះ​ការ​រំលោភ​សិទ្ធិមនុស្ស រំលោភ​សិទ្ធិ​នយោបាយ រំលោភ​សិទ្ធិ​លំនៅឋាន និង​បទឧក្រិដ្ឋ​ផ្សេង គឺ​នៅតែ​បន្ត​កើត​មាន ហើយ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ចងក្រង​ជា​ឯកសារ​យ៉ាង​លម្អិត​នា​ពេល​កន្លង​មក។

លោក Phil Robertson ជំរុញ​ឱ្យ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា អូស្ត្រាលី នូវែលហ្សេឡង់ បណ្តា​ប្រទេស​ផ្សេង​ទៀត ក្រោក​ឈរ​ឡើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កិច្ចការ​នេះ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ត្រូវតែ​ធ្វើ​ក្នុង​បេសកកម្ម​របស់​ខ្លួន​ឱ្យ​ខ្លាំងក្លា​ជាទីបំផុត។

កាលពី​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ពលរដ្ឋ​ខ្មែរ និង​តំណាង​អង្គការ​ស្ថាប័ន​បរទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក​ដែល​ស្នេហា​ប្រជាធិបតេយ្យ និង​ស្នេហា​យុត្តិធម៌ បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក ដើម្បី​អបអរសាទរ​ពិធី​សម្ពោធ «ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ» ដែល​នឹង​ត្រូវ​ដឹកនាំ​ដោយ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ។

ជុំវិញ​បញ្ហា​នេះ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​លើកឡើង​ថា គោលបំណង​នៃ​ការ​បង្កើត​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ពេលនេះ គឺ​ដើម្បី​ស្វែងរក​ការ​រួបរួម​ចលនា​ខ្មែរ​គ្រប់​និន្នាការ​នៅ​លើ​ពិភពលោក ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកស្រី មូរ សុខហួរ អះអាង​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ មិនមែន​ជា​ចលនា​នយោបាយ​នោះ​ទេ ប៉ុន្តែ​ជា​ចលនា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​គោលដៅ​ស្វែងរក​ការ​សហការ​ជាមួយ​បុគ្គល និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​រួបរួម​កម្លាំង​គ្នា​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស បើក​លំហ​សេរីភាព​របស់​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដែល​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ។ អ្នកស្រី​បន្ត​ថា ចលនា​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

ចំណែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ គឺជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ក្នុង​ការ​ចូលរួម​កសាង​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ជិះជាន់​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ចូលរួម​ជាមួយ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ពូជ​ពង់​វង្ស​ត្រកូល​គ្រួសារ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស