29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ កិច្ចប្រជុំ​របស់​សាលា​រាជធានី​ជាមួយ​ប្រធាន​បក្ស​កម្លាំង​ជាតិ​គឺជា​រូបភាព​គំរាមកំហែង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​សាលាក្រុង​ភ្នំពេញ ដែល​មាន​សមាសភាព​ចូលរួម​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជិត ២០​អង្គភាព តទល់​ជាមួយ​នឹង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​តែ​ម្នាក់ គឺជា​រូបភាព​គំរាមកំហែង និង​បំភិតបំភ័យ ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ជា​រឿង​ដែល​ហួសចិត្ត និង​គួរ​ឱ្យ​អស់សំណើច​ជាទីបំផុត ដែល​សាលាក្រុង​ភ្នំពេញ​អញ្ជើញ​ឱ្យ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​តទល់​នឹង​មន្ត្រី​ចំនួន ១៦​អង្គភាព និង​ស្ថាប័ន ដោយ​គ្រាន់តែ​ដើម្បី​ពិភាក្សា​លើ​ការ​ជូនដំណឹង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​បំណង​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គណបក្ស​កម្លាំង​ជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​នោះ។

ប្រភព​ដដែល​លើកឡើង​ថា កិច្ចប្រជុំ​មួយ​ដែល​មាន​ការ​រៀបចំ​មាន​លក្ខណៈ​ដោយ​ប្រើ​រូបភាព​ជា​បណ្ដាញ និង​បក្ខពួក​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​ជាតិ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​ត្រូវ​តទល់​នឹង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​តែ​ម្នាក់ គឺ​ប្រៀប​ដូចជា​ការ​ប្រើ​ញញួរ​ដ៏​ធំ​មួយ​សម្រាប់​ដំ​សត្វ​រុយ​ដូច្នោះ​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បញ្ជាក់​ថា ទង្វើ​របស់​សាលា​រាជធានី​ភ្នំពេញ​បែប​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ប្រជាជន​កម្ពុជា កំពុង​គាបសង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ជាពិសេស​គឺ​ក្រុម​ប្រឆាំង​ដែល​តវ៉ា​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលាក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​មួយ កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​អញ្ជើញ​ឱ្យ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ១៦​នាក់ នៅ​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ ដែល​ត្រូវ​តទល់​នឹង​មន្ត្រី​រដ្ឋាភិបាល​មកពី​អង្គភាព និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ចុង​ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

លិខិត​ខាងលើ បញ្ជាក់​ថា សមាសភាព​ចូលរួម​ពិភាក្សា​លើ​ករណី មាន​ដូចជា៖

  • មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
  • អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ
  • នាយក និង​នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ
  • អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ឫស្សីកែវ
  • នាយក និង​នាយករង​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស
  • អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ
  • អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ
  • មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ
  • ព្រមទាំង​ប្រធាន អនុប្រធាន និង​មន្ត្រី​ការិយាល័យ​សុវត្ថិភាព​សាធារណៈ​ជាច្រើន​នាក់​ទៀត​ផង​ដែរ ខណៈ​ភាគី​បក្ស​កម្លាំង​ជាតិ គឺ​មាន​តែ​លោក ស៊ុន ចន្ទី តែ​ម្នាក់​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៤ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋបាល​ក្រុង​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជា ១៥០​នាក់ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​បំណង​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អ៊ុំ វីរៈរដ្ឋ, លោក មី សេងហ៊ ហៅ គា វិសាល ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​ហេតុផល​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ។

ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី មាត្រា​៥ ចែង​ថា ក្រុម​បុគ្គល​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីកន្លែង​សាធារណៈ​ណា​មួយ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​កាន់​អាជ្ញាធរ​ដែនដី​មាន​សមត្ថកិច្ច​នៅ​កន្លែង​នោះ។ ក្នុង​ច្បាប់​នេះ មិន​បាន​តម្រូវ​ឱ្យ​ក្រុម​បុគ្គល​ដែល​មាន​បំណង​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ត្រូវតែ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​ឡើយ។

យ៉ាងណាក៏ដោយ ការ​ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​កន្លង​មក ពី​សំណាក់​គណបក្ស​នយោបាយ, សកម្មជន​សង្គម, កម្មករ​និយោជិត, សកម្មជន​ដីធ្លី, សកម្មជន​បរិស្ថាន, និង​សកម្មជន​នានា ត្រូវ​បាន​ហាមឃាត់ និង​ធ្វើការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ជា​បន្តបន្ទាប់ ក្រោម​ហេតុផល​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​របស់​អ្នក​ទាំងនោះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ឃុំ​ខ្លួន​នា​ពេល​កន្លង​មក​ថែម​ទៀត ដោយ​រង​នូវ​ការ​ចោទប្រកាន់​ថា ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​ទាំងនោះ គឺជា​អំពើ​ញុះញង់​ដែល​ខុស​ទៅ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស