ក្រសួងការពារជាតិនៃរាជាណាចក្រកម្ពុជា អះអាងថា កងទ័ពថៃ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យប្រទេសកម្ពុជា ហើយថែមទាំងបានរាយបន្លាលួសក្នុងទឹកដីខ្មែរថែមទៀត ទោះបីជាត្រូវបានហាមឃាត់ពីសំណាក់កងកម្លាំងយោធពលខេមរភូមិន្ទយ៉ាងណាក៏ដោយ។
នេះបើយោងតាមការថ្លែងអះអាងពីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវេលាម៉ោង ១១ព្រឹកថ្ងៃចន្ទ ទី០៤ សីហា។
ប្រភពដែលអះអាងថា ទង្វើរបស់កងទ័ពថៃ បែបនេះ គឺជាការរំលោភបំពានបទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅ កម្ពុជាបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ ដូច្នេះទង្វើរបស់ថៃ ក្នុងពេលនេះ គឺបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាជាការរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង។
ក្រសួងការពារជាតិកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ ទាមទារឱ្យថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ទាក់ទងនឹងចំណាត់ការកងទ័ព ភាគីថៃ និយាយថា ទាហានថៃ ទទួលបញ្ជាឲ្យត្រៀមលក្ខណៈប្រយុទ្ធជានិច្ច មិនធ្វេសប្រហែសជាដាច់ខាត ប៉ុន្តែពង្រាយត្រៀមខ្លួនតែក្នុងទឹកដីថៃ ប៉ុណ្ណោះ។ ទាហានថៃ ក៏គេប្ដេជ្ញាចិត្តការពារទឹកដីរបស់គេដូចទាហានខ្មែរដូចគ្នា។
ជុំវិញបញ្ហានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកឡើងថា ដរាបណាគ្មានកងកម្លាំងសង្កេតការណ៍នៃភាគីទីបីឈរជើងនៅតំបន់ជម្លោះរវាងកម្ពុជា-ថៃ ទេ ថៃនឹងមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដាច់ខាត។
ចំណែកលោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី (KOD) លើកឡើងនៅថ្ងៃទី៤ សីហា ដែរថា បើមិនអនុវត្តច្បាប់ទណ្ឌកម្មសង្គ្រាមលើមេដឹកនាំថៃ ទេ ថៃនឹងមិនខ្លាចច្បាប់សង្គ្រាមអន្តរជាតិឡើយ ហើយពិភពលោកក៏នឹងលែងមានសណ្ដាប់ធ្នាប់ល្អត្រឹមត្រូវដែរ។
ជុំវិញការចោទថាមានការឈ្លានពានពីកងទ័ពថៃ លើទឹកដីកម្ពុជានាពេលនេះ ប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោក នាំគ្នាធ្វើបាតុកម្មប្រឆាំងនៅតាមបណ្តាប្រទេសជាច្រើន ដើម្បីទាមទារឱ្យថៃ បញ្ឈប់ការឈ្លានពានលើកម្ពុជាបន្តទៀត រួមមានប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន បារាំង និងបណ្តាប្រទេសជាច្រើនទៀតដែលមានពលរដ្ឋខ្មែររស់នៅ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា លោកប្ដេជ្ញាបញ្ឈប់អំពើហិង្សាដោយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះតាមតំបន់ព្រំដែន។
លោក ដូណាល់ ត្រាំ អំពាវនាវឱ្យគ្រប់ភាគីអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះនេះទាំងស្រុង។
ក្រៅពីពលរដ្ឋនៃប្រទេសទាំងពីរបញ្ចេញបញ្ជូនសារប្រើពាក្យពេចន៍អសុរោះ ចោទថ្កោលទោសគ្នាទៅវិញទៅមក អ្នកសង្កេតការណ៍ឯករាជ្យបរទេស មានសាស្ត្រាចារ្យ Paul Chambers នៃវិទ្យាស្ថាន ISEAS Yusof Ishak ជាដើម បកស្រាយអំពីចំពោះមូលហេតុនាំដល់ការបាញ់ដាក់គ្នាតាមព្រំដែនខ្មែរ-ថៃ ត្រូវបានសារព័ត៌មាន Reuters, The Economist, Bloomberg ស្រង់សម្ដីថា គឺមានរឿងកំណត់ព្រំដែនមិនច្បាស់ពីជំនាន់អាណាព្យាបាលបារាំងសែស រឿងមិនទុកចិត្តគ្នាទៅវិញទៅមក រឿងខ្មែរចង់ដោះស្រាយវិវាទនៅតុលាការយុត្តិធម៌អន្តរជាតិ ថៃចង់ដោះស្រាយទ្វេភាគី រឿងបំផុសបំផុលស្មារតីជាតិនិយមខុសទំនងរៀងៗខ្លួន រឿងប្រយោជន៍សេដ្ឋកិច្ច សម្ពាធនយោបាយផ្ទៃក្នុងប្រទេសរៀងៗខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

