30 C
Phnom Penh

អ្នក​វិភាគ​រិះគន់​ថា​ រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំពុង​មាន​ជំងឺ​លែង​ទុកចិត្ត​ខ្លួន​ឯង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ហាក់​មាន​ភាព​មិន​ទុកចិត្ត​ខ្លួន​ឯង​ ហើយ​នៅ​តែមាន​ការ​ព្រួយ​បារម្ភ​ និង​ភ័យ​ខ្លាច​ចំពោះ​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី ​​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​ជំរុញ​ឲ្យ​ក្រុម​យោធា​បះបោរ​ប្រឆាំង​លោក​ហ៊ុន សែន​នោះ។​

ការ​អះអាង​របស់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ដែល​ជា​អ្នក​ឃ្លាំ​មើល​សង្គម​ជើង​ចាស់​រូប​នេះ​ធ្វើ​ឡើង​ក្រោយពី​ក្រសួង​ការពារជាតិ​កាលពី​ម្សិលមិញ​ បាន​អំពាវនាវ​ទៅ​«ពលរដ្ឋ​ត្រូវ​មានទំនុក​ចិត្ត​លើ​កងយោធ​ពល​ខេមរ​ភូមិន្ទ​ កុំ​ចាញ់​ឧបាយ​កល​ ក្រុម​ទុច្ច​រិត»​ដើម្បី​រួមគ្នា​ការពារ​រដ្ឋាភិបាល។ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ឲ្យ​ដឹង​ថា​យ៉ាងហោច​ណាស់​មាន​ក្រុម​ជន​ទុច្ចរិត​មួយ​ចំនួន​បាន​បង្កើត​Facebook​ ក្លែងក្លាយ​បន្លំ​យក​រូប​នាយ​ទាហាន​ទៅ​វាយ​ប្រហារ​រដ្ឋា​ភិបាល​ដោយ​ខុស​ច្បាប់។

ការ​អំពាវនាវ​របស់​ក្រសួង​ការពារ​ជាតិ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​​ លោក​សម​រង្ស៊ី​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែល​បង្ហាញ​អំពី​រូបភាព​ពលរដ្ឋ​និង​កងទ័ព​នៅ​ប្រទេស​អាល់​សេរី​នាំគ្នា​ធ្វើ​បាតុកម្ម​ទម្លាក់​មេដឹក​នាំ​របស់​ខ្លួន​បាន​សម្រេច​ និង​អំពាវ​ទៅ​ពលរដ្ឋ​ខ្មែរ​ឲ្យ​យក​គំរូ​នេះ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អះអាង​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ គួរតែ​គោរព​ពាក្យ​សម្តី​របស់​ខ្លួន​ដែល​តែង​ប្រកាស​ថា​ ឈប់​ឆ្លើយឆ្លង​ជាមួយ​លោក​សម រង្ស៊ី​ហើយ​ថា​ រដ្ឋាភិបាល​បច្ចុប្បន្ន​ហាក់​មិនទុក​ចិត្ត​ខ្លួន​ឯង​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ជា​ពិសេស​មិន​ទុកចិត្ត​លើ​កងទ័ព​របស់​ ខ្លួន។ ​

លោក​បន្តថា​ ការ​អំពាវ​នាវ​របស់​លោក​សម រង្ស៊ី​អាចនៅ​តែមាន​ឥទ្ធិពល​ទៅលើ​ពលរដ្ឋ ​និង​កងទ័ព​របស់​លោក​ហ៊ុន សែន​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ហ៊ុន សែន​ហាក់​មាន​ភាព​រសើប​ចំពោះ​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី​ជំរុញឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស