មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា គណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបានឬអត់ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ និងសកម្មជននៅមូលដ្ឋានទាំងស្រុង ព្រោះថានៅពេលនេះ លោក ហ៊ុន សែន បានបង្កប់មនុស្សនៅក្នុងគណបក្សសង្គ្រោះជាតិ និងលាបធ្យូងលើមុខរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យវាយប្រហារគ្នាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ប្រចាំសហគមន៍អឺរ៉ុប (CNRP-O) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៥ ធ្នូ ថា នៅពេលនេះមន្ត្រីបក្សប្រឆាំងវាយប្រហារគ្នាឯងដោយឥតត្រាប្រណី និងយ៉ាងអាណោចអាធ័មជាទីបំផុត ក្រោមតំណក់ទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរដែលស្រេកឃ្លានការផ្លាស់ប្ដូរ និងក្រោមសំឡេងសើចហ៊ោកញ្ជ្រៀវដ៏ក្អាកក្អាយរបស់លោក ហ៊ុន សែន និងក្រុមរបស់គាត់។
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ លើកឡើងថា ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិនៅពេលនេះ ត្រូវបានលោក ហ៊ុន សែន ត្រួតត្រាផង និងតាមកម្ទេចផង ក្រោមរូបភាពបំផុសឲ្យអតីតមន្ត្រីជាន់ខ្ពស់បក្សនេះនាំគ្នាទៅបង្កើតបក្សថ្មីៗដែលធ្វើឲ្យមានការពិបាកយ៉ាងខ្លាំងចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពិតប្រាកដ ក្នុងការស្ដារគណបក្សប្រឆាំងនេះឡើងវិញ។
លោក ប៉ុន សៅរី បញ្ជាក់ថា ប្រសិនបើមន្ត្រីបក្សប្រឆាំងទាំងនោះនៅតែគាំទ្រគណបក្សសង្គ្រោះជាតិរហូតដល់ពេលនេះ ម្ល៉េះសមពេលនេះបក្សប្រឆាំងអាចនឹងត្រូវដាក់ឲ្យដំណើរការឡើងវិញនៅមុនការបោះឆ្នោតក្នុងពេលខាងមុខជាមិនខាន ប៉ុន្តែការចាកចេញរបស់ពួកគេបានបំផ្លាញកម្លាំងរួមរបស់គណបក្សសង្គ្រោះជាតិផង បំបាក់ទឹកចិត្តពលរដ្ឋទូទៅដែលជាអ្នកគាំទ្រផង និងធ្វើឲ្យបែកបាក់ក្បាលម៉ាស៊ីនរបស់គណបក្សសង្គ្រោះជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងរូបនេះ គឺបន្ទាប់ពីមន្ត្រីបក្សប្រឆាំងដទៃទៀតបើកយុទ្ធនាការវាយប្រហារគ្នាឯងទៅវិញទៅមក ដោយទម្លាក់កំហុសដាក់គ្នាពីការធ្វើឱ្យបែកបាក់ស្មារតីរួបរួមសង្គ្រោះជាតិរៀងៗខ្លួន។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអះអាងថា សកម្មភាពនយោបាយរបស់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី កន្លងមកមិនដែលចាត់ទុកស្មារតី សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយនោះទេ ព្រោះថាសកម្មភាពទាំងនេះមិនមានការគាំទ្រពីរូបលោក ហើយក៏មិនបានគាំទ្រនូវជំហររបស់លោកក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិនោះដែរ។
ជុំវិញបញ្ហានេះ មួយថ្ងៃបន្ទាប់ពីការបដិសេធរបស់លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះរូបប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលត្រូវបានអ្នកគាំទ្របក្សប្រឆាំងភាគីលោក សម រង្ស៊ី បកស្រាយថា ការបង្ហោះសារនេះ លោក សម រង្ស៊ី ចង់បង្ហាញថា វាសនារបស់លោក កឹម សុខា នឹងមិនខុសពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នោះឡើយ នៅពេលដែលគ្មានលោក សម រង្ស៊ី ជាដៃគូនយោបាយទៅថ្ងៃមុខ។
យ៉ាងណាក៏ដោយ មុនការប្រកាសរបស់លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសជំហរគាំទ្រគណបក្សភ្លើងទៀន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែអតីតមេដឹកនាំបក្សប្រឆាំងរូបនេះនៅតែអះអាងថា ស្មារតីរួបរួម សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយដដែល។
ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ការប្រកាសរក្សាស្មារតីរួបរួមរបស់លោក សម រង្ស៊ី នេះ គ្រាន់តែជាយុទ្ធសាស្ត្រកេងចំណេញនយោបាយលើលោក កឹម សុខា តែប៉ុណ្ណោះ ព្រោះថាកន្លងមក អតីតមេដឹកនាំបក្សប្រឆាំងរូបនេះតែងប្រកាសបែបនេះជារឿយៗ ប៉ុន្តែក្រោយពីប្រកាសរបស់ខ្លួន លោក សម រង្ស៊ី តែងអនុវត្តផែនការនយោបាយដោយរំលោភរដ្ឋធម្មនុញ្ញ ដូចជាការប្រកាសផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ការប្រមាថអង្គព្រះមហាក្សត្រ និងការប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ជាដើម។
ប្រភពដដែលអះអាងថា ការប្រកាសពីស្មារតីរួបរួម ហើយទៅប្រព្រឹត្តទង្វើខុសច្បាប់បែបនេះ គឺក្នុងចេតនាថា បើលោក កឹម សុខា មិនបដិសេធ គឺមានន័យស្មើនឹងចូលរួមផែនការរបស់គាត់ តែបើលោក កឹម សុខា បដិសេធ គឺមានន័យស្មើនឹងបដិសេធស្មារតីនៃការរួបរួម សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ លុះដល់ចុងក្រោយ មហាជននឹងថ្កោលទោសលោក កឹម សុខា ហើយលោក សម រង្ស៊ី ក្លាយជាអ្នកប្រមូលទ្រព្យធ្វើជាពោះម៉ាយស្តុកក្នុងឆាកនយោបាយរបស់ខ្លួនបន្តទៀត៕