សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកចម្លើយរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ ដែលថាការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មនៅកន្លែងផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ គឺជាការធ្វើបដិវត្តន៍ពណ៌នោះ គឺជាចម្លើយមិនត្រឹមត្រូវ និងមិនអាចយកជាការបាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកលើអង្គហេតុបដិវត្តន៍ពណ៌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ថា ការផ្តល់ចម្លើយទៅកាន់ចៅក្រម និងមេធាវីការពារក្តីឱ្យលោក កឹម សុខា ដែលមានលក្ខណៈផ្ទុយគ្នារបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ ក្នុងសវនាការនៅថ្ងៃពុធនេះ គឺជាចម្លើយដែលមិនអាចយកជាការបាននោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានកោះហៅសាក្សីជាច្រើនរូបឱ្យចូលទៅបំភ្លឺក្នុងសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងសវនាការលើកទី៥៩ នៅថ្ងៃពុធនេះ។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកទី៥៩ ប៉ុន្តែសវនាការនៅថ្ងៃនេះ តុលាការបានកោះហៅសាក្សីឱ្យចូលទៅបំភ្លឺចំនួន ៦រូប រួមមានអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ និងនាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ជាដើម ប៉ុន្តែដោយសារគ្មានពេលវេលាគ្រប់គ្រាន់ តុលាការធ្វើការសាកសួរទៅកាន់លោក គង់ គាំ បានតែម្នាក់ប៉ុណ្ណោះ។
ក្នុងសវនាការលើកទី៥៩ នេះ លោក គង់ គាំ ដែលមានវ័យ ៨១ឆ្នាំ បានផ្តល់ចម្លើយទៅកាន់តំណាងអយ្យការថា ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មផ្សេងទៀត គឺជាការធ្វើបដិវត្តន៍ពណ៌ទ្រង់ទ្រាយធំលើសពីការទាមទារលទ្ធផលនៃការបោះឆ្នោត ប៉ុន្តែនៅពេលដែលលោកផ្តល់ចម្លើយដល់មេធាវីការពារក្តីឱ្យលោក កឹម សុខា លោកបែរជាអះអាងថា ការរួបរួមឱ្យមានគណបក្សសង្គ្រោះជាតិជាការបង្កើតឡើងដោយគ្មានការគាំទ្រពីអង្គការបរទេស ឬរដ្ឋប្រទេសណាមួយនោះឡើយ។
ជុំវិញបញ្ហានេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានប្រាប់សារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីលោកបានតាមដានសវនាការរបស់លោក កឹម សុខា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះថា ចម្លើយរបស់លោក គង់ គាំ មានភាពច្របូកច្របល់ដែលមិនអាចកាត់សេចក្តីបាន។
លោក យី សុខសាន្ត ចាត់ទុកសវនាការនៅថ្ងៃនេះជាសវនាការដែលគ្មានការព្រាងទុក និងគ្មានផែនការច្បាស់លាស់ ក្រោយពីតុលាការកោះហៅសាក្សីដល់ទៅ ៦រូប ប៉ុន្តែសាកសួរបានតែម្នាក់ ហើយភាគច្រើនសួរតែសំណួរដដែល ដែលនាំឱ្យមានការអូសបន្លាយពេលវេលា និងធ្វើឱ្យប៉ះពាល់ដល់ពេលវេលារបស់សាក្សីផ្សេងទៀតដែលត្រូវបានកោះហៅឱ្យចូលរួមក្នុងសវនាការនេះ តែមិនត្រូវបានសាកសួរ និងទុកឱ្យរង់ចាំរហូតដល់បិទសវនាការផងដែរ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែរហូតមកទល់នឹងពេលនេះ តុលាការកម្ពុជាមិនទាន់អាចកាត់ទោសលោកពីបទល្មើសណាមួយនៅឡើយទេ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់អះអាងថា ប្រសិនបើសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងស្ថិតក្នុងការចាត់ចែងរបស់តុលាការដោយយុត្តិធម៌ នោះករណីនេះនឹងត្រូវបានជំនុំជម្រះកាត់សេចក្តីរួចស្រេចទៅហើយ ព្រោះថាតុលាការអាចឃុំខ្លួនជនសង្ស័យយ៉ាងយូរបានត្រឹមតែ ១៨ខែប៉ុណ្ណោះ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ប៉ុន្តែសំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយពេលជំនុំជម្រះក្តីជាង ៥ឆ្នាំមកហើយ ដូច្នេះបញ្ហានេះត្រូវគេកត់សម្គាល់ឃើញថាជារឿងនយោបាយ ជាជាងការរកយុត្តិធម៌តាមផ្លូវច្បាប់៕