រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា កម្ពុជាតែឯងមិនអាចទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងគ្រឿងញៀនបានទេ ដោយសារបញ្ហាទាំងនេះមានភាពស្មុគស្មាញ ដែលតម្រូវឲ្យមានកិច្ចសហការពីសហគមន៍អន្តរជាតិ រួមទាំងអង់គ្លេសផងដែរ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ក្នុងជំនួបទ្វេភាគីជាមួយឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic William កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ។
ក្នុងជំនួបនោះ លោក ស ខេង បានលើកឡើងថា ទោះបីរដ្ឋាភិបាលប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទដែលកំពុងកើតឡើងនៅកម្ពុជាក្ដី ប៉ុន្តែបទល្មើសនេះនៅតែមិនថយចុះ។
លោកបញ្ជាក់ថា បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀននៅកម្ពុជាបច្ចុប្បន្នជាបញ្ហាស្មុគស្មាញ។ លោកថា កម្ពុជាតែឯងមិនអាចទប់ស្កាត់បទល្មើសទាំងអស់នេះបានទេ ដោយទាមទារឲ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្ដន្ទាទោសដល់អ្នកពាក់ព័ន្ធ ក៏ដូចជាមេខ្លោងមកផ្ដន្ទាទោស។
លោក ស ខេង ស្នើទៅឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic William ឲ្យចែករំលែកបទពិសោធន៍ចំពោះការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដល់កម្ពុជា ដើម្បីជំរុញឲ្យការអនុវត្តប្រយុទ្ធប្រឆាំងបទល្មើសកាន់តែមានប្រសិទ្ធភាពខ្លាំងក្លា។ ក្រៅពីឲ្យចែករំលែកហើយ លោកក៏ស្នើទៅអង់គ្លេសជួយទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន បន្ទាប់ពីលោក Dominic William ជួបជាមួយលោក ស ខេង ថា អង់គ្លេសចាត់ទុកក្រសួងមហាផ្ទៃជាដៃគូសំខាន់ក្នុងការដោះស្រាយបញ្ហាជាច្រើន រួមមានសិទ្ធិការងារ ហិរញ្ញវត្ថុខុសច្បាប់ ការជួញដូរមនុស្ស និងបញ្ហាកុងស៊ុលផងដែរ។
បើតាមរបាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលអាក្រក់បំផុតពុំធ្លាប់មានតាំងពីឆ្នាំ២០១៥ មក ក្រោយពេលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ ក្រោមការឃ្លាំមើលអស់រយៈពេល ៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩ មក៕