ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រកាសធ្វើយុទ្ធនាការឈប់ប្រើប្រាស់ផលិតផលក្រុមហ៊ុនរបស់ឧកញ៉ា ជីង សុគន្ធារី ដែលគេស្គាល់ថាជាកូនស្រីរបស់ឧកញ៉ា ជីង សុភាព ហៅយាយភូ ដែលជាមនុស្សជិតស្និទ្ធនឹងភរិយារបស់លោក ហ៊ុន សែន ដើម្បីបង្ហាញពីការចូលរួមសង្គ្រោះដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បន្ទាប់ពីរដ្ឋាភិបាលផ្តល់ដីឧទ្យានជាតិគិរីរម្យជាង ២០០ហិកតារឱ្យឧកញ៉ារូបនេះធ្វើជាកម្មសិទ្ធិ។
ក្រុមយុវជនចលនាមាតាធម្មជាតិ អះអាងនៅថ្ងៃទី៣ ឧសភា នេះថា មូលហេតុដែលពួកគេធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន វីតាល់ ក្រុមហ៊ុន មីជាតិ និងក្រុមហ៊ុន វ័នម៉ របស់ឧកញ៉ា ជីង សុគន្ធារី ពីព្រោះពួកគេបង្ហាញពីការចូលរួមសង្គ្រោះដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ៦៤១ហិកតារ និងដីឧទ្យានជាតិគិរីរម្យ ចំនួន ២២១ហិកតារ ដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ជីង សុគន្ធារី នាពេលកន្លងមក។
ក្រុមសកម្មជនទាំងនេះលើកឡើងថា ការប្រកាសមិនចូលរួមប្រើផលិតផលដែលម្ចាស់ក្រុមហ៊ុនបានរំលោភយកដីរដ្ឋ បំផ្លាញធនធានធម្មជាតិ និងរំលោភសិទ្ធិមនុស្សបែបនេះ គឺដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការបំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស ជាដើម។
ប្រភពដដែលបញ្ជាក់ថា បើពួកគេបន្តប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនឧកញ៉ារូបនោះបន្តទៀត គឺមានន័យថា ពួកគេកំពុងគាំទ្រដោយប្រយោលចំពោះសកម្មភាពបំផ្លាញព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស ដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ា ជីង សុគន្ធារី កំពុងប្រព្រឹត្តសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លោក ហ៊ុន សែន បានចេញអនុក្រឹត្យផ្តល់ដីឧទ្យានជាតិគិរីរម្យចំនួន ២២១ហិកតារ និង ៩៤អា ស្ថិតក្នុងឃុំត្រែងត្រឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័នម៉ (One More) របស់អ្នកឧកញ៉ា ជីង សុគន្ធារី ធ្វើជាកម្មសិទ្ធិជារៀងរហូត ដែលទើបតែនឹងបែកធ្លាយនៅថ្ងៃនេះ។
ជុំវិញការផ្តល់ដីឱ្យក្រុមហ៊ុនឯកជននេះ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យកាត់ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទំហំ ៦៤៩ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co, LTD) របស់អ្នកឧកញ៉ា ជីង សុគន្ធារី ធ្វើជាកម្មសិទ្ធិផងដែរ។
ជាងនេះទៀត កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន សែន បានសម្រេចកាត់ផ្ទៃដីចំនួន ៧០ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យទៅក្រុមហ៊ុន One Prosperity ដែលជាក្រុមហ៊ុនជាប់ខ្សែស្រឡាយជាមួយនឹងអ្នកស្រី ជីង សុភាព យកទៅវិនិយោគជាតំបន់អេកូទេសចរណ៍ថែមទៀត។
អ្នកឧកញ៉ា ជីង សុគន្ធារី គឺជាកូនស្រីរបស់ឧកញ៉ា ជីង សុភាព ដែលជាអនុប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវជាកូនស្រីរបស់លោក ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកស្រី ជីង សុភាព ក៏ជាមិត្តជិតស្និទ្ធបំផុតរបស់អ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយាលោក ហ៊ុន សែន ផងដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យមួយដោយកំណត់ដីសាធារណៈរបស់រដ្ឋជិត ១លានហិកតារនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន១៥ រួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និងខេត្តតាកែវ ជាដើម ដើម្បីត្រៀមធ្វើអនុបយោគ និងបែងចែកសម្រាប់កម្មសិទ្ធិឯកជនឱ្យទៅក្រុមហ៊ុនឯកជននានាដើម្បីធ្វើការអភិវឌ្ឍ។
ទាក់ទិននឹងការបែងចែកដីរដ្ឋឱ្យបុគ្គលឯកជន និងក្រុមហ៊ុនឯកជននេះ ឧកញ៉ាដែលជាមនុស្សជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើននាក់ រួមទាំងសាច់ញាតិ និងកូនបង្កើតរបស់គាត់ផង បានទទួលដីរដ្ឋជាច្រើនរយហិកតារធ្វើជាកម្មសិទ្ធិ ដូចជាឧកញ៉ា ពុង ឃាវសែ ឧកញ៉ា ជីង សុភាព ឧកញ៉ា ជីង សុគន្ធារី ឧកញ៉ា ទ្រី ភាព និងឧកញ៉ា លី យ៉ុងផាត់ ជាដើម សុទ្ធតែមានចំណែកទទួលបានដីទាំងនោះ។
ជាងនេះទៀត អ្នកស្រី ហ៊ុន ម៉ាណា និងអ្នកស្រី ហ៊ុន ម៉ាលី ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ហ៊ុន សែន ក៏ទទួលបានដីរដ្ឋរាប់រយហិកតារពីការកាត់ឆ្វៀលនេះផងដែរ។
អង្គការ Client Earth បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ជាង ៤០% នៃផ្ទៃដីរបស់កម្ពុជា ឬប្រហែល ៧,៥លានហិកតារ ត្រូវបានបែងចែកជាតំបន់ការពារធម្មជាតិ ប៉ុន្តែភាគច្រើននៃតំបន់ទាំងនេះត្រូវបាន «ការពារ» តែឈ្មោះប៉ុណ្ណោះ ព្រោះរដ្ឋាភិបាលបានកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សទាំងនោះឱ្យក្រុមហ៊ុនឯកជនធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់រហូតមក៕