ក្រុមអ្នកតស៊ូមតិកម្ពុជា ត្អូញត្អែរថា សេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង កំពុងត្រូវបានរក្សាទុកក្នុងធុងសំរាមបិទជិត ស្របពេលដែលឧស្សាហកម្មគ្រឿងស្រវឹងដែលភ្ជាប់ជាមួយនឹងផលប្រយោជន៍ត្រកូលហ៊ុន កំពុងធ្វើចរាចរគ្មានដែនកំណត់ និងកំពុងបំផ្លាញប្រជាជនខ្មែរគ្រប់រូបភាព។
ក្រុមតស៊ូមតិកម្ពុជា (CAT) បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មីនា នេះថា ការដាក់ចេញវិធានការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងពីសំណាក់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាលោក ហ៊ុន ម៉ាណែត ទៅដល់មន្ត្រីក្រោមឱវាទរបស់ខ្លួននាពេលកន្លងមកនេះ ទំនងជាលោក ហ៊ុន ម៉ាណែត គ្មានអ្នកណាប្រាប់ថាកម្ពុជាមានសេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនោះទេ រួមទាំងលោក ហ៊ុន សែន ដែលជាឪពុករបស់គាត់ផង ក៏ប្រហែលមិនបានប្រាប់ថាកម្ពុជាមានសេចក្តីព្រាងច្បាប់នេះដែរ។
ប្រភពដដែលលើកឡើងថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចេតនាពិតប្រាកដក្នុងការទប់ស្កាត់ការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើសពីគ្រោះថ្នាក់ចរាចរណ៍ គឺមានតែការអនុវត្តច្បាប់ប៉ុណ្ណោះ ខណៈបទបញ្ជារបស់នាយករដ្ឋមន្ត្រីមិនមានតម្លៃក្នុងការអនុវត្តដូចច្បាប់ទេ ព្រោះថាច្បាប់បានកំណត់ជាទូទៅសម្រាប់មនុស្សគ្រប់រូប ខណៈបទបញ្ជារបស់នាយករដ្ឋមន្ត្រីអាចនឹងអនុវត្តដោយចំពោះបុគ្គលណាម្នាក់ដែលមិនមែនជាលក្ខខណ្ឌទូទៅឡើយ។
ក្រុមតស៊ូមតិកម្ពុជាបញ្ជាក់ថា ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី និងការអនុវត្តរបស់មន្ត្រីក្រោមឱវាទជុំវិញការទប់ស្កាត់គ្រឿងស្រវឹង គេរកឃើញថា អ្នកទទួលបានផលប្រយោជន៍ពីការទប់ស្កាត់គ្រឿងស្រវឹងនេះ គឺបានធ្លាក់ទៅក្នុងឧស្សាហកម្មគ្រឿងស្រវឹងដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូលហ៊ុនយ៉ាងខ្លាំង ខណៈយុវជនខ្មែរក៏នៅតែទទួលឥទ្ធិពលដោយផ្ទាល់ពីការប្រើប្រាស់គ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់កំណត់ជាក់លាក់នេះដែរ។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យមន្ត្រីក្រោមឱវាទពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីអ្នកបើកបរនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានលើកឡើងពីវិធានការច្បាប់ក្នុងការអនុវត្តជុំវិញការផលិត ចែកចាយ ឬការប្រើប្រាស់គ្រឿងស្រវឹងឡើយ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានរោងចក្រផលិតគ្រឿងស្រវឹងធំៗជាច្រើន កំពុងផលិត និងចែកចាយ ទាំងក្នុងស្រុក និងក្រៅស្រុក ដូចជារោងចក្រស្រាបៀរអង្គរ រោងចក្រស្រាបៀរកម្ពុជា រោងចក្រស្រាបៀរហ្គេនស៍បឺក រោងចក្រស្រាបៀរវឌ្ឍនៈ រោងចក្រស្រាបៀរហនុមាន រោងចក្រស្រាបៀរ CBL ដែលមានផលិតស្រាម៉ាក Heineken, Tiger, Anchor, ABC ជាដើម រោងចក្រស្រាបៀរគ្រុឌ រោងចក្រផលិតស្រាបៀរ និងការផលិតស្រាជាលក្ខណៈគ្រួសារថែមទៀត។
សព្វថ្ងៃនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែរបានទទួលទានគ្រឿងស្រវឹងតាមអំពើចិត្ត គ្រប់ប្រភេទទាំងប្រភេទស្រាដែលផលិតដោយរោងចក្រ និងស្រាដែលផលិតជាលក្ខណៈគ្រួសារ ក្នុងនោះអ្នកផលិតស្រាជាលក្ខណៈគ្រួសារ ភាគច្រើនបានប្រើមេដំបែគីមីគ្មានការត្រួតពិនិត្យ ដែលនាំចូលពីប្រទេសវៀតណាម និងថ្នាំពុល ឬសារជាតិអេស្កាដេ (SKD) ដាក់ក្នុងស្រាដើម្បីបង្កើនកម្រិតអាល់កុលរបស់ស្រា ជាដើម ដែលការធ្វើបែបនេះ បាននាំឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទានស្រាប្រភេទនេះយ៉ាងធ្ងន់ធ្ងរ ខណៈរដ្ឋាភិបាលក៏មិនដែលមានវិធានការច្បាប់លើការផលិតនេះឡើយ។
ក្រៅពីការផលិត ផ្សព្វផ្សាយ និងទទួលទានស្រាដោយគ្មានការកំណត់ ឬការត្រួតពិនិត្យពីរដ្ឋាភិបាល ក៏មានការគាំទ្រ និងលើកទឹកចិត្តពីរដ្ឋាភិបាល ឱ្យក្រុមហ៊ុនស្រានានាបង្កើតកម្មវិធីដាក់រង្វាន់ក្នុងសម្បកកំប៉ុងថែមទៀត ដូចជា ឡាន ម៉ូតូ លុយ ទូរសព្ទ និងរង្វាន់ជាស្រា ជាដើម ដែលជាហេតុជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹងកាន់តែខ្លាំង។
ពលរដ្ឋខ្មែរភាគច្រើនលើសលប់ប្រើប្រាស់គ្រឿងស្រវឹងទាំងនោះ ដើម្បីតាមរករង្វាន់ ហើយការផ្សព្វផ្សាយពីរង្វាន់ដែលបានមកពីការទទួលទានគ្រឿងស្រវឹងទាំងនេះ គឺធ្វើឡើងនៅតាមទីសាធារណៈគ្រប់ទីកន្លែង ដូចជាផ្សព្វផ្សាយលើផ្ទាំងប៉ាណូ តាមដងផ្លូវ និងតាមប្រព័ន្ធផ្សព្វផ្សាយនានាជាដើម។
របាយការណ៍ចុងក្រោយនៃលទ្ធផលការស្ទង់មតិរបស់បណ្ដាញស្រាវជ្រាវអាមេរិក Wisevoter កាលពីចុងឆ្នាំ២០២៣ បង្ហាញថា កម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះគេរកឃើញថា ពលរដ្ឋខ្មែរម្នាក់បានផឹកស្រាបៀរជាមធ្យមចំនួន ៧២លីត្រក្នុងមួយឆ្នាំ ខណៈប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៣ ប្រទេសឡាវ ជាប់លេខ២ ហើយប្រទេសថៃ ជាប់លេខ៤ សម្រាប់ឆ្នាំ២០២៣ កន្លងទៅ។
សេចក្តីព្រាងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងកាលពីឆ្នាំ២០១៥ បានចែងពីបទប្បញ្ញត្តិចំនួន ១១ជំពូក ៣៩មាត្រា ក្នុងនោះ មាត្រា២០ ចែងថា រដ្ឋាភិបាលត្រូវត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដើម្បីអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងទាំងនោះ។
ចំណែកមាត្រា៣៣ ចែងថា អំពើលក់ ឬចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនដែលមានអាយុក្រោម ២១ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ១លានរៀលផងដែរ។
យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះមិនត្រូវបានរដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាច អនុម័តដើម្បីអនុវត្តប្រើប្រាស់ទេសព្វថ្ងៃនេះ ខណៈអំពើលក់ និងចែកចាយគ្រឿងស្រវឹងកំពុងរីករាលដាលយ៉ាងអនាធិបតេយ្យ ចំណែកការប្រើប្រាស់ត្រូវគេសង្កេតឃើញថា កុមារខ្មែរដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ចាប់ផ្តើមក្លាយជាអ្នកប្រើប្រាស់គ្រឿងស្រវឹងដោយផ្ទាល់ក្នុងពេលបច្ចុប្បន្ននេះ៕