សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានសម្ដែងការគាំទ្រចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយក្នុងពេលថ្មីៗនេះថា ការបោះឆ្នោតសាឡើងវិញដែលគណបក្សប្រឆាំងកំពុងទាមទារគឺគ្មានថ្ងៃកើតឡើងទេព្រោះវាមិនស្របតាមច្បាប់។
ទោះជាយ៉ាងណា ក្រុមជំនាញការដែលយល់ច្បាស់ពីច្បាប់កម្ពុជាបានលើកឡើងថា ការបោះឆ្នោតសាឡើងវិញគឺពិតជាអាចទៅរួចតាមផ្លូវច្បាប់មែន ហើយអ្វីតែម្យ៉ាងគត់ ដែលរដ្ឋាភិបាលត្រូវការជាចំាបាច់ដើម្បីឲ្យការបោះឆ្នោតសាឡើងវិញនេះប្រព្រឹត្តទៅបាននោះ គឺឆន្ទៈនយោបាយ។
អំឡុងការប្រមូលផ្ដុំគ្នារបស់គណបក្សប្រឆាំងក្នុងក្រុងសៀមរាបកាលពីពីរសប្ដាហ៍មុននេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានលើកឧទាហរណ៍ពីប្រទេសថៃ ដែលរដ្ឋាភិបាលបានសម្រេចឲ្យមានការបោះឆ្នោតមុនកាលកំណត់នៅខែកុម្ភៈដើម្បីបញ្ចប់ការតវ៉ាដែលចេះតែកើនឡើង និងការធ្វើបាតុកម្មតាមដងផ្លូវនៅទីនោះ។
រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ក្រុមអ្នកតវ៉ារាប់មឺុននាក់បាននាំគ្នាធ្វើបាតុ កម្មតាមដងផ្លូវក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃក្នុងបំណងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លាលែងពីតំណែង។
ដោយសារមានការតវ៉ាកាន់តែខ្លាំងឡើងលោក ហ៊ុន សែន ក៏បានចេញមុខឆ្លើយតបដោយផ្ទាល់ចំពោះការអំពាវនាវឲ្យលោកលាលែងនេះកាលពីថ្ងៃសុក្រ ដោយបានបញ្ជាក់ថា ការបោះឆ្នោតមុនកាលកំណត់គឺគ្មានថ្ងៃកើតឡើងទេ ហើយណាមួយវាមិនស្របតាមរដ្ឋធម្មនុញ្ញផង។
ចាប់តាំងពីពេលនោះមក រដ្ឋសភាជាតិក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ខណៈសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចនេះបានចេញសេចក្ដីថ្លែងការណ៍មួយដែរដើម្បីសម្ដែងការគាំទ្រចំពោះការច្រានចោលរបស់លោក ហ៊ុន សែន នូវការអំពាវនាវឲ្យមានការបោះឆ្នោតថ្មី និងឲ្យលោកលាលែងពីតំណែង។
សមាជិកសភាចំនួន៥៤រូបក្នុងចំណោមសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញថា “ ក្នុងនាមជាតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា យើង សូមសម្ដែងនូវការគំាទ្រទាំងស្រុងចំពោះប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីថ្ងៃសុក្រ ដែលថា នឹងគ្មានការលាលែងពីតំណែងនិងការបោះឆ្នោតឡើងវិញ”។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យគណបក្សនេះ បានឲ្យដឹងថា សមាជិកសភាគណបក្សប្រជាជនទាំង១៤រូបផ្សេងទៀតមិនបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នេះ ដោយសារពួកគេនៅតាមខេត្ត ឬបរទេស។
លោកបានមានប្រសាសន៍ថា “ គ្មានហេតុផលនៅក្នុងការរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិទេ… ហើយក៏គ្មានច្បាប់ណាមួយដែលអនុញ្ញាតឲ្យមានការបោះឆ្នោតឡើងវិញដែរ។ លោកនាយករដ្ឋមន្ត្រីពុំអាចបោះឆ្នោតទម្លាក់បានទេលុះត្រាតែគាត់បានប្រព្រឹត្តអ្វីខុសធំដុំ ឧទាហរណ៍ដូចជា ករណីគាត់ត្រូវបានចាប់ខ្លួន និងត្រូវតុលាការកាត់ឲ្យជាប់ទោសពីបទពុករលួយជាដើម”។
ដោយឡែក សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថាការអំពាវនាវរបស់គណបក្សប្រឆាំងឲ្យមានការបោះឆ្នោតថ្មីនិងឲ្យលោក ហ៊ុន សែន លាលែងពីតំណែង “ កំពុងបំផ្លាញនូវសន្ដិភាព ស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ និងអាចបង្កឲ្យមានការបាក់បែកសាមគ្គីជាតិបាន”។
សមាជិកព្រឹទ្ធសភាទាំង១១រូបរបស់គណបក្សសង្គ្រោះជាតិ ដែលបានធ្វើពហិការមិនចូលរួមសម័យប្រជុំដូចសមាជិកសភារួមបក្សរបស់ខ្លួនដែរនោះ បានប្រញាប់ចេញមុខឆ្លើយតបថា ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយនឹងសេចក្ដីថ្លែងការណ៍របស់ព្រឹទ្ធសភានេះទេ។
ដូចជា លោក ជាម យៀប ដែរ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជានោះ បានបញ្ជាក់ថា ច្បាប់មិនអនុញ្ញាតឲ្យមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិទេ លុះត្រាតែមានការធ្វើវិសោធនកម្មសិន។
លោកបានមានប្រសាសន៍ថា “ មិនមានច្បាប់ជាធរមានដែលអនុញ្ញាតឲ្យមានការបោះឆ្នោតឡើងវិញទេ ក្នុងនោះរាប់ទាំងច្បាប់បោះឆ្នោតផង។ ប៉ុន្តែប្រសិនបើមានដំណោះស្រាយនយោបាយសម្រាប់ការធ្វើកំណែទម្រង់ ឬវិសោធនកម្មច្បាប់នោះ វាជារឿងមួយផ្សេងទៀត”។
កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានលើកឡើងពីមាត្រ៧៨នៃរដ្ឋធម្មនុញ្ញថា ជាមូលហេតុដែលមិនអាចឲ្យលោករៀបចំការបោះឆ្នោតមុនកាលកំណត់បាន។
មាត្រា៧៨ចែងថា រដ្ឋសភាជាតិមិនអាចរំលាយមុនចប់អាណត្តិ៥ឆ្នាំរបស់ខ្លួនទេ លុះត្រាតែរដ្ឋាភិបាលត្រូវបានបោះឆ្នោតសម្ដែងការមិនទុកចិត្តពីរដងក្នុងអំឡុងពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយសភាតាមសំណើរបស់នាយករដ្ឋមន្ត្រី និងការយល់ព្រមពីប្រធានរដ្ឋសភា ដោយត្រូវរៀបចំការបោះឆ្នោតថ្មីមួយក្នុងអំឡុងពេល៦០ថ្ងៃ។
ប៉ុន្តែកាលពីម្សិលមិញនេះ ក្រុមជំនាញការផ្នែកច្បាប់ និងការបោះឆ្នោតបានច្រានចោលនូវការលើកឡើងដែលថា ការបោះឆ្នោតពាក់កណ្ដាលអាណត្តិជារឿងពុំស្របច្បាប់បើទោះបីជានាយករដ្ឋមន្ត្រីមិនអាចសម្រេចចិត្តរៀបចំការបោះឆ្នោតដោយខ្លួនឯងបានក៏ដោយនោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាល គណបក្សប្រជាជនយល់ព្រមឲ្យមានការបោះឆ្នោតថ្មីនោះ វាប្រាកដជាគ្មានបញ្ហាទេ។ បញ្ហាគឺនៅត្រង់ថា តើគណបក្សប្រជាជនកម្ពុជាចង់ឲ្យមានការបោះឆ្នោតដែលអាចជឿទុកចិត្តបាន ឬអត់ វាពាក់ព័ន្ធជាមួយនឹងឆន្ទៈនយោបាយ។ គាត់ [លោក ហ៊ុន សែន] ព្យាយាមបកស្រាយថា ច្បាប់មិនអនុញ្ញាត ប៉ុន្តែវាមិនអ៊ីចឹងទេ វាអាស្រ័យលើឆន្ទៈនយោបាយប៉ុណ្ណោះ”។
លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (Nicfec) បានសម្ដែងការយល់ស្រប។
លោកបានមានប្រសាសន៍ថា “ រដ្ឋសភាគឺជាតំណាងរបស់ប្រជាពលរដ្ឋ ដូច្នេះប្រសិនបើគេចង់ឲ្យមានការបោះឆ្នោតឡើងវិញនោះគេអាចធ្វើបាន”។
លោក ហង្ស ពុទ្ធា បានបន្ថែមថា តាមពិតនៅមានច្រកចេញតាមផ្លូវច្បាប់មួយទៀត។
លោកបានបញ្ជាក់ថា “ ប្រសិនបើក្រុមប្រឹក្សា [ធម្មនុញ្ញកម្ពុជា] និយាយថា ការបោះឆ្នោតនេះពុំមានលក្ខណៈសេរីនិងយុត្តិធម៌នោះ គេអាចរៀបចំការបោះឆ្នោតឡើងវិញបាន ប៉ុន្តែស្ថាប័ននេះមិនបាននិយាយអ្វីទេ… ពួកគេនិយាយថា ការបោះឆ្នោតនេះគឺអាចទទួលយកបាន”។
ទាំងអង្គការខុមហ្វ្រែល និងនិកហ្វិច គឺជាសមាជិកនៃសម្ព័ន្ធកែទម្រង់ការបោះឆ្នោត (Electoral Reform Alliance) ពោលជាសម្ពន្ធអង្គការក្រៅរដ្ឋាភិបាល ដែលបានចេញរបាយការណ៍លម្អិតមួយកាលពីខែមុនស្ដីអំពីការបោះឆ្នោតជាតិកាលពីខែកក្កដា ដោយមានការសន្និដ្ឋានថា ភាពមិនប្រក្រតីជាច្រើននៅថ្ងៃបោះឆ្នោតគឺវា “ល្មមនឹងធ្វើឲ្យបាត់បង់សេចក្ដីទុកចិត្តលើដំណើរការបោះឆ្នោតក៏ដូចជាលទ្ធផលនៃការបោះឆ្នោត”។
គណបក្សសង្គ្រោះជាតិបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការស៊ើបអង្កេតពេញលេញ និងអាចជឿជាក់បានលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត ប៉ុន្តែត្រូវគណបក្សប្រជាជនកម្ពុជាបដិសេធដាច់អហង្ការជាហេតុធ្វើឲ្យគណបក្សប្រឆាំងធ្វើពហិការសភា និងធ្វើការតវ៉ាតាមដងផ្លូវដើម្បីសម្ដែងការមិនពេញចិត្តរបស់ខ្លួន។
កាលពីម្សិលមិញ លោក ហង្ស ពុទ្ធា និងលោក គល់ បញ្ញា ក៏បានសម្ដែងការគាំទ្រចំពោះសំណើធ្វើឡើងដោយអង្គការសិទ្ធិមនុស្សអាដហុកកាលពីថ្ងៃសុក្រ ដែលថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអាចព្រមព្រៀងគ្នារៀបចំការបោះឆ្នោតមុនកាលកំណត់ក្នុងរយៈពេលពីរឆ្នាំ ដែលជាពេលវេលាយ៉ាងសមល្មមមួយសម្រាប់ការអនុវត្តកំណែទម្រង់សំខាន់ៗមួយចំនួនដែលអាចបញ្ចៀសបញ្ហាដូចដែលបានកើតមានអំឡុងការបោះឆ្នោតកាលពីខែកក្កដា ផងដែរ។
លោក សឺន សូ៊បែ៊រ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានចូលរួមជាមួយនឹងគណបក្សប្រឆាំងចាប់តាំងពីបានដកខ្លួនចេញពីក្រុមប្រឹក្សានេះមកនោះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនទាំងចាំបាច់រំលាយសភាដើម្បីឲ្យមានការបោះឆ្នោតឡើងវិញផងទេ។ ដូចជាគណបក្សសង្គ្រោះជាតិដែរ លោកជឿថា រដ្ឋសភាបច្ចុប្បន្ននេះគឺមិនស្របច្បាប់ទេ ព្រោះការធ្វើពហិការរបស់សមាជិកសភាគណបក្សប្រឆាំងទាំង៥៥រូបបានធ្វើឲ្យសភាខ្វះកូរ៉ុម។
លោកបានបញ្ជាក់ថា ប្រសិនបើគ្មានវត្តមានរបស់សមាជិកសភាទាំង៥៥រូបមកពីគណបក្សប្រឆាំងទេនោះ លោក ហ៊ុន សែន គឺបានត្រឹមដឹកនាំ “រដ្ឋាភិបាលចាំផ្ទះ” តែប៉ុណ្ណោះ ហើយមានសិទ្ធិរៀបចំការបោះឆ្នោតឡើងវិញបានគ្រប់ពេលវេលា។
លោកបានមានប្រសាសន៍ថា “គាត់មិនចាំបាច់រំលាយសភាទេ ព្រោះមិនទាំងមានរដ្ឋសភា [ស្របច្បាប់] ផងហ្នឹង។ រដ្ឋាភិបាលចាំផ្ទះក្រោមការដឹកនាំរបស់ហ៊ុន សែន… គួរតែរៀបចំការបោះឆ្នោតសាជាថ្មី”។
ប៉ុន្តែខុសពីអង្គការអាដហុក ខុមហ្វ្រែល ឬ និកហ្វិច លោក សឺន សូ៊ប៊ែរ្តិ៍ បានបញ្ជាក់ថា កម្ពុជាមិនអាចរង់ចាំ២ឆ្នាំទៀតទើបរៀបចំការបោះឆ្នោតបានទេ ព្រោះឱកាសនៃការផ្ទុះអំពើហិង្សាកំពុងកើនឡើងរឹតតែខ្លាំង ខណៈភាពជាប់គាំងផ្នែកនយោបាយចេះតែបន្តអូសបន្លាយ។
កាលពីថ្ងៃអាទិត្យ គណបក្សសង្គ្រោះជាតិបានធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ ហើយបានគំរាមបិទផ្លូវជាតិ ទាំងចូលនិងចេញពីរាជធានីភ្នំពេញនៅខែមករា ប្រសិនបើការទាមទាររបស់ខ្លួនឲ្យមានការបោះឆ្នោតសាឡើងវិញ និងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងមិនបានទទួលការឆ្លើយតបវិជ្ជមានទេនោះ។
រដ្ឋាភិបាលបានបញ្ជាក់រួចហើយថា ខ្លួននឹងប្រើកម្លាំងបង្ក្រាបការបិទផ្លូវបែបនេះក្នុងករណីចាំបាច់៕សេរីវុធ