33.2 C
Phnom Penh

កម្ពុជា​​​ និង​​​​​​អូស្ត្រាលី​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ផ្ទេរ​​​ជន​​​ភៀសខ្លួន​​​ដ៏​​​ចម្រូង​​​ចម្រាស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក​​​ ស្កត់​​​ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​​​ក្រសួង​​​អន្តោ​​​ប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​ចុះ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​ (MoU) មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ដើម្បី​​​បញ្ជូន​​​​​​ជន​​​ភៀសខ្លួន​​​ដែល​​​បាន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​​​​​​​ និង​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​កោះ​​​​ណូរូ​​​ នា​​​​​​កណ្ដាល​​​មហាសមុទ្រ​​​បា៉សីុហ្វិក​​​ខាង​​​ត្បូង​ មក​​​​​​កាន់​​​ប្រទេស​​​កម្ពុជា​​​។

cam-photo-frontrefugee

​​​នៅ​​​មុន​​​ម៉ោង​​​៣ និង​​​៣០នាទី​​​រសៀល​​​បន្តិច​​​ លោក​​​ទាំង​​​ពីរ​​​បាន​​​ចូល​​​ទៅ​​​ក្នុង​​​សាល​​​​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​ការ​​​តុប​​​តែង​​​លម្អ​​​យ៉ាង​​​ស្រស់​​​ស្អាត​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ហើយ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ឯកសារ​​​ដែល​​​នឹង​​​កំណត់​​​ជោគ​​​វាសនា​​​របស់​​​ជន​​​ភៀសខ្លួន​​​រាប់​​​រយ​​​នាក់​​​ដោយ​​​មិន​​​និយាយ​​​អ្វី​​​មួយ​​​ម៉ាត់​​​សោះ​​​​​​។

ក្រោយ​​​ពីការ​​​ចុះ​​​ហត្ថលេខា​​​​​​ដ៏​​​ស្ងៀម​​​ស្ងាត់​​​នេះ​​​រួច​​​ ក៏​​​មានការ​​​ជល់​​​កែវ​​​ស្រា​​​សំប៉ាញ ខណៈ​​​អ្នក​​​រត់​​​តុ​​​ម្នាក់​​​កំពុង​​​តែ​​​ដើរ​​​។ លោក​​​ ស ខេង និង​​​លោក ស្កត់ ម៉ូរីសុន បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​សំណួរ​​​ជា​​​ច្រើន​​​របស់​​​ក្រុម​​​អ្នក​​​សារព័ត៌មាន​​​ ខណៈ​​​ពេល​​​លោក​​​ទាំង​​​ពីរ​​​ពិសា​​​ស្រា​​​សំប៉ាញ​​​ និង​​​អប​​​អរសាទរ​​​ចំពោះ​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​ មុន​​​ពេល​​​ចាក​​​ចេញ​​​ពី​​​សាល​​​​​​នោះ​​​។ លោក​​​ ស្កត់​​​ ម៉ូរីសុន ត្រូវ​​​បាន​​​គេ​​​នាំ​​​ឡើង​​​រថយន្ត​​​ និង​​​បើ​​​ក​​​ចេញទៅ​​​យ៉ាង​​​ប្រញាប់​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ចេញ​​​ក្រោយ​​​ពី​​​ការ​​​ចុះ​​​ហត្ថលេខា​​​នេះ​​​លើក​​​ឡើង​​​ថា “ចំនួន​​​ និង​​​ពេល​​​វេលា​​​​​​នៃ​​​ការ​​​តាំង​​​ទីលំនៅ​​​ជន​​​ភៀសខ្លួន​​​នឹង​​​ត្រូវ​​​កំណត់​​​ដោយ​​​កម្ពុជា”។ សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​នេះ​​​បាន​​​បន្ថែម​​​ទៀត​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​យល់​​​ស្រប​​​តាម​​​ “កិច្ច​​​ព្រមព្រៀង​​​សាក​​​ល្បង​​​បឋម​​​មួយ​​​ដើម្បី​​​ទទួល​​​យក​​​​​​ជន​​​ភៀសខ្លួន​​​​​​មួយ​​​ក្រុម​​​តូច​​​ ហើយ​​​នឹង​​​​​​ផ្តល់​​​ការ​​​តាំង​​​លំនៅ​​​បន្ថែម​​​ទៀត​​​​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​​​​ទៅ​​​តាម​​​សមត្ថភាព​​​របស់​​​កម្ពុជា​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា រដ្ឋាភិបាល​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​នឹង​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដោយ​​​មាន​​​កិច្ច​​​សហប្រតិបត្តិការ​​​ពី​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស (UNHCR) “ដើម្បី​​​ធានា​​​ការ​​​អនុវត្ត​​​កិច​​្ច​​​ព្រមព្រៀង​​​ផ្ទេរ​​​ជន​​​ភៀស​​​ខ្លួន​​​នេះ​​​ដោយ​​​រលូន​​​ និង​​​ប្រកប​​​ដោយ​​​ភាព​​​ជោគ​​​ជ័យ​​​”។

​​​​​​​​​​​​ប៉ុន្តែ មន្ត្រី​​​ផ្នែក​​​ព័ត៌មាន​​​ប្រចាំ​​​តំបន់​​​របស់ UNHCR វីវៀន​​​ តាន (Vivian Tan) នៅ​​​ក្នុង​​​ទីក្រុង​​​បាង​​​កក បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​នោះ​​​តាម​​​អីុម៉េល​​​ថា “ជំហរ​​​របស់​​​យើង​​​នៅ​​​តែ​​​មិន​​​ផ្លាស់​​​ប្តូរ​​​ យើង​​​គ្មាន​​​តួនាទី​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី​​​នេះ​​​ទេ​​​”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​ដោយ​​​ UNHCR​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​បាន​​​លើក​​​ឡើង​​​ថា  UNHCR​​​ “មានការ​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​ដែល​​​កំណត់​​​” ដោយ​​​​​​​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​ដក​​​ស្រង់​​ប្រសាសន៍​​​របស់​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀសខ្លួន​​​ អែន​​​តូនីញ៉ូ ហ្គូធើរ៉េស​​​ (Antonio Guterres) ដែល​​​បាន​​​លើក​​​ឡើង​​​ថា “ជន​​​ភៀសខ្លួន​​​ គឺជា​​​អ្នក​​​ដែល​​​កំពុង​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ ឬ​​​ការ​​​គំរាម​​​កំហែង​​​ដល់​​​អាយុ​​​ជីវិត​​​ដោយ​​​សារ​​​តែ​​​សង្គ្រាម​​​ប្រដាប់​​​អាវុធ​​​។ ពួក​​​គេ​​​មាន​​​សិទ្ធិ​​​ទទួល​​​បាន​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជា​​​ជាង​​​ការ​​​បញ្ជូន​​​​​​ពួកគេ​​​ពី​​​ប្រទេស​​​មួយ​​​ទៅ​​​ប្រទេស​​​មួយ​​​ទៀត​​​”។

លោក​​​ ស្កត់​​​ ម៉ូរីសុន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ជន​​​ភៀសខ្លួន​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​ឯ​​​​​​នាយ​​​ឆ្នេរ​​​នៃ​​​ប្រទេស​​​អូស្ត្រាលី​​​ “ពេល​​​នេះ​​​នឹង​​​មាន​​​ឱកាស​​ ហើយ​​​​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ​​​គាំទ្រ​​​ដើម្បី​​​កសាង​​​ជីវិត​​​ជា​​​ថ្មី ដែល​​​រួច​​​ផុត​​​ពី​​​ការ​​​ធ្វើទុក្ខ​​​បុក​​​ម្នេញ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ការ​​​ពារ​​​ប្រទេស​​​កម្ពុជា​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​បាន​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ​​​២០​​​នាក់​​​ ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ឲ្យ​​​វិល​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ​​​ដោយ​​​ចុង​​​កាណុង​​​កាំភ្លើង​​​ថា​​​ ជា​​​គោល​​​ដៅ​​​ស័ក្ដិសម​​​សម្រាប់​​​ជន​​​ភៀសខ្លួន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ដក​​​ស្រង់​​​ប្រសាសន៍​​​របស់​​​លោក​​​ ស្កត់​​​ ម៉ូរីសុន ដែល​​​បាន​​​លើក​​​ឡើង​​​ថា “ក្នុង​​​នាម​​​ជា​​​ភាគី​​​នៃ​​​អនុ​​​សញ្ញា​​​ជន​​​ភៀស​​​ខ្លួន​​​ ខណៈ​​​ពេល​​​កំពុង​​​ខិត​​​ខំប្រឹង​​​ប្រែង​​​អភិវឌ្ឍ​​​ប្រទេស​​​ក្រោយ​​​សង្គ្រាម​​​ស៊ីវិល​​​ កម្ពុជា​​​កំពុង​​​បង្ហាញ​​​លទ្ធភាព និង​​​ឆន្ទៈ​​​របស់​​​ខ្លួន​​​ដើម្បី​​​រួម​​​ចំណែក​​​ជា​​​វិជ្ជមាន​​​ដល់​​​បញ្ហា​​​មនុស្ស​​​ធម៌​​​”។

លោក​​​បាន​​​ប្រាប់​​​សាជីវកម្ម​​​ផ្សព្វ​​​ផ្សាយ​​​​​​អូស្ត្រាលី​​​ (ABC) កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា អូស្ត្រាលី​​​មាន​​​គម្រោង​​​ផ្តល់​​ជំនួយ​​​៤០​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​ដល់​​​កម្ពុជា​​​នៅ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​បន្ទាប់​​​ ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា វា​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​​​​​​​​​​​​​​​​​​​សម្រាប់​​​សម្រួល​​​ដល់​​​ការ​​​ផ្ទេរ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ឡើយ​​​ គឺ​​​ទុក​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​។

នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ បាតុករ​​​ប្រហែល​​​៥០​​​អង្គ​​​-នាក់​​​មក​​​ពី​​​បណ្តាញ​​​ព្រះ​​​សង្ឃ​​​ឯករាជ្យ​​​ដើម្បី​​​យុត្តិធម៌​​​សង្គម​​​ សហព័ន្ធ​​​និស្សិត​​​បញ្ញវន្ត​​​កម្ពុជា​​​ និង​​​អ្នក​​​ភូមិ​​​មក​​​ពី​​​សហ​​​គមន៍​​​បឹង​​​កក់ និង​​​សហគមន៍​​​បុរី​​​កីឡា បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​ដែល​​​មាន​​​បិទ​​​របាំង​​​ច្រើន​​​ជាន់​​​នៅ​​​ខាង​​​មុខ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​។

ពួក​​​គាត់​​​បាន​​​លើក​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​គោរព​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ មុន​​​នឹង​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​ទទួល​​​យក​​​ជន​​​ភៀសខ្លួន​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​ “ក្រីក្រ​​​ណាស់” គ្មាន​​​លទ្ធភាព​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​របស់​​​អូស្ត្រាលី​​​​​​ឡើយ។

ព្រះតេជគុណ សីុម សុវណ្ឌី បាន​​​មាន​​​សង្ឃដីកា​​​ថា “តើ​​​ប្រទេស​​​កម្ពុជា​​​អភិវឌ្ឍ​​​ដល់​​​ណា​​​ហើយ​​​? ប្រទេស​​​នេះ​​​មិន​​​ទាន់​​​ទាំង​​​បាន​​​សាង​​​ទំនាក់​​​ទំនង​​​សន្តិវិធី​​​ជា​​​មួយ​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួនដែល​​​បាន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ចាប់​​​យក​​​ដីធ្លី​​​​​​ និង​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​នៅ​​​ឡើយ​​​ផង​​​ទេ​​​”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា លោក​​​ថ្កោល​​​ទោស​​​ “ការ​​​ខ្វះ​​​តម្លាភាព​​​ទាំង​​​ស្រុង” នៅ​​​ក្នុង​​​ការ​​​​​​ធ្វើ​​​សេចក្ដី​​​ព្រាង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដែល​​​បាន​​​ស្ថិត​​​ក្រោម​​​ដំណើរ​​​ការ​​​ចរចា​​​ចាប់​​​តាំង​​​ពី​​​ខែ​​​កុម្ភៈ​​​មក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​មិន​​​ដឹង​​​ពី​​​​​​ផែនការ​​​អ្វី​​​ទេ​​​ យើង​​​គ្មាន​​​ការ​​​ធានា​​​អ្វី​​​ទេ​​​ ពីព្រោះ​​​យើង​​​ស៊ាំ​​​នឹង​​​​​មើល​​​ឃើញ​​​ការ​​​បង្វែរ​​​ធន​​​ធាន​​​ខុស​​​គោល​​​​​បំណង​​​របស់​​​វា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​​ហើយ​​​។កម្ពុជា​​​​​មិន​​​មែន​​​ជា​​​កន្លែង​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​​​​តាំង​​​ទី​​​លំនៅ​​​ទេ ពីព្រោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​គ្មាន​​​ជីវភាព​​​សមរម្យ​​​​​​​​​​​។ ពួក​​​គាត់​​​ត្រូវ​​​បាន​​​បំបិទ​​​សិទ្ធិ​​​មូល​​​ដ្ឋាន​​​ និង​​​លក្ខខណ្ឌ​​​រស់​​​នៅ​​​ ដូច្នេះ​​​តើ​​​យើង​​​អាច​​​ផ្ដល់​​​ជម្រក​​​ដល់​​​អ្នក​​​មក​​​ពី​​​ប្រទេស​​​ផ្សេង​​​ៗ​​​នៅ​​​ក្នុង​​​ពិភព​​​លោក​​​បាន​​​ដោយ​​​របៀប​​​ណា​​​?”។

សេចក្តី​​​ថ្លែង​​​ការណ៍​​​ដែល​​​បាន​​​ចេញ​​​នៅ​​​ក្នុង​​​ពិធី​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​លើក​​​ឡើង​​​ថា ជា​​​ផ្នែក​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ “​​​ប្រទេស​​​អូស្ត្រាលី​​​នឹងទទួល​​​រាប់​​​រង​​​ផ្ទាល់​​​លើ​​​ថ្លៃ​​​ចំណាយ​​​​​​ក្នុង​​​ការ​​​បញ្ជូន​​​​​​ជន​​​ភៀស​​​ខ្លួន​​​ និង​​​ការ​​​កសាង​​​ប្រទេស​​​កម្ពុជា​​​ដើម្បី​​​ធានា​​​ថា កម្ពុជា​​​មាន​​​ធន​​​ធាន​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ទទួល​​​ និង​​​ធ្វើ​​​សមាហរណកម្ម​​​​​​ជន​​​ភៀស​​​ខ្លួន​​​ដោយ​​​ជោគ​​​ជ័យ”។

លោក ស្កត់​​​ ម៉ូរីសុន និង​​​លោក ហោ ណាំ​​​ហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​​​​របស់​​​​​​កម្ពុជា​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ការ​​​ផ្ទេរ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​​​​ គឺ​​​ធ្វើ​​​ឡើង​​​ដោយ​​​​​​ឈរ​​លើ​​​មូល​​​ដ្ឋាន​​​ស្ម័គ្រ​​​ចិត្ត​​​។

ប៉ុន្តែ កិច្ច​​​ព្រមព្រៀង​​​ដែល​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​គ្មាន​​​មតិ​​​យោបល់​​​ពី​​​​​​ UNHCR នេះ​​​ បាន​​​រង​​​ការ​​​ថ្កោល​​​ទោស​​​យ៉ាង​​​ខ្លាំង​​​ពីរ​​​សង្គម​​​ស៊ីវិល​​​ និង​​​អ្នក​​​នយោបាយ​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​ ដែល​​​លើក​​​ឡើង​​​ថា វា​​​រំលោភ​​​អនុសញ្ញា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ឆ្នាំ​​​១៩៥១ ហើយ​​​ថា ប្រទេស​​​កម្ពុជា​​​គ្មាន​​​លក្ខណសម្បត្តិ​​​គ្រប់គ្រាន់​​​ដើម្បី​​​​​​​​​ធានា​​​សុខុមាលភាព​​​​​​ជន​​​ភៀស​​​​​​ខ្លួន​​​ឡើយ​​​។

លោក​​​​​ស្រី អីុឡេន ភាសុន (Elaine Pearson) នាយក​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រមព្រៀង​​​នេះ​​​បញ្ជូន​​​សារ​​​ថា បណ្តា​​​ប្រទេស​​​អភិវឌ្ឍន៍​អាច​​​លុប​​​បំបាត់​​​កាតព្វកិច្ច​​​អន្តរ​​​ជាតិ​​​របស់​​​ខ្លួន​​​បាន​​​ដោយ​​​ងាយ​​​តាម​​​រយៈ​​​ការ​​​ផ្តល់​​​មូល​​​និធិ និង​​​ជំនួយ​​​ដល់​​​បណ្តា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍ​​​ន៍។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​​​កម្ពុជា​​​បាន​​​ចុះ​​​អនុសញ្ញា​​​​​​ជន​​​ភៀស​​​ខ្លួន ប៉ុន្តែ ប្រទេស​​​នេះ​​​បែរ​​​ជា​​​មាន​​​ប្រវត្តិ​​​មិន​​​ល្អ​​​ ចំពោះ​​​ការ​​​ការ​​​ពារ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រំលោភ​​​សិទ្ធិមនុស្ស​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ​​​។ កម្ពុជា​​​មិន​​​បាន​​​បង្ហាញ​​​ឆន្ទៈ​​​ ឬ​​​សមត្ថភាព​​​ក្នុង​​​ការ​​​ផ្តល់​​​ការ​​​ការ​​​ពារ​​​ជន​​​ភៀស​​​ខ្លួន​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​ឡើយ​​​។ អូស្ត្រាលី​​​បាន​​​រក​​​ឃើញ​​​លេស​​​ថ្មី​​​មួយ​​​ដើម្បី​​​ផ្ទេរ​​​បញ្ហា​​​​​​ជន​​​ភៀស​​​ខ្លួន​​​ឲ្យ​​​អ្នក​​​ដទៃ​​​ជា​​​ជាង​​​ការ​​​ស្វែងរក​​​ដំណោះ​​​ស្រាយ​​​​​​ថ្នាក់​​​តំបន់​​​”៕​​​សុខុម​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស