កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានរកឃើញពិរុទ្ធភាពអតីតប្រធានផ្នែកពីរនាក់នៅធនាគារកាណាឌីយា៉ និងអ្នកសមគំនិតបីនាក់ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងរឿងក្ដីលួចបន្លំលុយជាច្រើន ដែលមិនធ្លាប់មាននៅក្នុងវិស័យធនាគារ ដោយមានការផ្ដន្ទាទោសធ្ងន់ចំពោះមេខ្លោងនៅក្នុងរឿងនេះដែលបានសារភាពដោយខ្លួនឯង ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។
កញ្ញា យ៉េត សុភក្ត្រា អាយុ៣០ឆ្នាំ អតីតប្រធានផ្នែកម្នាក់នៅធនាគារនេះ ដែលបានអះអាងថា នាងបានលួចបន្លំលុយ២,៧លានដុល្លារតែម្នាក់ឯងពីធនាគារកាណាឌីយ៉ាចន្លោះពីខែមីនា ដល់ខែតុលា ឆ្នាំ២០១៣ ត្រូវបានរកឃើញពិរុទ្ធភាពពីបទក្លែងបន្លំឯកសារ និងបំពានលើសេចក្ដីទុកចិត្តពិសេសចំពោះការបង្កើតគណនីឥណទានក្លែងក្លាយ និងបំពានតួនាទីរបស់ខ្លួននៅក្នុងធនាគារនេះ។
ចុងចោទបួននាក់ទៀត ដែលមានឈ្មោះ ឡេង ស៊ុនទ្រី អាយុ៣៤ឆ្នាំ អតីតប្រធានផ្នែកប័ណ្ណឥណទាននៃធនាគារនេះ ស៊ុន សៅនិន អាយុ៣៣ឆ្នាំ ជាមិត្តប្រុសរបស់កញ្ញា សុភក្ត្រា ចក់ គឹមហេង អាយុ៥៩ឆ្នាំជាម្ដាយរបស់កញ្ញា សុភក្ត្រា និងកញ្ញា ទេព វិនចន្ធី អាយុ២៨ឆ្នាំ ដែលមានឈ្មោះនៅលើប័ណ្ណឥណទានក្លែងក្លាយ ដែលគេប្រើក្នុងការលួចបន្លំនេះ ត្រូវបានរកឃើញពិរុទ្ធភាពពីបទរួមគំនិតនៅក្នុងការបំពានលើសេចក្ដីទុកចិត្តពិសេសនេះ ហើយត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលពីរឆ្នាំ។
ការផ្ដន្ទាទោសអ្នកស្រី គឹមហេង ត្រូវបានកាត់បន្ថយ។ វិនចន្ធី ជាចុងចោទតែម្នាក់ដែលត្រូវបានកាត់ទោសកំបាំងមុខនោះកំពុងរត់គេចខ្លួននៅឡើយ។
លោកចៅក្រម កោ វណ្ឌី បានមានប្រសាសន៍ថា ” តុលាការបានផ្ដន្ទាទោសពួកគេបន្ទាប់ពីយើងរកឃើញថា ពួកគេមានពិរុទ្ធភាព។ យើងបានចេញដីកាចាប់ខ្លួន វិនចន្ធី រួចហើយ”។
កញ្ញា សុភក្ត្រា ត្រូវបានពិន័យចំនួន២.០០០ដុល្លារ រីឯមនុស្សបួននាក់ទៀតត្រូវបានពិន័យម្នាក់១.០០០ដុល្លារ។ តុលាការក៏បានបង្គាប់ឲ្យមនុស្សទាំងប្រាំនាក់ប្រគល់លុយ២,៧លានដុល្លារទៅឲ្យធនាគារនេះវិញរួមជាមួយនឹងសំណងការខូចខាតចំនួន២០០.០០០ដុល្លារទៀតផងដែរ។
កញ្ញា សុភក្ត្រា លោក ស៊ុនទ្រី និងលោក សៅនិន បានបដិសេធមិននិយាយកាលពីម្សិលមិញនៅក្រៅតុលាការ។ ទោះជាយ៉ាងណា លោក នាង ហៃ មេធាវីរបស់ សុភក្ត្រា និង សៅនិន បាននិយាយថា កូនក្ដីលោកនឹងប្ដឹងឧទ្ធរណ៍ជំទាស់សាលក្រមនេះ។
លោកបានមានប្រសាសន៍ថា “វាអយុត្តិធម៌ណាស់ និងមិនអាចទទួលយកបានទេ។ កូនក្ដីខ្ញុំនឹងប្ដឹងឧទ្ធរណ៍ជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការ”។
ក្នុងរយៈពេលបើកសវនាការប្រាំមួយខែដែលបានបញ្ចប់កាលពីចុងខែកក្កដា កញ្ញា សុភក្ត្រា បានអះអាងថា នាងបានប្រព្រឹត្តតែម្នាក់ឯងនៅក្នុងការបង្កើតគណនីឥណទានក្លែងក្លាយ ដែលមានប័ណ្ណឥណទានក្លែងក្លាយដែលគេប្រើដើម្បីដកលុយរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃពីម៉ាស៊ីនអេធីអឹមនៅទូទាំងទីក្រុង។
បន្ទាប់ពីសវនាការបានបញ្ចប់កាលពីខែកក្កដា ព្រះរាជអាជ្ញាបានផ្ដល់អនុសាសន៍ឲ្យតុលាការលើកលែងការចោទប្រកាន់ចំពោះលោក ស៊ុនទ្រី និងម្ដាយរបស់កញ្ញា សុភក្ត្រា ដោយសារខ្វះភ័ស្តុតាង។
ប៉ុន្តែមេធាវីរបស់ធនាគារកាណាឌីយ៉ាបានប្រាប់តុលាការថាការលួចបន្លំនេះមិនអាចធ្វើបានសម្រេចដោយគ្មានការជួយដោយចេតនាពីលោក ស៊ុនទ្រី អតីតប្រធានរបស់កញ្ញា សុភក្ត្រា បានទេ។ ព្រះរាជអាជ្ញាបានលើកឡើងថាចុងចោទផ្សេងទៀតបានប្រើប័ណ្ណឥណទានក្លែងក្លាយទាំងនេះដោយចេតនា ដោយប្រើឈ្មោះរបស់កញ្ញា វិនចន្ធី ដើម្បីដកលុយពីគណនីធនាគារ ដែលត្រូវបានត្រួតពិនិត្យដោយកញ្ញា សុភក្ត្រា។
លោក ម៉ៃឃើល ឡ នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា បានស្វាគមន៍សេចក្ដីសម្រេចកាលពីម្សិលមិញនេះ។
លោកបាននិយាយថា “យើងមិនទទួលយកឥរិយាបថមិនស្មោះត្រង់បន្តិចបន្តួចណាឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់អតិថិជនរបស់យើង និងជាការបំពានធ្ងន់ធ្ងរលើសេចក្ដីទុកចិត្តចំពោះមនុស្សទាំងអស់ដែលយើងផ្ដល់សេវា”។
មន្ត្រីធនាគារមួយចំនួនបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការសម្រេចចេញសាលក្រមផ្តន្ទាទោសចំពោះការលួចបន្លំនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលកំពុងលូតលាស់យ៉ាងលឿនរបស់ប្រទេសនេះទេ។
ទោះជាយ៉ាងណា លោក ស្ទីហ្វេន ហ៊ីហ្គីន អតីតប្រធានធនាគារ ANZ Royal បាននិយាយថា ដោយសារទំហំ និងការរៀបចំបានល្អនៃបទល្មើសនេះ គួរតែមានការផ្ដន្ទាទោសឲ្យធ្ងន់ជាងនេះ។
លោក ហ៊ីហ្គីន បានសរសេរតាមអុីម៉េលថា ” នេះមិនមែនជាបទល្មើសឱកាសនិយម ធ្វើឡើងភ្លាមៗនោះទេ វាពិតជាមានការគិតទុកជាមុន ដូច្នេះគួរតែមានការផ្ដន្ទាទោសឲ្យធ្ងន់ជាងការផ្ដន្ទាទោសធម្មតា”។ “បុគ្គលិកធនាគារជាច្រើនអាចដកឬបញ្ចេញលុយជាច្រើន ហើយវាមានសារៈសំខាន់ចំពោះការដាក់ប្រព័ន្ធដែលអាចទប់ស្កាត់បានច្រើនចំពោះការលួចបន្លំលុយបែបនេះ”៕ គឹមហឿន