39.4 C
Phnom Penh

របប​លោក​ហ៊ុន សែន​ទទួល​ស្គាល់​ថា​ ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះនៅ​ពេល​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​បាន​លើក​ឡើង​ថា​ លទ្ធភាព​ភាព​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ធ្លាក់​ចុះ​បន្ទាប់ពី​អន្តរជាតិ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​មកលើ​កម្ពុជា។​

ថ្លែង​ក្នុង​វេទិកា​នៃ​កិច្ច​ពិភាក្សា​តុមូល​ ស្តីពី​ស្ថាន​ភាព​នយោបាយ​ចុង​ក្រោយ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ព្រឹកមិញ​នេះ ​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​គឺ​លោក​ផៃ ស៊ីផាន​បាន​លើក​ឡើង​ថា ​កម្ពុជា​មិន​បាន​បាត់បង់​សេដ្ឋកិច្ច​ទីផ្សារ​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ទេ ​ពីព្រោះ​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​បង់​ពន្ធ​នាំ​ទំនិញ​របស់​ខ្លួន​ចេញទៅ​ក្រៅ​ប្រទេស។​

លោក​ផៃ ស៊ីផាន​បាន​ហៅ​ក្រុម​បក្ស​ប្រឆាំង​ថា​ មិនត្រឹម​តែ​ជា​ក្រុម​ឧទ្ទាម​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ក្រុម​ភារវកម្ម​ទៀត​ផង។​ លោក​បន្ត​ថា​ ក្រុម​នេះ​បាន​រៀបចំ​ផែន​ការ​ឱ្យ​បរទេស​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​មក​លើ​កម្ពុជា​ដោយ​សារ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។​

លោក​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​តក់​ស្លុត​ចំពោះ​យុទ្ធ​សាស្ត្រ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​មក​លើ​កម្ពុជា ​ដោយ​អះអាង​ថា​ របប​លោក​ហ៊ុន សែន​បាន​គិត​គូរ​ដោះស្រាយ ​និង​ចាត់​វិធាន​ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។​ 

ការ​លើក​ឡើង​នេះ​ធ្វើឡើង​ក្រោយ​ពេល​​លោក​សមរង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​គាំទ្រ​ឲ្យ​អន្តរ​ជាតិ​ ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​

លោក​សម រង្ស៊ី​បញ្ជាក់​ថា ​វិធាន​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA ​គឺ​ជា​វិធាន​ការ​ត្រឹមត្រូវ​និង​សមស្រប​ ដោយ​ថា​ ជា​សម្ពាធ​សេដ្ឋ​កិច្ច​ដាក់​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​លោក​ហៅ​ថា​ ជា​របប​ផ្តាច់​ការ។​

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​និយាយ​ជំនួស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ថា​ ពល​រដ្ឋ​អាច​ទ្រាំ​លំបាក​បន្តិច​ឬ​ទ្រាំ​រស់​ក្នុង​រយៈ​ពេល​ខ្លី​ដែល​បណ្តាល​ មកពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប ​ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​បាន​ពន្លឺ​ដ៏​ភ្លឺស្វាង​ ស្គាល់​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ និង​ស្គាល់​នូវ​អភិបាល​កិច្ច​ល្អ​ប្រសើរ​មួយ​ ហើយ​ពល​រដ្ឋ​នឹង​មាន​ជីវភាព​ធូរ​ធា​ ចៀស​ឆ្ងាយពី​របប​ពុក​រលួយ​ជា​ប្រព័ន្ធ​ និង​បំផ្លិច​បំផ្លាញ​ជាតិ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​ក្រោមការ​ដឹកនាំ​របស់​ លោក​ហ៊ុនសែន។​

កាល​ពី​ថ្ងៃ​ទី​៩​ខែ​មករា​ ឆ្នាំ​២០១៩  ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ចំនួន​២​រូប​បាន​ស្នើ​ទៅ​រដ្ឋ​បាល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​ឲ្យ​សើរើ​ច្បាប់​ពាណិជ្ជ​កម្ម​ ឬ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្ម​ទូទៅ​GSP​ជាមួយ​កម្ពុជា។​

ការ​ពិនិត្យ​លទ្ធភាព​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ពី​កម្ពុជា​នេះ ​ធ្វើឡើង​ស្របពេល​​ដែល​សហភាព​អឺរ៉ុប​ ​កំពុង​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ឬ EBA​ចេញ​ពី​កម្ពុជា​ផង​ដែរ។​ ក្រុម​អ្នក​ជំនាញ​ខាង​សេដ្ឋ​កិច្ច​និយាយ​ថា​ ប្រសិន​បើ​មាន​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះមែន​នោះ  ​ នោះ​កម្ពុជា​នឹង​ខាត​បង់​ចំណូល​នៃ​ថវិកា​ជាតិ​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស