32.5 C
Phnom Penh

សហភាព​អឺរ៉ុប​អំពាវ​នាវ​ឲ្យ​ស៊ើប​អង្កេត​ជា​អន្តរជាតិ​លើ​ការ​បោះ​ឆ្នោត​និងការ​សម្លាប់​ក​ម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​បំផុត​របស់​​អន្តរជាតិ​ចំពោះ​លទ្ធផល​ប្រទាញ​ប្រទង់​គ្នា​​នៃការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ធ្វើការ​ស៊ើប​​អង្កេត​​ឯករាជ្យ​ដឹក​នាំ​ដោយ​អន្តរជាតិ ​លើការ​បោះ​ឆ្នោត​ និង​ការ​សម្លាប់​កម្មករ​រោង​ចក្រកាត់​ដេរចំនួន​​ប្រាំនាក់​កាលពី​ដើមខែ​នេះ។

សេចក្តី​សម្រេច​ដោយ​សភា​របស់​សហ​ភាព​អឺរ៉ុប​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំផុត​តែ​មួយ​គត់​របស់​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​សភា​សហរដ្ឋអាមេរិ​ក​ បាន​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ចំណាយ​កាលពី​ថ្ងៃ​ពុធ ដែល​នឹង​កាត់​ផ្តាច់​ជំនួយ​មួយ​ចំនួន​ជួយ​ដល់កម្ពុជា ប្រសិន​បើ​កម្ពុជា​ មិន​ធ្វើ​តាម​ការ​ទាមទារ​ស្រដៀង​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ដ៏​​ចម្រូង​ចម្រាស​នេះ​ទេ​នោះ។

សេចក្តី​សម្រេច​​អនុម័ត​ដោយ​សមាជិកប្រមាណ​៧៤០រូប​នៃ​សភា​អឺរ៉ុប​កាលពី​ថ្ងៃព្រហស្បតិ៍នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ “ ទទួល​ស្គាល់​តួនាទី​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិឌ្ឍ​​សេដ្ឋកិច្ច​ និង​នយោបាយ​ទាំង​មូល​របស់កម្ពុជា​” ​ និង​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ព្រម​ទាំង​ដំណើរការ​បោះ​ឆ្នោត​ផងដែរ​ ជាពិសេស​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​ទទួល​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​សេរី​។

សេចក្តីសម្រេច​នេះមាន​ខ្លឹមសារ​ដូច្នេះ​​ថា “ សភា​អឺរ៉ុប​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​
កម្ពុជា​ទទួល​យក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​អន្តរ​ជាតិ​លើ​​ការ​ចោទ​ប្រកាន់​អំពី​ការ​លួ​ចបន្លំ​សន្លឹក​ឆ្នោត​ និង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗទៀត​ជុំ​វិញ​ការ​បោះ​ឆ្នោត​កាលពីខែ​កក្កដា ​ឆ្នាំ​២០១៣”។

សភា​អឺរ៉ុប​បានលើក​ឡើង​ថា ពាក្យ​បណ្តឹង​ផ្លូវ​ច្បាប់​ប្រឆំាង​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​នេះ ព្រម​ទាំង​មេដឹក​នាំ​សហ​ជីព​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាក​សួរ​ជុំ​វិញ​តួនាទី​ពាក់​ព័ន្ធ​របស់​ពួក​គាត់​​នៅ​ក្នុង​បាតុកម្ម​របស់កម្មករ​កាត់​ដេរ​ក្នុង​ពេល​ថ្មី​ៗនេះ ​ត្រូវ​តែ​ដកចេញ​។

សភា​អឺរ៉ុប​បាន​ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​របស់កម្មករ​កាត់​ដេរ​ដែល​ត្រូវ​បាន​កង​រាជអាវុធ​ហត្ថ​បាញ់​ប្រហារ​បណ្តា​ឲ្យ​បាត់​បង់​ជីវិត​ និង​រង​របួស​នៅលើកំណាត់​ផ្លូវ​វេង​ស្រេង​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ហើយ​បាន​ផ្កោល​ទោស​ ​“ ការ​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ហួស​ហេតុ​​​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​”។

សេចក្តី​សម្រេច​នេះ​បានលើក​ឡើង​បន្ត​ទៀត​ថា “ សភា​អឺរ៉ុប​សូម​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់ចត់​ និងចាប់​ខ្លួនអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​និង​ការ​រង​របួស​ទាំង​នេះ​”។

សភា​អឺរ៉ុបក៏​បាន​ជំរុញ​ឲ្យ​ដោះ​លែង​មនុស្ស​ទាំង​២៣នាក់ដែល​ត្រូវ​បាន​ “ ចាប់​ខ្លួន​ដោយ​អយុត្តិធម៌” អំឡុង​បាតុកម្ម​ និង​ឲ្យ​រដ្ឋាភិបាល​ “ លុប​ចោល​ជាបន្ទាន់​” នូវ​បម្រាមហាមមិន​​​ឲ្យ​មានការ​ប្រមូល​ផ្តុំ​គ្នា​ជា​សាធារណៈ​ផងដែរ។

កាលពី​ថ្ងៃ​សុក្រ លោកស្រី មូរ សុខហួរ​ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​នេះ។ លោក​ស្រី​មាន​ប្រសាសន៍​ថា “ សេច​​ក្តី​​សម្រេចនេះ​ទទួល​ស្គាល់​ថា មាន​បញ្ហា​។​សេចក្តី​​​សម្រេច​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឫស​គល់​នៃ​វិវាទ​ដែលបានក្លាយ​ជាវិបត្តិ​”។ លោកស្រី​បាន​បន្ត​ថា ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អន្ត​រជាតិ​ គឺ​ជា​រឿង​សំខាន់​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នា​ពេលបច្ចុប្បន្ន។

លោកស្រី​បាន​ចោទ​សួរ​ថា “ ការ​ពិត​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ត្រូវ​តែ​លាត​ត្រដាង​ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាត​កម្ម​ទាំង​នេះ​ផង​ដែរ។ តើ​ប្រជាពលរ​ដ្ឋ​ត្រូវ​បាត់​បង់​ជីវិត​ប៉ុន្មាន​នាក់ទៀត​ មុន​ពេល​ពួក​យើង​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកយើង​បាន?”​។

ដោយ​សារ​តែ​ប្រហែល​៥០ភាគ​រយនៃ​ស្បែក​ជើង​ និង​សម្លៀក​បំពាក់​ទាំង​អស់​ផលិត​​នៅ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សហ​ភាព​អឺរ៉ុបនោះ​​ សេចក្តី​សម្រេច​នេះ​បាន​ដាក់​គំនាប​​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​តាម​ការ​ទាម​ទារ​របស់​សភា​អឺរ៉ុប។

លោក ទេព នីថា អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ហៅ​កាត់ គ.ជ.ប. បានមាន​ប្រសាសន៍​ថា សភាអឺ​រ៉ុប​មាន​សេរី​ភាព​ក្នុង​ការបញ្ចេញ​មតិ​របស់ខ្លួន​ពាក់​ព័ន្ធ​នឹង​នយោបាយនៅ​​កម្ពុជា​ និង​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​របស់ប្រទេសនេះ​​ ប៉ុន្តែ ភាពមិន​ប្រក្រតី​ទាំង​អស់​ត្រូវ​បាន​ “ដោះ​ស្រាយ​” រួច​ហើយ។​

លោក​បញ្ជាក់​ថា​ “ គ.ជ.ប.​ គ្រាន់តែ​អនុ​វត្ត​ការងារ​របស់​ខ្លួន​ដោយ​ផ្អែក​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ ហើយ​ គ.ជ.ប.​ ​បានដោះ​ស្រាយ​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​កា​រ​បោះ​ឆ្នោត​រួច​ហើយ​”។

លោក​បានលើកឡើងបន្ថែមទៀត​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែលអាច​សម្រេចបាន​​ពាក់​ព័ន្ធ​នឹង​​កំណែ​ទម្រង់​នៃការ​បោះ​ឆ្នោត​ ឬការ​ស៊ើប​អង្កេត​ណាមួយលើលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កាលពីខែកក្កដា។ “ ប្រសិន​បើ​មាន​វិសោធ​នកម្ម​លើ​ច្បាប់ណាមួយ គ.ជ.ប. នឹង​គោរព​តាម​ច្បាប់នោះ​”។

នៅក្នុងញត្តិ​ដោយ​ឡែកពីគ្នា​​ចំនួន​ប្រាំ​ពីរ​ដែល​​ភាគី​នានា​បានដាក់​នៅក្នុង​សភា​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះ​​ស្រាយលើ​​បញ្ហា​នៅ​កម្ពុជា​ ពាក្យ​សម្តី​ធ្ងន់​ៗ​ត្រូវ​បាន​​ប្រើ​ប្រាស់​ដើម្បី​​ពណ៌នា​អំពី​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុម​នយោបាយ​មួយ​នៅ​ក្នុង​សភា​អឺរ៉ុប​ដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​គាំទ្រ​មតិ​យោ​បល់​អ្នក​សង្គម​និយម និងអ្នក​ប្រជា​ធិបតេយ្យ (​Progressive Alliance of Socialists and Democrats) ដែល​ហៅកាត់​ថា S&D បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​កាលពីថ្ងៃទី​២៨ ខែកក្កដា “ មិន​​​មាន​លក្ខណៈសេរី​ទេ ហើយ​ក៏​មិន​យុត្តិធម៌​ដែរ” ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន​ ដែល​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ ​​គ្រប់​គ្រង​ “ ស្ថាប័ន​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​ទាំង​អស់​ រួម ទាំង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ផង​ដែរ ហើយ​ស្ថាប័ន​ទាំង​ពីរនេះទៀត​សោត​មិន​បាន​ដោះ​ស្រាយ​ការ​ចោទ​​ប្រកាន់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ទាំង​អស់អំពីការ​លួចបន្លំ​សន្លឹក​ឆ្នោត​ និង​ពាក្យ​បណ្តឹង​ផ្សេង​ទៀត​ពាក់​ព័ន្ធការ​បោះ​ឆ្នោត​ឲ្យ​បានហ្មត់ចត់​​នោះ​ទេ​”។

ក្រុម​នយោបាយមួយផ្សេង​ទៀត​នៅក្នុង​សភា​អឺរ៉ុបដែល​មាន​ឈ្មោះ​ថា សម្ព័ន្ធ​អ្នក​សេរី​​​និយម​ និង​អ្នក​ប្រជាធិបតេយ្យ​សម្រាប់​ក្រុម​អឺរ៉ុប (Alliance of Liberals and Democrats for Europe Group) ដែល​ហៅកាត់​ថា ALDE បាន​លើក​ឡើង​ថា ខ្លួនជឿថា “ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែលកំពុង​ប្រឈម​នឹង​បញ្ហា​​នៃ​ភាព​ស្រប​ច្បាប់ធ្ងន់​ធ្ងរ​ គួរ​តែ​ទទួល​យក​ការ​ស៊ើប​​អង្កេត​ដោយ​ឯករាជ្យ​លើ​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​ថ្មីៗនេះ និង​ផល​ប៉ះ​ពាល់​របស់​វាទៅ​លើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​ ឬ គួរ​តែ​រៀបចំការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើង​វិញ”។

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា វិធានការ​ថ្មីៗនេះ​របស់​សហរដ្ឋអាមេរិក​ និង​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ស្ថានភាពជាប់​គាំង​​នយោ​បាយ​នា​ពេល​​បច្ចុប្បន្ន​។

លោក​បាន​បន្ត​ថា “ ការ​រួប​រួម​គ្នា​ក្រោក​ឈរ​ឡើង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់​គំនាបលើ​រដ្ឋាភិបាល​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុងការ​ធ្វើឲ្យ​មាន​ការ​កែប្រែ​ ពីព្រោះ​សំឡេង​របស់​ជន​រង​គ្រោះ​​តែង​តែ​ត្រូវ​គេ​មិន​អើពើ ប៉ុន្តែ សហ​គមន៍​អន្តរ​ជាតិ​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ ហើយ​វា​មានសារៈ​​សំខាន់​ណាស់​សម្រាប់​រដ្ឋា​ភិ​បាល​”៕ សុខុម

(រាយការណ៍​បន្ថែមដោយ ឃី សុវុឌ្ឍី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស