លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងកាលពីម្សិុលមិញថា លោកបានស្នើជាផ្លូវការទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការទៅលើតំណាងរាស្ត្រជាប់ឆ្នោតពីគណបក្សប្រឆាំងដែលបានបន្តប្រើប្រាស់ស្លាកលេខរដ្ឋសភាដែលត្រូវបានចាត់ទុកថា “គ្មានសុពលភាព” ដោយសារតែស្លាកលេខទាំងនោះត្រូវបានចេញអំឡុងអាណត្តិមុនពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣។

គណបក្សសង្គ្រោះជាតិបាននិងកំពុងធ្វើពហិការសភា និងមិនទទួលយកអាសនៈសភាទាំង៥៥ដែលខ្លួនសម្រេចបានអំឡុងពេលបោះឆ្នោតកាលពីឆ្នាំមុន។ គណបក្សប្រឆាំងបានធ្វើបែបនេះតាំងពីសភាចាប់ផ្តើមដំណើរការទាំងចម្រូងចម្រាសកាលពីខែកញ្ញាឆ្នាំមុន ហើយមានតែតំណាងរាស្ត្រ៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានទទួលយកអាសនៈរបស់ខ្លួន។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា មានភាពមិនប្រក្រតី និងការលួចបន្លំសន្លឹកឆ្នោតកើតឡើងយ៉ាងទូលំទូលាយនៅថ្ងៃបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតនោះ ឬក៏ឲ្យមានការបោះឆ្នោតឡើងវិញ មុនពេលពួកគេទទួលយកអាសនៈរបស់ខ្លួន។
កាលពីមុន គណបក្សប្រជាជនកម្ពុជា បានព្រមានថា គណបក្សសង្គ្រោះជាតិប្រឈមនឹងការបាត់បង់អាសនៈសភារបស់ខ្លួន ប្រសិនបើពួកគេមិនឈប់ធ្វើពហិការ។
លោក ជាម យៀប បានលើកឡើងបន្ថែមទៀតថា ដែលបច្ចុប្បន្ននេះ មានរឿងកើតឡើងជាថ្មីមួយទៀតគឺថា គណបក្សប្រឆាំងប្រឈមនឹងការបាត់បង់យានយន្តរបស់ខ្លួន។ លោកបានបន្តថា សកម្មភាពបន្តការប្រើប្រាស់ស្លាក់លេខរថយន្តសភាដែលត្រូវបានចេញកាលពីអាណត្តិមុននោះគឺជាអំពើខុសច្បាប់។
លោក ជាម យៀប បានមានប្រសាសន៍ថា “ស្លាកលេខបានប្រើប្រាស់ក្នុងអាណត្តិទី៤លែងមានសុពលភាពទៀតហើយ”។ លោកបានឲ្យដឹងបន្ថែមទៀតថា ក្រសួងមហាផ្ទៃមានការទទួលខុសត្រូវក្នុងការធានាថា គណបក្សសង្គ្រោះជាតិលែងប្រើប្រាស់ស្លាកលេខចាស់ៗ។ លោកបានលើកឡើងទៀតថា មានវិធីតែមួយគត់ដែលគណបក្សសង្គ្រោះជាតិអាចទទួលបានស្លាកលេខថ្មី គឺគេត្រូវឈប់ធ្វើពហិការ ហើយត្រឡប់មកចូលរួមសភាវិញ។ លោកបានមានប្រសាសន៍ថា “នៅក្នុងអាណត្តិនីមួយៗមានស្លាកលេខ១២៣ស្លាក ដែលត្រូវបានចេញឲ្យប្រើប្រាស់ ពោលគឺមានពីលេខ០០១ ដល់លេខ១២៣”។
លោក ជាម យៀប បានមានប្រសាសន៍បន្តទៀតថា “សមាជិកសភា៦៨រូបបានទទួលស្លាកលេខរបស់ខ្លួនរួចហើយ…។ ប្រសិនបើគណបក្សសង្គ្រោះជាតិចង់បានស្លាកលេខ ទាំង៥៥រូប [តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង] ត្រូវមកស្បថនៅរដ្ឋសភា”។
គណបក្សពីរគឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានរួមកម្លាំងគ្នាបង្កើតគណបក្សសង្គ្រោះជាតិកាលពីខែកក្កដា ឆ្នាំ២០១២ និងទទួលបានអាសនៈរួមគ្នាសរុបចូលគ្នាចំនួន២៩អាសនៈកាលពីពេលបោះឆ្នោតឆ្នាំ២០០៨ ជាហេតុនាំឲ្យតំណាងរាស្ត្រជាប់ឆ្នោតបច្ចុប្បន្នរបស់គណបក្សនេះមានសិទ្ធិប្រើប្រាស់ស្លាកលេខរថយន្តសភា។
លោក ជាម យៀប បានឲ្យដឹងបន្ថែមទៀតថា សមាជិកគណបក្សសង្គ្រោះជាតិជាច្រើនកំពុងបន្តប្រើប្រាស់រថយន្តសភាមានស្លាកលេខចាស់ ដែលមិនមានភាពស្របច្បាប់ នៅក្នុងព្រឹត្តិការណ៍សាធារណៈផ្សេងៗដែលគណបក្សនេះរៀបចំ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះសកម្មភាពទាំងនេះលែងទទួលយកបានទៀតហើយ។ សូមឈប់ប្រើស្លាកលេខទាំងនោះទៀតទៅ”។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងនេះទទួលបានលិខិតមួយច្បាប់កាលពីសប្តាហ៍មុន ហើយលិខិតនោះមានគោលបំណងស្នើឲ្យដកស្លាកលេខរថយន្តសភាផ្លូវការពីគណបក្សសង្គ្រោះជាតិ។ លោកបានមានប្រសាសន៍ថា “យើងត្រូវអនុវត្តច្បាប់មិនថា ពួកគេជានរណាទេ”។ ប៉ុន្តែ លោកមិនបានធ្វើអត្ថាធិប្បាយលម្អិតទាក់ទងនឹងរបៀបអនុវត្តច្បាប់ចំពោះរឿងនេះទេ ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលបានជាប់ឆ្នោតចូលក្នុងសភាកាលពីពេលបោះឆ្នោតឆ្នាំ២០០៨ ក៏ប៉ុន្តែ មិនបានបោះឆ្នោតទេកាលពីឆ្នាំមុននោះបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើលោកនឹងណែនាំសមាជិករបស់លោកឲ្យដកស្លាកលេខរថយន្តចាស់ៗរបស់ពួកគេដោយស្ម័គ្រចិត្ត ឬយ៉ាងណាទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចាត់ទុករឿងនេះជារឿងធំដុំទេ។ ខ្ញុំគិតថា នេះគឺជារឿងតូចតាច… [ហើយ]ខ្ញុំរវល់ធ្វើការងារផ្សេងច្រើនណាស់” លោកមិនអាចធ្វើសេចក្តីអត្ថាធិប្បាយទាក់ទងនឹងសំណើរបស់លោក ជាម យៀប បានទេ។
ការប្រើប្រាស់ស្លាករថយន្តរដ្ឋដោយគណបក្សនយោបាយធ្លាប់មានបញ្ហាអំឡុងយុទ្ធនាការឃោសនាការបោះឆ្នោតកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១៣ ។
ពេលនោះ គណបក្សប្រឆាំងបានចោទប្រកាន់សមាជិកគណបក្សប្រជាជនកម្ពុជាថា បានប្រើរថយន្តរដ្ឋខុសច្បាប់ សម្រាប់ធ្វើយុទ្ធនាការឃោសនាការបោះឆ្នោត ជាពិសេសធ្វើសកម្មភាពបែបនេះក្នុងនាមគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគ្រប់គ្រងអំណាចអស់រយៈពេលជាយូរមកហើយនោះ៕ សុធា