32.5 C
Phnom Penh

លោក​ថោង សារ៉ាត់​មាន​ឈ្មោះ​ជាជន​ជាប់​ឃុំ​ក្នុង​គុក​ប៉ុន្តែ​រស់​នៅ​ក្នុង​គុក​តិច​តួច​ណាស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ឧកញ៉ា​ថោង សារ៉ាត់​ ដែល​ត្រូវ​បាន​ជាប់​ឃុំ ​និង​ជាប់​ចោទ​ពាក់​ព័ន្ធ​ករណី​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ​ត្រូវ​គេ​ដឹង​ថា​ កំពុង​រស់​នៅមាន​សេរីភាព​ជាង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត ​ដោយ​យក​លេស​ឈឺ ​ហើយ​សម្រាក​ពេទ្យ។​​

យោង​តាម​គេហ​ទំព័រ​សារ​ព័ត៌មាន​Swift News​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា ​លោក​ថោង សារ៉ាត់ ​ដែល​មាន​ងារ​ជា​ឧញ៉ា​ផង​ ជា​មន្ត្រី​សមត្ថ​កិច្ច​ផ្កាយមាស​មួយ​ផង​ ព្រម​ទាំង​ជា​ម្ចាស់​ភាគហ៊ុន​​ខុនដូ​ យីហោ ​៩៩៩ ​និង​ សាច់​ប៉ាតេ​៩៩៩​ផង​នោះ ​ត្រូវ​សារ​ព័ត៌មាន​នេះ​បក​អាក្រាត​ថា​  មាន​ឈ្មោះ​ជា​ជន​ជាប់​ចោទ​ត្រូវ​ឃុំ​ក្នុង​គុក​ព្រៃ​ស​ ប៉ុន្តែ​រយៈ​ពេល​តិចតួច​ណាស់​ដែល​លោក​ជាប់​ក្នុង​គុក​ ក្រៅពីនោះ​គឺ​លោក​ចំណាយ​ពេល​រស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រហូត។​

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ ​ពេល​សមត្ថ​កិច្ច​ចាប់​ខ្លួន​លោក​រហូត​ដល់​ឆ្នាំ​២០១៧​ជន​ជាប់​ចោទ​រូប​នេះ​រស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ឬ​ហៅ​ថា​ ពេទ្យ​រុស្ស៊ី​រហូត​ដោយ​សម្ងំ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​ប្រណិត​ ហើយ​នៅ​ក្បែរ​សំណង់​អគារ​ខុនដូ​របស់​គាត់​ផង​ដែរ។​ ក្រោយ​មក​នៅ​ខែ​មេសា​ឆ្នាំ​២០១៧​លោក​ត្រូវ​បាន​ប្តូរ​ទៅ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ព្រះ​កុសុមៈ​វិញ។​

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ លោក​ថោង សារ៉ាត់​បាន​ផ្លាស់​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​វិញ​ម្តង​ ក្រោយ​ពេល​ក្រុម​គ្រួសារ​បាន​រៀបចំ​បន្ទប់​មួយ​យ៉ាង​ប្រណិត​សម្រាប់​លោក​ហើយ​លោក​អាច​ជួប​ជាមួយ​ប្រពន្ធ​ដើម្បី​រួម​មេត្រី​និង​មាន​អ្នក​បម្រើ​យ៉ាង​សុខ​ស្រួល​ថែម​ទៀត។​ សារ​ព័ត៌មាន​នេះ​ក៏​បាន​ដក​ស្រង់​ប្រសាសន៍​វេជ្ជ​បណ្ឌិត​ម្នាក់​ថា ​លោក​ថោង សារ៉ាត់​មិន​មាន​ជំងឺ​អ្វី​នោះ​ទេ​ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ហេតុ​អ្វី​ដែល​គេ​មិន​ព្រម​បញ្ចូន​លោក​ទៅ​ឃុំ​ខ្លួន​ក្នុង​គុក​ព្រៃ​ស​វិញ​សោះ។​

លោក​ថោង សារ៉ាត់​ដែល​មាន​ឪពុក​ម្តាយ​ជាជន​ជាតិ​វៀតណាម​និង​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​ក្រោយ​ពេល​សមត្ថ​កិច្ច​រក​ឃើញ​ថា​ ជា​មេ​ខ្លោង​ក្នុង​ការ​បញ្ជា​ឱ្យ​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ​នៅ​កន្លែង​លក់​ផ្លែ​ឈើ​ក្បែរ​ស្តាត​អូឡាំពិក​ កាល​ពី​ខែ​ឧសភា​២០១៤។​​

ការ​អនុវត្ត​ច្បាប់​បែប​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា​  ជា​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​បាន​ស្មើភាព​គ្នា​រវាង​អ្នក​ជាប់​ឃុំ​ធម្មតា ​ឬ​ អ្នក​ក្រីក្រ ​ឬ ​ក្រុម​សង្គម​ស៊ីវិល​ និង​អ្នក​នយោបាយ​ជាមួយ​អ្នក​ជាប់​ឃុំ​ដែល​ជា​ក្រុម​អ្នក​មាន​ប្រាក់​មាន​អំណាច​ជាដើម។​​

ជាក់​ស្តែង​ករណី​លោក​យា ថុង​ ដែល​ជា​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ប្តី​របស់​គាត់​ស្លាប់​ដោយ​សារ​តែ​មាន​ជំងឺ​ក្នុង​ពន្ធនាគារ​ធ្ងន់ធ្ងរ​តែ​មន្ត្រី​ពន្ធនាគារ​មិន​ព្រម​បញ្ជូន​គាត់​មក​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា ​ហើយ​នៅ​ពេល​លោក​បាន​ចេញ​ពី​ពន្ធនាគារ​មួយ​រយៈ​ ជំងឺ​របស់​លោក​កាន់​តែ​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់។​​

ក្រៅពី​លោក​យា ថុង​ក៏មាន​អ្នក​ជាប់​ឃុំ​មសិកា​ដទៃ​ទៀត​ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​ការ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​កម្រ​នឹង​បញ្ជូន​ពួក​គាត់​មក​ព្យាបាល​ណាស់។​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា​ ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្តង់ដារ​ពីរ​ដូច្នេះ​គឺដោយ​សារ​តែ​អំពើ​ពុក​រលួយ​ផង​ដែរ​ ដែល​ធ្វើឱ្យ​អំពើ​អយុត្តិ​ធម៌​កើត​មាន​កាន់​តែ​ច្រើន​ក្នុង​សង្គម​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស