29.6 C
Phnom Penh

លោក​ហ៊ុន សែន​អំពាវនាវ​កុំ​ឲ្យ​មាន​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​​ស្រមោច​ស៊ី​ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​អះអាង​ថា​ នយោបាយ​សង​សឹក​គ្នា​ប្រៀប​ដូច​ទៅ​នឹង​របប​ខ្មែរ​ក្រហម​ ដែល​មាន​ការ​សងសឹក​គ្នា​ទៅ​នឹង​របប​មុន​ ក្រោយ​ពេល​ ខ្មែរ​ក្រហម​បាន​ឡើង​ដឹក​នាំ​ប្រទេស។​

លោក​ហ៊ុន សែន​អះអាង​ថា​ នយោបាយ​គណបក្ស​ដទៃ​ខ្លះ​ប្រៀប​ដូច​ជា​ទឹក​ឡើង​ត្រី​ស៊ីស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី។ ​លោក​បញ្ជាក់​ថា​ អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​មិនទាន់​គ្រប់គ្រង​អំណាច​ផង​ ក៏បាន​អំពាវ​នាវឲ្យ​កងទ័ព​ប្រឆាំង​រាជ​រដ្ឋាភិបាល​ទៅ​ហើយ ​ដោយ​លោក​ថា​ នយោបាយ​របៀប​នេះ​ជា​នយោបាយ​នាំឲ្យ​មាន​ចលាចល​នៅ​ក្នុង​ប្រទេស​ជាតិ​ជាពុំ​ខាន។​

មិនតែ​ប៉ុណ្ណោះ​នៅថ្ងៃ​នេះ ​លោក​ហ៊ុន សែន​ក៏បាន​កែប្រែ​ចិត្ត​គំនិត​របស់​ខ្លួន​ដែល​ធ្លាប់​បាន​សច្ចា​ចំពោះ​មុខ​មហាជន​កន្លង​មក​ថា​ លោក​នឹង​ដឹកនាំ​ប្រទេស​ត្រឹម​ឆ្នាំ​២០២៨​​ ដោយ​លោកថា ​នឹង​ដឹក​នាំ​ប្រទេស​មួយ​នេះជា​យូរ​អង្វែង​បន្ត​ទៀត​ រហូត​ដល់​ក្រុម​ប្រឆាំង​ដែល​លោក​ហៅថា​ ជាក្រុម​ចម្រៃ​ មាន​គំនិត​ពិសពុល​ ស្លាប់​អស់​ជា​មុន​សិន។​

ថ្លែង​ពីក្រៅ​ប្រទេស​និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​កាលពី​ថ្ងៃ​១៨​មីនា ​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្ស៊ី​បាន​ស្នើ​ទៅ​ប្រធាន​គណបក្ស​នយោបាយ​និង​អ្នក​ដឹកនាំ​ដែល​មាន​វ័យ​ចាស់​ទាំង​ឡាយ​ដល់​ពេល​ត្រូវ​ដក​ខ្លួន​សម្រាក​ ដើម្បី​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ឡើង​មក​ធ្វើ​ឬ​ដឹក​នាំ​វិញ​ម្តង។​

លោក​សម រង្ស៊ី​បាន​ថ្លែង​ថា ​បំណង​របស់​លោក​នៅ​ពេល​នេះ​គឺ​គ្រាន់តែ​វាយ​បំបែក​ឧបសគ្គ​ដ៏​ធំធេង​នោះ​គឺ​អំណាច​ផ្តាច់​ការ​សព្វថ្ងៃ​ ដើម្បី​បើក​ផ្លូវ​ប្រជា​ធិបតេយ្យ​ឲ្យ​យុវជន​កូន​ខ្មែរ​ជំនាន់​ក្រោយ​មាន​ឱកាស​មក​ដឹកនាំ​ប្រទេស​​តាម​សមត្ថ​ភាព​របស់​បុគ្គល​ម្នាក់ៗ​ ដោយ​មិន​មាន​ការ​រើសអើង​តាម​គំនិត​បក្ខ​ពួក​និយម​ គំនិត​គ្រួសារ​និយម​និង​អំពើ​ពុករលួយ។​

លោក​ប្រាប់​ពី​មូលហេតុ​ដែល​តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ចាស់ៗ​សព្វ​ថ្ងៃ​ចូល​និវត្តន៍​គឺ​ជា​ឱកាស​ផ្តល់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មក​ដឹក​នាំ​ប្រទេស​តាម​វេន​របស់​ខ្លួន ​ដើម្បី​ឲ្យ​ពួក​គេ​អាច​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ហើយ​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការ​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ ​ចំណេះ​ដឹង​ថ្មី ​ឈាម​ថ្មី​គំនិត​ថ្មី​ជា​កត្តា​ចាំបាច់​ដើម្បី​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​ដែល​ជំរុញ​ប្រទេស​យើង​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ​ដែល​ផ្តល់​ផល​ចំណេញ​ដល់​ប្រជា​រាស្ត្រ​ទូទៅ។​

ប្រធាន​ក្រុម​អ្នក​វិភាគ​នយោបាយ​វ័យ​ក្មេង​កញ្ញា​លី ស្រីស្រស់​នៅ​ថ្ងៃ​នេះ​បាន​លើក​ឡើង​នៅ​លើ​បណ្តាញ​សង្គម​ថា ​មិន​ត្រូវ​យក​រឿង​កម្ទេច​អ្នក​ក្បត់​ជាតិ ​និង​អ្នក​ប្រឆាំង​ជាលេស​ក្នុង​ការ​បន្ត​កាន់​អំណាច​របស់​ខ្លួន​ឡើយ។​

កញ្ញាក៏​បាន​ណែនាំ​ដល់​អ្នក​ដឹក​នាំ​ចាស់​វស្សា​ថា​ ក្នុង​នាម​ជា​មេដឹក​នាំម្នាក់​ ដែល​មាន​បទ​ពិសោធន៍​ដឹកនាំ​ជា​ច្រើន​ឆ្នាំ ​ត្រូវ​ដឹង​ថា ​ ការ​ដឹក​នាំ​រមែង​តែង​មាន​អ្នក​មិន​ពេញ​ចិត្ត ​ហើយ​ការ​រិះគន់​គឺជា​រឿង​ដែល​មិន​អាច​ចៀស​រួច។​មួយ​វិញ​ទៀត​ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ មិន​ត្រូវ​សូម្បី​តែ​​ស្រមោច​មួយ​ខាំ​ក៏​យល់​ថា​ ជា​រឿង​ធំដុំ​នោះ​ដែរ។​

កញ្ញា​ថា ​ក្រុម​អ្នក​ប្រឆាំង​មិនមែន​ជា​អ្នក​ប្រឆាំង​នឹង​ជាតិ​និង​មិនមែន​ជា​អ្នក​ប្រឆាំង​នឹង​អ្នក​ដឹក​នាំ​នោះ​ទេ​តែជា​អ្នក​ប្រឆាំង​ទៅនឹង​គំនិត​ដឹកនាំ​របស់​អ្នក​ប៉ុណ្ណោះ ​ហើយ​អ្នក​ប្រឆាំង​ក៏​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ ឬ​ហៅថា​ អ្នក​ក្បត់​ជាតិ​នោះ​ដែរ។​ មិន​តែ​ប៉ុណ្ណោះ ​ក្រុម​អ្នក​ប្រឆាំង​រឹត​តែ​មិន​អាច​ជា​កម្ម​វត្ថុ​សម្រាប់​អ្នក​ដឹកនាំ​យក​មក​ប្រើ​ជា​លេស​ដើម្បី​បន្ត​កាន់​អំណាច​នោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស