39.4 C
Phnom Penh

លោកហ៊ុន សែន​ថា​ នឹង​មិន​ធ្វើ​តាម​ក្តី​បារម្ភ​​អន្តរជាតិ​ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​លោក​ហ៊ុន សែន​បាន​អះអាង​ថា​ រាល់​ក្តី​បារម្ភ​របស់​អន្តរជាតិ​មិនមែន​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ឬ​ជា​ច្បាប់​ដែល​ត្រូវ​យក​មក​អនុវត្ត​តាម​នោះ​ឡើយ។ ​

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០១៩​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹកមិញ​លោក​ហ៊ុន សែន​អះអាង​ថា​ ការ​អនុវត្ត​គោល​នយោបាយ​ស្តីពី​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ពី​សំណាក់​ប្រទេស​លោក​ខាង​លិច​ចំពោះ​កម្ពុជា​មាន​ភាព​លំអៀង​ខុសពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូចជា​ប្រទេស​ថៃ​ឬ​មីយ៉ាន់ម៉ា​ជាដើម។​

កាលពី​ថ្ងៃ​ម្សិលមិល​ លោក​ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ម្តង​រួច​មក​ហើយ​ ចំពោះ​ភាព​លម្អៀង​របស់​សហគមន៍​អន្តរជាតិ​មក​លើ​កម្ពុជា​ដោយ​លោក​អះអាង​ថា​ មាន​ស្តង់ដារ​ពីរ។​ លោក​ហ៊ុន សែន​បន្ត​ថា​របប​យោធា​ថៃ​សម្រេច​រំលាយ​បក្ស​ប្រឆាំង​ដែល​មាន​ឥទ្ធិ​ពល​ចោល​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​តែ​ម្តង​ប៉ុន្តែ​អន្តរជាតិ​ជាពិសេស​សហភាព​អឺរ៉ុប​ ឬ​អាមេរិក​មិន​បាន​ថ្កោល​ទោស​អ្វី​នោះ​ទេ។​

កាល​ថ្ងៃ​ទី​២០​ខែ​មីនា​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ប្រាក់ សុខុន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ក្រោយ​ពី​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​អឺរ៉ុប​ដោយ​បញ្ជាក់​ថា ​វិធាន​ការ​ចុង​ក្រោយ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​កាន់​យក​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​EU​ពាក់ព័ន្ធ​នឹង​លំហ​នៃ​ប្រជា​ធិបតេយ្យ​ សេរី​ភាព​សង្គម​ស៊ីវិល ​សិទ្ធិ​ការងារ​និង​បញ្ហា​ដីធ្លី។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​នោះ​អះអាង​ថា ​រដ្ឋាភិបាល​មួយ​នេះ​ចាត់​ទុក​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ របស់​សហភាព​អឺរ៉ុប​មានសារៈ​សំខាន់​សម្រាប់​សេដ្ឋកិច្ច ​សម្រាប់​កម្មករ​ និងពល​រដ្ឋ​កម្ពុជា ​ហើយ​នឹង​បន្ត​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​កង្វល់​របស់​ពួកគេ​ថែម​ទៀត​ផង។​

រហូត​មក​ទល់​ពេល​នេះ ​ទាំង​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ថ្កោល​ទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំពោះ​ការ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​រំលោភ​គោល​ការណ៍​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​បាន​ព្រមាន​ថា​ ពួកគេ​នឹង​ចាត់​វិធាន​ការ​នេះ​ជា​បន្តបន្ទាប់​ដោយ​ចាប់​ផ្តើម​ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA ​និង​GSP​ក្នុង​ពេល​ខាង​មុខ​ ប្រសិន​បើ​លោក​ហ៊ុន សែន​មិន​ព្រម​ស្តារ​ស្ថាន​ការណ៍​ក្នុង​ប្រទេស​តាម​ការ​ចង់​បាន​របស់​ពួកគេ​ឡើង​វិញ។​

អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ធ្លាប់​លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ​មក​ដល់​ពេល​នេះ​ ស្ថាន​ភាព​នយោបាយ​អំណាច​បុគ្គល​របស់​លោក​ហ៊ុន សែន​អស់​ផ្លូវ​លោត​ហើយ​ ក្រោយ​បេសក​កម្ម​ទើប​បាន​បញ្ចប់​ទៅ​ថ្មីៗ​របស់​គណៈ​ប្រតិភូ​តំណាង​នៃ​សហភាព​អឺរ៉ុប​ចូល​មក​កម្ពុជា​ ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA។​

លោក​ថា ​ប្រជារាស្ត្រ​ខ្មែរ​អាច​ដឹង​បាន​ថា ​តើ​អ្នក​ណា​ជា​មេប​ង្កើត​កំហុស​ហើយ​ថា​ ប្រសិន​បើ​កម្ពុជា​របូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ​និង ​GSP​ គឺ​លោក​ហ៊ុន សែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់បង់​ប្រាក់​ចំណូល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ៕ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស