33.2 C
Phnom Penh

លោក​ហ៊ុន សែន​ប្រកាស​ឱ្យ​ក្រុម​ហ៊ុន​លោក​គិត ម៉េង​បន្ត​អាជីវកម្ម​ផ្លូវ​ដែក​ដដែល​ក្រោយ​ពេល​លោក​ប្រកាស​បញ្ចប់​បាន​៣​ថ្ងៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន​បាន​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​គិត ម៉េង​បន្ដ​ប្រតិបត្តិ​ការ​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ដដែល​ក្រោយ​ពី​លោក​បាន​បញ្ជា​ដោយ​ផ្ទាល់​មាត់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ឲ្យដក​សិទ្ធិ​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ។​

លោក​ហ៊ុន សែន​នៅ​ថ្ងៃ​ទី១​មេសា​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ពាក់ព័ន្ធ​បញ្ហា​ផ្លូវ​ដែក​ថា ​ដរាប​ណា​កិច្ច​ព្រម​ព្រៀង​ថ្មី​និង​ដៃគូ​វិនិយោគ​ថ្មី​មិនទាន់​មាន​ ​ក្រុមហ៊ុន​RoyalRailway​របស់​អ្នក​ឧញ៉ា​គិត ម៉េង នៅ​បន្ត​ទទួល​គ្រប់គ្រង​ផ្លូវ​ដែក​ដដែល។​

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ការ​បក​ស្រាយ​របស់​លោក​កាល​ពី​សប្តាហ៍​មុន​អាច​ជា​ការ​បកស្រាយ​មិន​ទាន់​អស់​សេចក្តី​ដោយ​ថា​ មិនទាន់​បាន​និយាយ​ពី​អំឡុង​ពេល​អន្តរ​កាល​ពីព្រោះ​នៅ​ពេល​នេះ​មិន​ទាន់​មាន​ដៃ​គូ​ឬ​ក្រុមហ៊ុន​វិនិយោគ​ថ្មី​ចូល​មក​ជា​ផ្លូវ​ការ​ហើយ​ក្រុមហ៊ុន​របស់​លោក​គិតម៉េង​នៅតែ​បន្ត​គ្រប់គ្រង​ផ្លូវ​ដែក​ដដែល។​

លោក​អះអាង​ថា ​នៅពេល​ដែល​រក​ដៃ​គូ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ​ ក្រុមហ៊ុន​RoyalRailway​ក៏​អាច​ចូល​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បាន​ ដើម្បី​មាន​ឱកាស​ពង្រីក​វិសាល​ភាព​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​ បាន​កាន់​តែ​ទូលំ​ទូលាយ​ ដោយ​លោក​ចង់​បាន​ផ្លូវ​ដែក​ដែល​មាន​ដំណើរ​ការ​ដឹក​ជញ្ជូន​មាន​ភាព​រស់​រវើក​និង​សកម្ម។​

កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ​ដោយ​សម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន​RoyalRailway​របស់​អ្នក​ឧកញ៉ា​គិត ម៉េង​បន្ត​ប្រតិបត្តិ​ការ​ដឹក​ជញ្ជូន​ទំនិញ​និង​អ្នក​ដំណើរ​តាម​ផ្លូវ​ដែក​ភាគ​ខាង​ត្បូង​ដដែល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ។​

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លើក​ហេតុ​ផល​ថា​ ក្រសួង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ត្រួត​ពិនិត្យ​​ទៅ​លើ​លក្ខខណ្ឌ​និង​បច្ចេក​ទេស​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ដំណើរ​ការ​ផ្លូវ​ដែក​នេះ។​

កាល​ពី​២៩​ខែ​មីនា ​លោក​ហ៊ុន សែន​បាន​សម្រេច​បញ្ចប់​ការ​​ធ្វើ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​RoyalRailwayCambodia​ក្នុង​ប្រតិបត្តិ​ការ​ផ្លូវ​ដែក​​នៅ​កម្ពុជា​ដោយ​សម្រេច​ប្រគល់​ការ​គ្រប់គ្រង​ប្រតិបត្តិ​ការ​ផ្លូវ​ដែក​ទៅ​ឱ្យ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ជា​បណ្ដោះ​អាសន្ន​ដើម្បី​រៀបចំ​នីតិ​វិធី​គ្រប់គ្រង​ដំណើរ​ការ​ឡើង​វិញ។​

ការ​សម្រេច​ដក​ពេល​នោះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​មើល​ឃើញ​ថា​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំពុង​រៀបចំ​គាប​អ្នក​ឧកញ៉ា​ដែល​ជា​មនុស្ស​ស្និត​នឹង​ខ្លួន​ជា​បណ្តើរៗ​ ដោយ​គេ​សង្កេត​ឃើញ​ថា​ លោក​ហ៊ុន សែន​និង​លោក​គិត ម៉េង​ឆាប់​ផ្តើម​មាន​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ខ្លាំង។​

ជាង​នេះ​ទៅទៀត​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​ព្រមាន​ធ្ងន់ៗ​ដល់​លោក​គិត ម៉េង​ដោយ​ថា​ មុខ​ជំនួញ​ទាំង​ឡាយ​របស់​លោក​ឧកញ៉ា​រូប​នេះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ ហើយ​ថា​ លោក​គិត ម៉េង​នឹង​មាន​វាសនា​អាក្រក់​ ប្រសិន​បើ​ប្រឆាំង​នឹង​លោក​។ ក្រោយ​ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​រឿង​រ៉ាវ​បង្ក្រាប​គ្រឿង​ញៀន​ជាង​៥០​​គីឡូ​​ក្រាម​នៅ​មណ្ឌល​កម្សាន្ត​Rock​ក៏​កើត​ឡើង​ និង​ឈាន​ទៅ​ចាប់​ខ្លួន​ ​លោក​ឧកញ៉ា​គិត ធាង​ ដែល​ជាបង​ប្រុស​បង្កើត​របស់​លោក​គិត ម៉េង​ តែ​ម្តង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស