32.5 C
Phnom Penh

ស្រ្តី​ពាក់​ម៉ាស់​មួយ​ក្រុម​អុកឡុក​មិន​ឱ្យ​ភរិយា​លោក​រ៉ាត់ រត្នមុនី​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​ពាក់​ម៉ាស់​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​បាន​នាំ​គ្នាទៅ​រារាំង​សកម្ម​ភាព​របស់​ភរិយា​ និង​អ្នក​គាំទ្រ​លោក​រ៉ាត់​ រត្នមុនី​ដើម្បី​បញ្ឈប់​កុំ​ឲ្យពួក​គេ​ធ្វើ​ការ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​បន្ត​ទៀត។​

គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​ឡុង គឹមហ៊ាង​​ភរិយា​របស់​លោក​រ៉ាត់ រត្នមុនី​បាន​បង្ហាញ​ទាំង​រូប​ភាព​និង​វីដេអូ​នៅ​ព្រឹក​នេះ​ អំពី​ក្រុម​អ្នក​គាំទ្រ​របស់​អ្នកស្រី​ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​រុស្សី​ហើយ​ក៏​មាន​មនុស្ស​ស្រី​មួយ​ក្រុម​មាន​គ្នា​៦​នាក់ មក​រារាំង​ការ​តវ៉ា​របស់​ពួក​គេ។​ ប្រភព​ដដែល​បន្ត​ថា ​មុន​ដំបូង​ស្ត្រី​ទាំង​នោះ​បាន​ប្រាប់​អ្នកស្រី​ថា​  ពួក​គេ​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​តែក្រោយ​មក​ក្រុម​ស្ត្រី​ពាក់​ម៉ាស់​ទាំង​នោះ​ប្រាប់​អ្នក​ស្រី​ឡុង​គឹមហ៊ាង​ថា​ ពួក​គេ​ជា​ក្រុម​អាជ្ញាធរ​ទៅ​វិញ។ ​ អ្នកស្រី​ឡុង គឹមហ៊ាង​ថា​ រឿង​ដែល​ចម្លែក​នោះ​គឺ​អាជ្ញាធរ​ឈរ​មើល​ស្ត្រី​ទាំង​នោះ​ធ្វើ​សកម្ម​ភាព​បាន​តាម​ទំនើង​ចិត្ត​ហើយ​បាន​បណ្តេញ​ក្រុម​របស់​អ្នកស្រី​ចេញ​ពីមុខ​ស្ថានទូត​រុស្ស៊ី។ ​លុះ​សកម្ម​របស់​ពួក​គេ​បញ្ចប់​ទៅ​ក៏មាន​ឡាន​មក​ទទួល​ស្រ្តី​ពាក់​ម៉ាស់​ទាំង​នោះ​ទៀត​ផង។​

ភរិយា​ និង​សកម្ម​ជន​ដីធ្លី​ដែល​គាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី​បាន​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ជាថ្មី​ទៀត ​ដែល​ជា​ការ​តវ៉ា​លើក​ទី​១២​ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ជួយ​​ធ្វើ​អន្តរាគមន៍​ដោះលែង​អ្នក​បកប្រែ​ភាសា​ឱ្យ​ទូរទស្សន៍​របស់​រុស្ស៊ី​RT​ក្នុង​រឿង«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។​ ទោះបីជា​ពេល​នេះ​ជាការ​តវ៉ា​លើក​ទី​១២​ក៏​ដោយ​ប៉ុន្តែ​ក្រុម​របស់​អ្នក​ស្រី​មិន​ដែល​ឃើញ​មាន​ការ​ឆ្លើយ​តប​ណាមួយ​ពី​រដ្ឋាភិបាល​ឬ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ។​

កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ ឆ្នាំ​២០១៨​ លោក​ រ៉ាត់  រត្នមុនី​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ក្រោយ​ពេល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​និង​បញ្ជូន​ខ្លួន​មក​កម្ពុជា​ពាក់​ព័ន្ធ​ករណី​ទូរ​ទស្សន​រុស្ស៊ី​RT​ផលិត​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ» ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ ជា​ការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស