32.5 C
Phnom Penh

សមត្ថ​កិច្ច​ជំនាញ​ទទួល​ស្គាល់​ថា​ ការ​នាំ​ចូល​ឱសថ​ខុស​ច្បាប់​កើត​មាន​ដោយ​ភាព​ខ្វះ​ចន្លោះ​របស់​សមត្ថកិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សមត្ថ​កិច្ច​ជំនាញ​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ​ឱសថ​ខុស​ច្បាប់​មួយ​ចំនួន​កើត​មាន​ដោយសារ​តែ​ក្រុម​ជន​ល្មើស​បាន​នាំចូល​និង​បង្កើត​។ លោក​ព្រម​ទាំង​ទទួល​ស្គាល់​ថា​ បញ្ហា​នេះ​ក៏​ដោយ​សារ ​ភាព​ធ្វេស​ប្រហែស​របស់​មន្ដ្រី​អនុវត្ត​ច្បាប់​ផង​ដែរ។​

ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ក្រសួង​មហា​ផ្ទៃ​​ស្តីពី​លទ្ធ​ផល​នៃ​ការ​ចុះ​បង្ក្រាប​ទីតាំង​ឱសថ​បុរាណ​ចិន​បំប៉ន​ផ្លូវ​ភេទ​នា​ថ្ងៃ​អង្គារ​នេះ ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក​មៀជ សុផាន់ណា​ មាន​ប្រសាសន៍​ថា ​កាលពី​ចុង​ខែ​មីនា​កន្លង​មក​នេះ ​កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​ឱសថ​បូរាណ​ចិន​៣​កន្លែង​ស្ថិត​សង្កាត់​អូរឫស្សី ​ រាជ​ធានី​ភ្នំពេញ។​

លោក​បន្ថែម​ថា ​​ការ​បង្ក្រាប​នោះ​អាជ្ញាធរ​ចាប់​បាន​ឱសថ​ខុស​ច្បាប់​និង​ផុត​សុពល​ភាព​ជិត​២​ម៉ឺន​គ្រាប់​ដែល​សុទ្ធ​សឹង​ជា​ប្រភេទ​ឱសថ​បង្កើន​និង​ជំនួយ​ផ្លូវ​ភេទ។ ​ក្រៅពី​វត្ថុតាង​ទាំង​អស់​នេះ ​អាជ្ញាធរ​ក៏រក​ឃើញ​ជន​សង្ស័យ​ចំនួន​៣​នាក់ ​ដែល​ជា​ម្ចាស់​ទីតាំង​ហើយ​ថា​ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ពួក​គេ​ទៅ​តុលាការ។​

មន្ត្រី​ជំនាញ​រូប​នេះ​បន្ត​ថា ​ផលិត​ផល​ខុស​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​លួច​លាក់​ដឹក​ជញ្ជូន​មក​ពី​ប្រទេស​ជិត​ខាង​មក​ហើយ​លោក​ក៏​ទទួល​ស្គាល់​ថា​ សមត្ថ​កិច្ច​កម្ពុជា​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការ​ងារ​នេះ​ផង​ដែរ។​

ក្នុង​ពិធី​កិន​កម្ទេច​ផលិត​ផល​ក្លែងក្លាយ​កាលពី​ថ្ងៃ​ទី​១៣​ខែ​មីនា​កន្លង​ទៅ ​រដ្ឋ​មន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​ធ្លាប់​បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​បង្ក្រាប​ករណី​ទាំង​នេះ ​ដោយ​ត្រូវ​ចាប់​ជន​ល្មើស​យក​មក​អនុវត្ត​ផង​ ដ្បិត​ការ​បង្ក្រាប​កន្លង​មក​គឺ​មាន​តែ​វត្ថុ​តាង​តែជន​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​នោះ​ឡើយ។​ ​

របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ ​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​១២​ខែ ​កាលពី​ឆ្នាំ​២០១៧​ស្ថាប័ន​នេះ​បាន​រឹប​អូស​ផលិត​ផល​ក្លែង​ក្លាយ​រួម​នឹង​គ្រឿង​ទេសក៍​ក្លែង​ក្លាយ​ខុស​ច្បាប់​ចំនួន​៦០០​តោន។​

ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ​២០១៨ ​សមត្ថ​កិច្ច​បាន​រឹបអូស​ទំនិញ​ក្លែង​ក្លាយ​ ថ្នាំ​ពេទ្យ​ក្លែងក្លាយ ​និង​ដុត​បំផ្លាញ​ចោល​ជា​បន្ត​បន្ទាប់​ដែល​មាន​ចំនួន​ជាង​២០០​តោន​បន្ថែម​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស