29.6 C
Phnom Penh

កម្ពុជា​នៅ​តែ​ទទួល​បាន​ចំណាត់​ថ្នាក់​អាក្រក់​នៃ​សេរីភាព​សារ​ព័ត៌មាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ពិន្ទុ​នៃ​សេរីភាព​សារ​ព័ត៌មាន​ ក្រោយ​ពី​មាន​ការ​វាយ​តម្លៃ​ថា​ សេរីភាព​ផ្នែក​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នេះ​នៅតែ​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់​ជាង​មុន​ទៅ​ទៀត។

របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៩​ ដែល​ចេញ​ផ្សាយ​ដោយ​ អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​RSF ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ពិន្ទុ​កម្ពុជា​លេខ​៤៥,៩០ ​និង​បាន​ដាក់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១៤៣​ ក្នុង​ចំណោម​ប្រទេស​១៨០​លើ​ពិភព​លោក។​  ​

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​មួយ​នេះ​បាន​ឱ្យ​ដឹង​ថា​ពិន្ទុ​នេះ ​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ចុះ​៣,៩ ពិន្ទុ ​​បើ​ប្រៀប​​ធៀប​នឹង​ឆ្នាំ​២០១៨​​ដែល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៤២។ ​ដោយ​ឡែក​ កាល​ពី​ឆ្នាំ​២០១៧ ​អង្គការ​អន្តរ​ជាតិ​មួយ​នេះ ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជាប់​លេខ​រៀង​ទី​១៣២​ក្នុង​ចំណោម​ប្រទេស​១៨០។​

ការ​ទទួល​បាន​ចំណាត់​ថ្នាក់​ធ្លាក់​ចុះ​ពេល​នេះ​ បង្ហាញ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ទៅ​រក​ភាព​កាន់​តែ​អាក្រក់​៣​ឆ្នាំ​ជាប់ៗ​គ្នា។​

ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​បុកម្នេញ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ ដោយ​ចាប់​ផ្តើម​ពី​កាសែត​The Cambodia Daily​ដែល​ត្រូវ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​ផ្សាយ​របស់​ខ្លួន​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​២០១៧ ​ក្រោម​ហេតុ​ផល​មិន​បាន​បង់​ពន្ធ​រយៈ​ពេល​១០​ឆ្នាំ ​ដែល​មាន​ទឹក​ប្រាក់​៦​លាន​៣​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

ក្រោយ​គ្នា​បន្តិច​ស្ថានីយ៍​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក​ VOA​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​VOD​និង​វិទ្យុ​ផ្សេងៗ​ជា​ច្រើន​ទៀត​ ត្រូវ​បាន​បិទ​ក្រោម​ហេតុផល​មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រសួង​ព័ត៌មាន។​

របាយ​ការណ៍​ដដែល​​លើក​ឡើង​ថា ​ការ​បំបាត់​សំឡេង​ឯករាជ្យ​ជា​បន្ត​បន្ទាប់​ធ្វើឱ្យ​ពល​រដ្ឋ​កម្ពុជា​ទទួល​បាន​តែ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​រោងចក្រ​ផលិត​ព័ត៌មាន​របស់​ក្រុម​លោក​ហ៊ុន សែន ​ដូចជា​ Fresh News​ជា​ដើម។​

សារ​ព័ត៌មាន​ The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក​ផៃស៊ីផាន ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា ​និង​លោក​សុខ ឥសាន​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ​ ដោយ​សារ​ទូរ​ស័ព្ទ​ពួកគេ​រោទ៍​តែ​មុនទទួល។​​

អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​រក​ឃើញ​ថា​ បណ្តា​ប្រទេស​កុម្មុយនីស្ត​ចំនួន​៣​នៅ​ទ្វីបអាស៊ី​ ដែល​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ផ្នែក​សេរីភាព​សារ​ព័ត៌មាន​ រួម​មាន​ប្រទេស​កូរ៉េខាង​ជើង​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៩​លើ​១៨០​ប្រទេស។ ​ប្រទេស​ចិន​​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៧​ហើយ​ប្រទេស​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ​១៧៦។​

រី​ឯ​ប្រទេស​បី ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ក្នុង​ពិភព​លោក​គឺ​ប្រទេស​ន័រវ៉ែស​ (Norway)ជាប់​លេខ​១​​ប្រទេស​ហ្វាំង​ឡង់ ​(Finland)​ ជាប់​ចំណាត់​ថ្នាក់​លេខ​២​ ហើយ​ប្រទេស​ស៊ុយអែត​(Sweden)​ជាប់​ចំណាត់​ថ្នាក់​លេខ​៣៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស