29.6 C
Phnom Penh

ធនាគារ​ពិភព​លោក​ព្រមាន​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​ បើមិន​អាច​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​EBA​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភព​លោក​(World Bank)​ព្រមាន​ថា ​សេដ្ឋ​កិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើក​លែង​តែ​អាវុធ​ឬ​EBA។​

របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​លើក​ឡើង​ថា​ មូលហេតុ​ដែល​ជំរុញ​វិនិយោគិន​បរទេស​មក​រក​ស៊ី​នៅ​កម្ពុជា​ដោយ​សារ​កម្ពុជា​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធមុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ​EBA​ពី​អឺរ៉ុប​ និង​ថ្លៃ​ពលកម្ម​ថោក។​

ប៉ុន្តែ​កាលពី​ខែ​កុម្ភៈ​ សហភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​មួយ​ ដែល​អាច​នាំ​ទៅដល់​ការ​ព្យួរ​បណ្ដោះ​អាសន្ន​នូវ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា។ ​ធនាគារ​មួយ​នេះ​ ព្រមាន​ថា​សេដ្ឋ​កិច្ច​កម្ពុជា​អាច​ជួប​ហានិភ័យ​នៅឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​មិន​អាច​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​គឺ​EBA​បាន​នោះ។​

របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​ របស់​​អឺរ៉ុប​នឹង​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ថយ​ចុះ។ ​បន្ថែម​ពី​លើ​នេះ​ ដោយ​សារ​ កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​ពី​ចិន​ច្រើន​ពេក​នោះ ​ហើយ​នៅពេល​មានការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​ក្នុង​កាលៈទេសៈ​ណា​មួយ​នៅ​ពេល​ខាង​មុខ ​វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ។​

ធនាគារ​ពិភព​លោក​បាន​ផ្តល់​ជា​អនុសាសន៍​ថា ​ក្នុង​ស្ថានភាព​បែប​នេះ ​កម្ពុជា​គួរ​មាន​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន​ ដូច​ជា ​រក្សា​បៀវត្ស​សាធារណៈ​កុំ​ឲ្យ​រីក​មាឌ​តទៅ​ទៀត​ ត្រូវ​មាន​វិធានការ​ត្រៀម​ឆ្លើយ​តប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ និង​ដាក់​កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្ដល់​កម្ចី​ឲ្យ​ផ្នែក​សំណង់​ រួម​ជា​​មួយ​នឹង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ក្នុង​ពាណិជ្ជកម្ម ​ដែល​រួម​មាន​ ការកាត់​បន្ថយ​​ថ្លៃ​អគ្គិសនី ​និង​ថ្លៃ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​ជាដើម។ ​

ក្រៅពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប​​ សហ​រដ្ឋ​អាមេរិក​ឯ​ណោះ​វិញ​ ក៏បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​ឈាន​ទៅ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​ឬ​ហៅថា​ GSP​ពី​កម្ពុជា​ផង​ដែរ​ ដោយ​ទាំង​អឺរ៉ុប​ និង​អាមេរិក​បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ទៀត​ផង។​

ទោះមាន​ការ​ព្រមាន​នានា​អំពី​ហានិភ័យ​សេដ្ឋកិច្ច​កម្ពុជា​នៅពេល​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្តី ​ប៉ុន្តែមេ​ដឹក​នាំ​រដ្ឋាភិបាល​ឯក​បក្ស​លោក​ហ៊ុន សែន​តែង​អះអាង​ថា ​ទោះ​គ្មាន​EBA​ក៏សេដ្ឋ​កិច្ច​កម្ពុជា​អាច​រស់​ដោយ​ខ្លូន​ឯង​បាន​ដែរ។​ ប៉ុន្តែ​ទោះបែប​នេះ​ក្តី​ លោក​ហ៊ុន សែន​តែង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ស្ងាត់ៗ​ទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​កុំឲ្យ​មាន​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។​

នៅដើម​ឆ្នាំ​២០១៩​នេះ ​លោក​ ហ៊ុន សែន​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត​អំពី​វិធាន​ការ​ទប់​ទល់​នឹង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​ វិធាន​ការ​ទាំង​នោះ​ រួម​មាន​ ការ​ដក​កាំកុងត្រូល​ចេញ​ពី​ព្រំដែន ការ​លុប​ចោល​ស្ថាប័ន​នាវា​ចរ​កាំសាប ​និង​ការលុប​ចោល​ការិយាល័យ​ក្រសួង​នៅ​​ថ្នាក់​ស្រុក​មួយ​ចំនួន​ ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី ​និង​ការ​ឈប់​យក​ពន្ធ​លើ​សហគ្រាស​កសិកម្ម​រយៈ​ពេល​៥​ឆ្នាំ​ជាដើម។​ ​

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ជា​ច្រើន​ ព្រមាន​អំពី​លទ្ធផល​អាក្រក់​ថា​ នឹង​កើត​មាន​ឡើង​នៅ​កម្ពុជា​ដូចជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ​ផ្សេងៗ​ ដែល​កើត​ចេញ​ពី​ភាព​អត់​ការងារ​ធ្វើ​របស់​ពលរដ្ឋ​ ប្រសិន​បើ​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​នេះ​ ដែល​នាំឱ្យ​កម្ពុជា​ត្រូវ​ខាត​បង់​ចំណូល​សម្រាប់​ជាតិ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ឬ ​អ្នក​បញ្ជា​ទិញ​ធំៗ​ងាក​ទៅ​រក​ទីតាំង​ប្រទេស​ផ្សេង​ក្រៅពី​កម្ពុជា។​

របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​ឲ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​សហគមន៍​​អឺរ៉ុប​មាន​ជិត​៦​ពាន់់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៧ ​ ខណៈ​កម្ពុជា​នាំ​ចេញ​ទៅ​អឺរ៉ុប​ជាង​៤​ពាន់់​លាន​ដុល្លារ ​ចំណែក​ឯ​សហគមន៍​អឺរ៉ុប​វិញ​នាំ​ចូល​មក​កម្ពុជា​ជិត​១​ពាន់់​លាន​ដុល្លារ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស