32.5 C
Phnom Penh

អតីត​ប្រធាន​បក្ស​ប្រឆាំង​ប្រដូច​លោក​កឹម សុខា​ទៅ​នឹង​អ្នកស្រី​អ៊ុង សានស៊ូជី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​លោក​សម រង្ស៊ី​បាន​ប្រដូច​សហការី​របស់​ខ្លួន​គឺ​លោក​កឹម សុខា​ទៅ​នឹង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប្រទេស​ភូមា​បច្ចុប្បន្ន​គឺ​អ្នកស្រី​ អ៊ុង សានស៊ូជី​ថា​ មាន​ជីវិត​តស៊ូ​នយោបាយ​ដូច​គ្នា។​

គណនី​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​នៅ​ថ្ងៃ​នេះ​ បាន​ចុះ​ផ្សាយ​ថា​ ក្នុង​ដំណើរ​ទស្សន​កិច្ច​អ្នកស្រី​អ៊ុង សានស៊ូជី​នៅ​កម្ពុជា​នា​សប្តាហ៍​នេះ ​ធ្វើឲ្យ​មតិ​សាធារណ​ចង​ចាំ​ថា ​លោកស្រី​អ៊ុង សានស៊ូជី​ត្រូវ​បាន​របប​ផ្តាច់​ការ​នៅ​ប្រទេស​ភូមា ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​របស់​អ្នកស្រី​រយៈ​ ពេល​ជាង​១០​ឆ្នាំ ​តែអ្នក​ស្រី​មិន​ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ទេ។ ​

លោក​ថា​ ការ​ឃុំឃាំង​ក្នុង​ផ្ទះ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ទាំងមូល​ ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី​អ៊ុង សានស៊ូជី​ឲ្យ​ទទួល​បាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ។​

អតីត​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា​ ចំណែក​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​វិញ​ លោក​កឹម សុខា​ក៏​កំពុង​តែ​ត្រូវ​បាន​របប​ផ្តាច់ការ​លោក​ហ៊ុន សែន​ឃុំឃាំង​ក្នុង​ផ្ទះ​ជាង​៦​ខែ​មក​ហើយ​ ដូច​អ្នកស្រី​អ៊ុង សានស៊ូជី​កាលពី​មុន​អ៊ីចឹង​ដែរ។​

លោក​ថា ​ស្ថានភាព​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ទាំងមូល ​កំពុង​ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន​ដោះលែង​លោក​​កឹម សុខា​ឱ្យ​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ​ ដោយ​ថា​  តុលាការ​អាយ៉ង​ទីក្រុង​ភ្នំពេញ​រក​ភស្តុតាង​ក៏​គ្មាន​ ហើយ​សាក្សី​ក៏​គ្មាន​ក្នុង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​មកលើ​លោក​កឹម សុខា​ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​លោក​       កឹម សុខា​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​២០១៧​ ដោយ​លោក​ហ៊ុន សែន​ចោទថា​ ក្បត់​ជាតិ។​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​ប្រមាណ​១​ឆ្នាំ​ហើយ​ក៏​ប្តូរ​មក​ឃុំ​ខ្លួន​នៅ​ផ្ទះ​ជំនួស​វិញ​កាលពី​ខែ​កញ្ញា​២០១៨។​

មក​ទល់​ពេល​នេះ ​តុលាការ​មិន​ទាន់​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​ទេ ​ហើយ​សហគមន៍​អន្តរជាតិ ​ពិសេស​សហ​ភាព​អឺរ៉ុប​ និង​អាមេរិក​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោះលែង​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ម្តង​ជា​ពីរ​ដង ​ដោយ​ថា​ ជាការ​ឃុំ​ខ្លួន​ទាំង​អ​យុត្តិធម៌​និង​គ្មាន​ភស្តុងតាង​សោះ​ឡើយ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស