32.5 C
Phnom Penh

លោក​ហ៊ុន សែន​យក​ទិវានៃ​ការ​ចងចាំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​រួម​ទប់ស្កាត់​មិន​ឱ្យ​កើត​សង្រ្គាម​ជាថ្មី​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ពលរដ្ឋ​ទាំង​ឡាយ​ ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​​ឱ្យ​បាន​គង់​វង្ស​ជារៀង​រហូត​ហើយ​នាំគ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជាថ្មី។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចង់​ចាំ​២០​ឧសភា​ដែល​លោក​ហ៊ុន សែន​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ។​

លោក​ហ៊ុន សែន​បាន​លើក​ឡើង​ថា​ ពិធី​នេះ​គឺ​ដើម្បី​រំឭក​ដល់​ជន​រងគ្រោះ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋ​កម្ម​ដែល​បាន​កើត​ឡើង​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ ចន្លោះ​ពី​ថ្ងៃ​ទី​១៧​មេសា​១៩៧៥​ដល់​ថ្ងៃ​ទី​៧​មករា​១៩៧៩។​

អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​រូប​នេះ​បាន​បញ្ជាក់​ថា ​គោល​បំណង​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​គឺ​បង្កើត​ឡើង​ដើម្បី​រំឭក​ និង​គោរព​វិញ្ញាណ​ក្ខន្ធ​ និង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរង​គ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់​ នៅ​ក្នុង​របប​ប៉ុល ពត​ដ៏ឃោរ​ឃៅ​នេះ។​

លោក​បន្ត​ថា ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លុប​​បាន​ដឹង​ និង​យល់​ច្បាស់​អំពី​រឿង​រ៉ាវ​សោកនាដ​កម្ម​ដ៏ជូរ​ចត់​ដែល​ពល​រដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លង​កាត់​ជិត​៣​ទស​វត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​ និង​ទឹក​ភ្នែក​ ការ​កាប់​សម្លាប់ ​បំផ្លិច​បំផ្លាញ​ ការ​ជម្លៀស​ចេញ​ពីទីលំ​នៅ​របស់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ គ្មាន​ពេល​សម្រាក ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ គ្មាន​សិទ្ធិ​សេរីភាព ​គ្មាន​លទ្ធិ​ប្រជា​ធិបតេយ្យ ​ហើយ​សូម្បី​តែ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​តាំង​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។​

អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចូល​រួម​​ថែ​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ជា​រៀង​រហូត​ ហើយ​នាំ​គ្នា​ទប់​ស្កាត់​កុំ​ឲ្យ​សង្រ្គាម​និង​របប​ប្រល័យ​ពូជ​សាសន៍​វិល​មក​កម្ពុជា​សារ​ជា​ថ្មី។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ហេតុ​ផល​នៃ​ការ​ការពារ​សន្តិភាព​នេះ​គឺ​ជា​ហេតុផល​ពេញ​និយម​សម្រាប់​រដ្ឋាភិបាល​កម្ចេច​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ ឬ​ក្រុម​ប្រឆាំង​នឹង​ខ្លួន។​ ជាក់​ស្តែង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​និង ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​ហើយ​ទោះ​ជា​សហគមន៍​អន្តរជាតិ​ថ្កោល​ទោស​រដ្ឋាភិបាល​យ៉ាង​ក៏​ដោយ​  ក៏​រដ្ឋាភិបាល​បាន​លើក​ឡើង​​ថា​ ការ​កម្ចេច​ក្រុម​ប្រឆាំង​ទាំង​នោះ​គឺ​ដើម្បី​បញ្ចៀស​សង្គ្រាម ​ហើយ​ដើម្បី​ការពារ​សន្តិភាព​ផង​ដែរ។​

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​២០​ឧសភា​ត្រូវ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​កំណត់​ជា​ថ្ងៃ​បុណ្យជាតិ​កាលពី​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ដោយ​ដំបូង​ទិវា​នេះ ​មាន​ឈ្មោះ​ថា​  ទិវា​នៃ​ការ​ចង​កំហឹង​តែ​ក្រោយ​មក​ប្តូរ​ទៅ​ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​វិញ។​

អ្នក​វិភាគ​នយោបាយ​នៅ​ក្រៅ​ប្រទេស​លោក​គឹម សុខ​បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា​ កម្ពុជា​គួរ​តែ​មាន ​«ទិវា​រំសាយ​កំហឹង​ជាតិ​២០​ឧសភា»​ដើម្បី​ជម្រះ​បញ្ចប់​គំនុំ​រវាង​ខ្មែរ​និង​ខ្មែរ។​

លោក​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​ជា​រៀង​រាល់​ឆ្នាំ​ អង្គការ​បក្ស​កុម្មុយនិស្ត​ដែល​កងទ័ព​វៀតណាម​ឈ្លាន​ពាន​លើក​បន្តុប​ឲ្យ​កាន់​អំណាច​នៅ​កម្ពុជា​ពី​ខែ​មករា​ឆ្នាំ​១៩៧៩​បាន​ប្រារព្ធ​​ទិវា​ចងកំហឹង​ជាតិ​ដើម្បី​បន្ត​ទម្លាប់​ដុត​កំហឹង​ប្រជា​រាស្ត្រ​ខ្មែរ​ ក្រោម​រូបភាព​មួយ​បែប​ទៀត​ដែល​បន្ត​ពី​សម័យ​ប៉ុល ពត។​

លោក​គឹម សុខ​បន្ត​ថា ​ពីមុន​គេ​ហៅ​ទិវា​ចង​កំហឹង​ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ​គេ​កែ​មក​ជា​«ទិវា​ជាតិ​នៃ​ការ​ចង​ចាំ»​វិញ​ដោយ​មើល​ទៅ​គេ​ដឹង​ថា​  ប្រជា​រាស្ត្រ​ដឹង​អំពី​គោល​ដៅ​កេង​ប្រវ័ញ្ច​ពី​ការ​ឈឺ​ចាប់​និង​ការ​រង​គ្រោះ​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ និង​ទាញ​យក​ផល​ចំណេញ​នយោបាយ​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​យួន​បាន​លើក​បន្តុប។​

លោក​បន្ត​ថា ​ការ​ដុត​កំហឹង​ពលរដ្ឋ​ខ្មែរ​ក្រោម​ពាក្យ​ថា«ចង​កំហឹង​ជាតិ»​នេះ​ ពុំបាន​ជា​ប្រយោជន៍​អ្វី​ដល់​ប្រទេស​កម្ពុជា​និង​ប្រជា​រាស្ត្រ​ខ្មែរ​ទេ​ ប៉ុន្តែ​គឺ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​លោក​ហ៊ុន សែន​មិន​ឲ្យ​ប្រជា​រាស្ត្រ​ខ្មែរ​ត្រជាក់​ចិត្ត​ ដើម្បី​អាច​ផ្សះផ្សា​បំបាត់​ចោល​នូវ​សម្អប់​ជាតិ​ ដែល​នាំឲ្យ​ខូច​ផែន​ការ​ប្រតោង​អំណាច​របស់​គាត់។​

លោក​បន្ត​ថា ​នេះ​នៅ​មិន​ទាន់​និយាយ​ផង​ទេ​ថា​ ជា​នយោបាយ​ដើរ​បញ្ច្រាស​នឹង​គុណ​ធម៌​ព្រះពុទ្ធ​ប្រៀន​ប្រដៅ​ឲ្យ​ប្រកាន់​ធម៌​ត្រជាក់​អហិង្សា។​ លោក​ថា​ ទាំង​នេះនៅ​មិន​ទាន់​និយាយ​ផង​អំពី​ការ​អុជ​អាល​ចង​កំហឹង​រវាង​ខ្មែរ​គឺ​ជា​បំណង​នយោបាយ​របស់​របប​ក្រុង​ហាណូយ​ដែល​ចង់​ឲ្យ​ខ្មែរ​នៅ​ចង​កំហឹង​រវាង​ខ្មែរ​និង​ខ្មែរ​ដើម្បី​ប្រយោជន៍​របស់​វៀតណាម​មិន​ឲ្យ​ខ្មែរ​មាន​សាមគ្គី​ជាតិ​បាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស