32.5 C
Phnom Penh

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ​ថយចុះ​នៅ​ដើម​ឆ្នាំ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ក្នុង​ខេត្ត​សៀមរាប​បាន​ធ្លាក់​ចុះ​ប្រមាណ​៧% ​ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៩​នេះ។​

របាយ​ការណ៍​គ្រឹះស្ថាន​អង្គរ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​ខែ​មិថុនា​កន្លង​ទៅ​នេះ​បង្ហាញ​ថា​ តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ចំនួន​ជាង​១ ​លាន​នាក់​នៅ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​ឧសភា​ក្នុង​ឆ្នាំ​នេះ​ដោយ​បាន​ធ្លាក់​ចុះ ​៧,៣២​ភាគ រយ  បើ ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ការ​ធ្លាក់​ចុះ​នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ចាប់​តាំង​ពី​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​ត្រូវ​បាន​រដ្ឋ​ដកហូត​ក្រុមហ៊ុន​ឯកជន​ មក​គ្រប់គ្រង​វិញ​តាំង​ពី​ដើម​ឆ្នាំ​២០១៦។​

បើ​តាម​របាយ​ការណ៍​ដដែល​ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ក៏​មាន​ធ្លាក់​ចុះ​ផង​ដែរ​គឺ​រក​បាន​ទឹក​ប្រាក់​ចំនួន​ជាង​៥០​លាន​ដុល្លារ​អាមេរិក​(៥០៣១២៨៤៧​ដុល្លារ​អាមេរិក)​ឬ​ធ្លាក់​ចុះ​ជាង​៨%​(៨,៥១%)​បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨។​

របាយ​ការណ៍​ក្រសួង​ទេសចរណ៍​ដែល​​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ​បង្ហាញ​ថា ​កាលពី​ឆ្នាំ​២០១៨​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង​៦​លាន​នាក់​គឺ​កើន​ឡើង​១១%​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ​ដែល​មាន​ចំនួន​ជាង​៥​លាន​នាក់។​

របាយ​ការណ៍​ដដែល​បង្ហាញ​ផង​ដែរ​ថា​ ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់​ទី​១​ហើយ​សហ​រដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ឈរ​នៅ​លេខ​រៀង​បន្ដ​បន្ទាប់។ ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ជាង​៦ ​លាន​នាក់​នោះ ​ភ្ញៀវ​ទេសចរ​ចិន​មាន​ប្រមាណ​២​លាន​នាក់​គឺ​កើន​ឡើង​៧០%​ក្នុង​ឆ្នាំ​២០១៨៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស