30.4 C
Phnom Penh

រដ្ឋសភា​អនុម័ត​ច្បាប់​គ្រប់គ្រង​ផលិត​ផល​ប្រេងកាត​ដោយ​សំឡេង​ឯកឆន្ទ​១០៨​លើ​១០៨​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដូច​ការ​គ្រោង​ទុក​សមាជិក​រដ្ឋសភា​ដែល​ចូល​ប្រជុំ​នៅ​ថ្ងៃ​ទី​១៧​ខែ​មិថុនា​ ទាំង​១០៨​នាក់​បាន​លើក​ដៃ​អនុម័ត​ជាផ្លូវ​ការ​ហើយ​លើ​ច្បាប់​គ្រប់គ្រង​ផលិត​ផល​ប្រេងកាត។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិត​ផល​ប្រេង​កាត​ដែល​រដ្ឋ​សភា​ជាតិ​កម្ពុជា​បាន​សម្រេច​អនុម័ត​នៅ​ថ្ងៃនេះ​ មាន​៩​ជំពូក​និង​៧២​មាត្រា។​ ច្បាប់​ថ្មី​នេះបាន​ចែង​ផ្តោត​សំខាន់​អំពី​សមត្ថ​កិច្ច​និង​ការ​គ្រប់គ្រង​ប្រេងកាត ​និង​ផលិត​ផល​ប្រេងកាត។​

ច្បាប់​នេះក៏​បាន​ចែង​អំពី​សមត្ថ​កិច្ច​របស់​មន្ត្រី​អធិការ​កិច្ច​ប្រេងកាត​ ការ​ផ្តល់​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​ដល់​មន្ត្រី​អធិការ​កិច្ច​ប្រេងកាត​ និង​អំពី​ទណ្ឌកម្ម​លើ​បទ​ល្មើស​ក្នុង​វិស័យ​ប្រេងកាត​ រួមមាន​ ការ​ដកហូត​ឬព្យួរ​សិទ្ធិ​ដែល​ផ្ដល់​ក្រោម​ច្បាប់​នេះ ​ការ​ជួសជុល​ការ​ខូចខាត​ ការ​ផាក​ពិន័យ​ ការ​រឹប​អូស​វត្ថុតាង​ និង​ទោស​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ​ផង​ដែរ។​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេង​កាត​ ត្រូវ​បាន​តាក់តែង​ឡើង​ជា​លើក​ដំបូង​ដោយ​អតីត​ក្រសួង​ឧស្សាហ​កម្ម ​រ៉ែ​និង​ថាមពល​ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​១៩៩៦។​

ក្រោយ​មក​ មាន​ការ​ជួយ​ឧបត្ថម្ភ​ពីអ្នក​ជំនាញ​ការ​ច្បាប់​មក​ពី​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ​Idemitsu Oil and Gas ​ដើម្បី​ពិនិត្យ ​និង​កែ​សម្រួល​បន្ថែម។​

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​យក​​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​កែ​សម្រួល​ឡើង​វិញ​ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​បច្ចេកទេស​ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នានា។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ផលិត​ផល​ប្រេង​កាត​នេះ​ត្រូវ​បាន​អង្គ​គណៈ​រដ្ឋមន្រ្តី​អនុម័ត ​កាល​ថ្ងៃទី​៥ ​ខែ​មេសា ​ឆ្នាំ​២០១៩​ដែល​គេ​រំពឹង​ថា ​វិស័យ​ប្រេង​កាត​នេះ​នឹង​លើក​កម្ពស់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់​តែរឹងមាំ​ថែម​ទៀត។​

តាម​នីតិវិធី​ក្រោយ​រដ្ឋ​សភា​អនុម័ត​រួចរាល់​ សេចក្តី​ព្រាង​ច្បាប់​ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ព្រឹទ្ធ​សភា​ ហើយ​ដំណាក់​កាល​ចុងក្រោយ​គឺ​ព្រះ​មហា​ក្សត្រ​ប្រកាស​ឲ្យ​ប្រើ។​រដ្ឋាភិបាល​រំពឹង​ថា​ ដំណក់​ប្រេងកាត​ដំបូង​របស់​ខ្លួន​នឹង​ទទួល​បាន​នៅ​ចុង​ឆ្នាំ​២០១៩​នេះ​ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស