តាមការស៊ើបអង្កេត និងស្រាវជ្រាវមួយរកឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងបង្កើនការប្រើប្រាស់បណ្ដាញយុវជនឲ្យធ្វើសកម្មភាពជ្រើសរើសមនុស្សក្នុងសហគមន៍ខ្មែរនៅបរទេសឲ្យចូលជាសមាជិកបក្សរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។
តើការរៀបចំ និងការបង្កើននូវបណ្ដាញរបស់បក្សកាន់អំណាចនៅកម្ពុជាមានបំណងអ្វី? តើពួកគេបង្កើតបណ្ដាញនៅបរទេសដោយរបៀបណា ហើយអ្នកណាជាមេគំនិត?
គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំប្រធានថ្មី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាមដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយពីលោក ជា ស៊ីម ប្រធានបក្សពីមុនបានទទួលមរណភាពបានខិតខំប្រឹងប្រែងពង្រឹងពង្រីកទំហំសមាជិកភាពបក្សឥតឈប់ឈរ ដោយផ្តើមពីក្នុងប្រទេស ហើយបន្តទៅក្រៅប្រទេសថែមទៀត។ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា អាប់កេរ្តិ៍ឈ្មោះបាត់បង់ប្រជាប្រិយភាពមួយកម្រិត ព្រោះតែមានការរំលោភសិទ្ធិមនុស្ស រឹតត្បិតសេរីភាពពលរដ្ឋ ការប្រព្រឹត្តអំពើអយុត្តិធម៌ អំពើពុករលួយ បំផ្លាញធនធានធម្មជាតិ និងបរិស្ថាន នៅឆ្នាំ២០១៤ អ្នកដឹកនាំបក្សផ្តើមគំនិតពង្រីកឥទ្ធិពលបក្សតាមសហគមន៍ខ្មែរនៅក្រៅប្រទេស។
គណបក្សប្រជាជនកម្ពុជា ប្រើធនធានបានមកពីអំពើពុករលួយ លួចដោះដូរលក់សម្បត្តិរដ្ឋ បង្ហិនសម្បត្តិធម្មជាតិ ទៅទាក់ទាញមនុស្សតាមរយៈការសន្យាផ្តល់លាភសក្ការៈ មុខមាត់លុយកាក់ បុណ្យស័ក្តិ ជួល ឬទិញមនុស្សឲ្យធ្វើការឲ្យគេ មានដូចជាយកការណ៍ ផ្តល់ព័ត៌មានឲ្យបក្សតាមខ្សែរយៈ គេហៅថាខ្សែបណ្តោយ ឬខ្សែទទឹង។ នៅក្នុងស្រុកមានបណ្ដាញជាក្រុមៗដើរចែកអំណោយ ដើរជួយប្រជាពលរដ្ឋ មានជនរងគ្រោះពីគ្រោះមហន្តរាយធម្មជាតិ ជាដើម។ អំពើ ឬទង្វើសកម្មភាពជួយពលរដ្ឋ មិនមែនជារឿងខុសឆ្គងទេ ប៉ុន្តែរឿងប្រើអំណាច ឬឥទ្ធិពលក្នុងនាមជាបុគ្គលិកស្ថាប័នរដ្ឋ គឺជារឿងទំនាស់ផលប្រយោជន៍ អង់គ្លេសហៅថា conflict of interests។
មុននឹងជម្រាបជូនពលរដ្ឋខ្មែរអំពីសកម្មភាពសមាជិក ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅបរទេស យើងខ្ញុំសូមរំឭកឡើងវិញអំពីសាវតារសង្ខេបនៃគណបក្សប្រជាជនកម្ពុជា តាមឯកសារប្រវត្តិសាស្ត្រនិពន្ធដោយអត្ថកោវិទបរទេសអំពីរឿងខ្មែរ។
ក្រោយពីការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិនដោយមេបដិវត្តន៍ ង្វៀង អៃគួក ហៅ ហូ ជីមិញ ឬ បាក ហូ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ព្រឹត្តិការណ៍ទាក់ទិននឹងចលនាឥស្សរៈ ចលនារំដោះជាតិ ចលនាកុម្មុយនីស្តនៅស្រុកខ្មែរចាប់ផ្តើមពីចុងទសវត្សឆ្នាំ១៩៤០។ សមាជិកចលនាសេរីនិយមដឹកនាំដោយ ដាប ឈួន ឈ្មោះ «គណៈកម្មាធិការរំដោះប្រជាពលរដ្ឋខ្មែរ» ហើយក្រោយមកដូរឈ្មោះជា «គណៈកម្មាធិការរំដោះជាតិខ្មែរ» ដឹកនាំដោយ ប៉ុក ឃុន។
ចំណែកឯចលនាកុម្មុយនីស្តនិយមខាងខ្មែរ ចាប់ផ្តើមបង្រួបបង្រួមសមាជិកចលនាឯទៀតក្នុងចលនាឥស្សរៈដឹកនាំដោយ សឺង ង៉ុកមិញ ដោយដូរឈ្មោះពី «រណសិរ្សរួបរួមឥស្សរៈ» ទៅជា «គណៈកម្មាធិការកណ្តាលបណ្ដោះអាសន្នរំដោះប្រជាពលរដ្ឋ»។ នៅឆ្នាំ១៩៥១ ភាគីខ្មែរ ៩រូបជាសមាជិកបក្សកុម្មុយនីស្តឥណ្ឌូចិន ជួបប្រជុំជាមួយមេមនោគមវិជ្ជាយៀកណាម ឡេ ឌឹកថ ថ្ងៃទី៨ កុម្ភៈ ហើយសម្រេចបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ។ បក្សនេះមានបញ្ហាកំណត់ថ្ងៃកំណើតបក្ស ថាតើថ្ងៃទី១៩ កុម្ភៈ ថ្ងៃទី២៨ មិថុនា ឬថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥១។
នៅថ្ងៃទី៣០ កញ្ញា គេបង្កើតគណៈកម្មាធិការរៀបចំ និងឃោសនា ហើយនិងគណៈកម្មាធិការកណ្តាលបណ្ដោះអាសន្ននៃបក្សប្រជាជនបដិវត្តន៍ខ្មែរ។ ខាងខ្មែរក្រហមគេយកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ ជាថ្ងៃកំណើតបក្សកុម្មុយនីស្តកម្ពុជា ក្រោយមកដូរឈ្មោះជា បក្សពលករកម្ពុជា។ រីឯបក្សប្រជាជនបដិវត្តន៍ខ្មែរ ចាប់ពីខែមករា ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដូរទៅជាបក្សប្រជាជនបដិវត្តន៍កម្ពុជា។ ចាប់ពីឆ្នាំ១៩៩១ រហូតមកដូរជាបក្សប្រជាជនកម្ពុជា។ មេដឹកនាំបក្សនេះបានប្រកាសថា គេលែងដើរតាមគន្លងសង្គមនិយមហើយមុននឹងបោះឆ្នោតសកលនៅឆ្នាំ១៩៩៣។
សព្វថ្ងៃ រចនាសម្ព័ន្ធបក្សតាមបែបកុម្មុយនីស្ត គេរក្សាទំនាក់ទំនងជាមួយបក្សកុម្មុយនីស្តយៀកណាមនៅដដែល រួចបន្ថែមបក្សកុម្មុយនីស្តចិនមួយទៀត ព្រមទាំងធ្វើសមាហរណកម្មកងកម្លាំងប្រដាប់អាវុធជាតិ សេដ្ឋកិច្ចជាតិ បូរណភាពទឹកដីជាទ្រង់ទ្រាយបែបសហព័ន្ធឥណ្ឌូចិន ដែលជាផែនការបក្សកុម្មុយនីស្តយៀកណាមទៀតផង។
ប្រមាណជាងម្ភៃឆ្នាំមុន មានពលរដ្ឋខ្មែរតិចតួចណាស់ដែលទ្រទ្រង់បក្សប្រជាជនកម្ពុជានៅបរទេស។ នៅខែមិថុនា ឆ្នាំ២០១៥ ឯកអគ្គរាជទូតពីរាជាណាចក្រកម្ពុជាប្រចាំប្រទេសនានាត្រូវមានភារកិច្ចជួយធ្វើការបញ្ចុះបញ្ចូលខ្មែរនៅបរទេសឲ្យចូលជាសមាជិកបក្សប្រជាជនកម្ពុជា ជាពិសេសយុវជនដែលដឹកនាំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងកូនចៅមន្ត្រីជិតដិតនឹងលោកនាយករដ្ឋមន្ត្រី។

ឯកអគ្គរាជទូតខ្មែរ ៧រូបដែលទទួលការតែងតាំងថ្មីនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៥ ហើយត្រូវធ្វើការជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមមាន៖
- លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក
- លោក ស្មាន ម៉ាណាន ឯកអគ្គរាជទូតប្រចាំប្រទេសគុយវ៉ែត
- លោក នង សកល ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌូនេស៊ី
- លោក ជា គិមថា ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន
- លោក ជា ធីរៈ ឯកអគ្គរាជទូតប្រចាំប្រទេសបែលហ្សិក
- លោក ពេជ្រ គុណបញ្ញា ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌា
- លោក កូយ គង់ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។
ការងារពង្រឹងពង្រីកបក្សប្រជាជនកម្ពុជា បានបន្តរហូតពីពេលនោះមកដល់បច្ចុប្បន្ន ពោលគឺឯកអគ្គរាជទូតថ្មីដែលត្រូវទៅចូលកាន់តំណែងជំនួសឯកអគ្គរាជទូតផុតអាណត្តិ មានបេសកកម្មដូចគ្នា។
សមាជិករដ្ឋសភាខាងបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រាប់សារព័ត៌មាន The Cambodia Daily ផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ថា៖ «ការបន្ថែមភារកិច្ចឲ្យឯកអគ្គរាជទូតធ្វើការរើសសមាជិកចូលបក្សជាការខុសច្បាប់ បំពានច្បាប់ទាំងស្រុង ព្រោះថាឯកអគ្គរាជទូតគឺតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាទាំងមូល មិនមែនត្រូវធ្វើជាតំណាងគណបក្សនយោបាយនោះឡើយ»។ ចម្ងល់បឋមមួយសួរថា៖ «តើពិធីការកិច្ចការទូត (diplomatic protocols) ពីប្រទេសគ្រប់គ្រងបែបកុម្មុយនីស្ត ផ្ដាច់ការ ផ្ដាច់មុខ អនុញ្ញាតឲ្យមន្ត្រីការទូតខ្មែរអនុវត្តគម្រោងរើសសមាជិកឲ្យបក្សរបស់គេដែរឬយ៉ាងណា?»។

ចលនាយុវជននៅប្រទេសកម្ពុជាដែលដើរតាមមាគ៌ាបក្សប្រជាជនកម្ពុជា ចងសម្ព័ន្ធជិតស្និទ្ធនឹងបក្ស ឧបត្ថម្ភជ្រោមជ្រែងការពារដោយបក្ស មានសហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតក្រោមអធិបតីសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ស្ពឺ កូនប្រុសលោក ហ៊ុន សែន គឺហ៊ុន ម៉ានី។ បណ្ដាញយុវជនគាំទ្របក្សប្រជាជនកម្ពុជានេះ តាមការសង្កេតពីអង្គការសិទ្ធិមនុស្ស មានបេសកកម្មរិះគិត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋស្រឡាញ់ គាំទ្របក្សកាន់អំណាច និងមេដឹកនាំបក្ស ដូចជាពន្យល់អូសទាញយុវជនយកគោលការណ៍នយោបាយបក្សក្នុងស្រុក ជួយជីវភាព និងសន្យាលាភសក្ការៈផ្សេងៗជាដើម បើស្មោះស្ម័គ្របម្រើបក្ស។ គេមិនទាន់ដឹងច្បាស់ទេថា តើសហភាពសហព័ន្ធយុវជនកម្ពុជាបោះដៃទៅបញ្ចុះបញ្ចូលអូសទាញយុវជនចាកស្រុកធ្វើការនៅប្រទេសថៃឡង់ដ៍ដែរ ឬក៏ជាភារកិច្ចរបស់ក្រុមយុវជនបក្សប្រជាជនកម្ពុជាផ្សេងទៀតនោះទេ។ សហភាពសហព័ន្ធយុវជនកម្ពុជា អះអាងថា ខ្លួនមានកំណើតតាំងពីឆ្នាំ១៩៧៨។
ក្រុមយុវជនបក្សប្រជាជនកម្ពុជាមួយទៀតឈ្មោះ សហព័ន្ធយុវជនសេនានាគ ដែលមានអ្នកដឹកនាំជានាយទាហានជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍ឯកឈ្មោះ ដៀង សារុន។ តាមសេចក្តីរាយការណ៍ពីអង្គការសិទ្ធិមនុស្ស Human Rights Watch ក្នុងឆ្នាំ២០១៦ ដៀង សារុន ធ្លាប់ជាភូឈួយឧត្តមសេនីយ៍ គន់ គីម ហើយបច្ចុប្បន្នជាមេបញ្ជាការរងអង្គភាពកងអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកងពលតូចលេខ៧០ ក្រោមឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។
ឧត្តមសេនីយ៍ ដៀង សារុន ទទួលបន្ទុកខាងហ្វឹកហ្វឺនកងអង្គរក្សចេញពីសេនាធិការដ្ឋានស្វាយរលំ ឲ្យមានជំនាញខាងប្រយុទ្ធខ្លួនទល់ខ្លួន វិធីបច្ចេកទេសតទល់នឹងបាតុករ និងបង្វឹកកងជិះម៉ូតូ។ កងសហព័ន្ធយុវជនសេនានាគ ចាប់កំណើតក្រោយសម័យបោះឆ្នោតឆ្នាំ២០១៣ ហើយចេញធ្វើសកម្មភាពនៅឆ្នាំ២០១៥។ ក្រុមនេះដូរឈ្មោះនៅចុងឆ្នាំ២០១៦ ទៅជាសហព័ន្ធយុវជនស្រឡាញ់សន្តិភាព។

ស្ថាបនិកសហព័ន្ធយុវជនសេនានាគ បង្កើតឡើងដំបូងដោយឈ្មោះ ប៉ាន់ខែម ប៊ុនថន ជាទីប្រឹក្សាលោក ហ៊ុន សែន ជាប្រធានប្រតិបត្តិការ។ សហព័ន្ធយុវជនសេនានាគ មានកូនចៅមន្ត្រីធំៗបក្ស ដូចជាកូនប្រុសឧត្តមសេនីយ៍ ដៀង សារុន ឈ្មោះ ដៀង សារ៉ន ជាអនុប្រធាន កូនស្រី ដៀង សុផាណា និង ដៀង សុផានី និងកូនស្រីលោក ឱម យ៉ិនទៀង មេអង្គភាពប្រឆាំងអំពើពុករលួយ ឈ្មោះ ឱម រជ្ជនី។ ប៉ាន់ខែម ប៊ុនថន និង ដៀង សារ៉ន ជាសមាជិកបក្សប្រជាជនកម្ពុជា។
ឧត្តមសេនីយ៍ ដៀង សារុន ថ្លែងក្នុងវីដេអូឃ្លិបថា កងសហព័ន្ធយុវជនសេនានាគដើរតួជាអង្គរក្សស៊ីវិលរបស់លោក ហ៊ុន សែន ហើយមានផ្លាកសញ្ញាជានាគក្បាល៧ ដូចផ្លាកសញ្ញាកងអង្គភាពអង្គរក្សនាយករដ្ឋមន្ត្រីបេះបិទ។ កងនេះមានបុគ្គលិករបស់ខ្លួនជំពាក់ជំពិននឹងករណីវាយដំច្រំទាត់ធាក់សមាជិករដ្ឋសភា គង់ សភា និង ញ៉យ ចម្រើន ខាងបក្សសង្គ្រោះជាតិ នៅក្រៅបរិវេណអគាររដ្ឋសភាជាតិថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។

ភាគបន្តនៃសកម្មភាពបណ្ដាញយុវជនបក្សប្រជាជនកម្ពុជា សូមជូននៅសប្តាហ៍បន្ទាប់៕