30 C
Phnom Penh

ហ្វីលីពីន​ថា​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវតែ​ចូលរួម​នៅ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​នាយករដ្ឋមន្ត្រី​សិង្ហបុរី ទូន្មាន​កម្ពុជា​ឱ្យ​ប្រកាន់​ភ្ជាប់​នូវ​ភាព​អព្យាក្រឹត្យ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន ដែល​ដើរ​តួនាទី​ជា​ប្រេសិត​អាស៊ាន​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា នៅ​ពេលនេះ​គឺ​មាន​សមាជិក​អាស៊ាន​មួយ​ទៀត​ចេញ​មុខ​មក​ផ្ដល់​ដំបូន្មាន​ឱ្យ​កម្ពុជា មិន​ត្រូវ​ចោល​ភាគី​ណា​មួយ​ឡើយ រួម​ទាំង​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ថា វត្តមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ទាំងអស់ គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​រំលង​ភាគី​ដ៏​ធំ​មួយ គឺ​ភាគី​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។

វិបត្តិ​នយោបាយ​នៅ​ភូមា នៅតែ​បន្ត​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​មក​ហើយ​ចាប់តាំង​ពី​ពួក​យោធា​ឡើង​កាន់​អំណាច​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ហើយ​ខណៈ​នេះ ភ្លើង​សង្គ្រាម​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ។ នៅ​ខណៈ​នេះ​ទៀត ដំណើរការ​នៃ​ការ​អនុវត្ត​គោលការណ៍​កុងសង់ស៊ីស​ទាំង​៥ ដែល​មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​កាលពី​ខែ​មេសា ឆ្នាំ​ទៅ​មិញ ក៏​ពុំ​អាច​អនុវត្ត​បាន​នៅ​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​មិន​ចុះ​សម្រុង​នឹង​គ្នា​ជុំវិញ​វត្តមាន​មេដឹកនាំ​របប​សឹក​ភូមា មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន។

ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៤ មករា នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បាន​លើកឡើង​ថា សិង្ហបុរី​នឹង​មិន​ជំទាស់​អ្វី​ខ្លាំងក្លា​ទេ​ចំពោះ​មុខនាទី​ប្រេសិត​ពិសេស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ប្រទេស​ភូមា តែ​សុំ​ឲ្យ​ចរចា​ជាមួយ​ភាគី​ទាំងអស់ ជាពិសេស​ពួក​យោធា​ដែល​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​មុន​គេ គឺ​ត្រូវ​អនុវត្ត​នូវ​សំណើ​របស់​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ លោក លី ស្នើ​ឲ្យ​មេដឹកនាំ​យោធា​ស្ថិតនៅ​ក្រៅ​កិច្ចប្រជុំ​អាស៊ាន។ លោក​បាន​ប្រាប់​លោក ហ៊ុន សែន ថា ក្នុង​ពេល​ដែល​ពួក​យោធា​ដាក់​សំណើ​បទ​ឈប់​បាញ់ គឺ​ពួក​យោធា​កាន់តែ​បាញ់​ប្រហារ​លើ​ភាគី​ប្រឆាំង ហើយ​ថែមទាំង​កាត់ទោស​អ្នកស្រី ស៊ូជី ថែម​ទៀត។ នាយករដ្ឋមន្ត្រី​សិង្ហបុរី​រូប​នេះ បើ​តាម​មើល​ទៅ គឺ​លោក​ចង់​សួរ​ថា តើ​ឯណា​ទៅ​ការ​សន្យា​របស់​ពួក​យោធា។

រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ពី​ការ​លើកឡើង​របស់​លោក លី សៀនឡុង គឺ​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​និយាយ​ថា ទោះ​ជា​លោក​ពោល​ពាក្យ​ស្វាគមន៍​ពី​ការ​ចូលរួម​របស់​ប្រេសិត​ពិសេស​ក្នុង​កិច្ច​ចរចា​បទ​ឈប់​បាញ់​នៅ​ភូមា ជាមួយ​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ប៉ុន្តែ​លោក​ថា​កិច្ច​ចរចា​នោះ​នឹង​ពុំ​មាន​ន័យ​ទេ បើ​អ្នក​ព្យាយាម​ផាត់​ចោល​ភាគី​អ្នកស្រី អ៊ុនសាន ស៊ូជី។

លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ដូចនេះ​ថា កិច្ច​ចរចា​នេះ​ត្រូវតែ​បញ្ចូល​គ្រប់​ភាគី​ទាំងអស់ មិន​តែ​២ ឬ ៣​ភាគី​នោះ​ទេ ហើយ​អ្នកស្រី ស៊ូជី គឺ​ត្រូវ​មាន​វត្តមាន បើ​ទោះ​ជា​អ្នកស្រី​ត្រូវ​បាន​តុលាការ​កាត់ទោស​ក៏ដោយ។ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន បាន​ហៅ​អ្នកស្រី ស៊ូជី គឺ​ជា​តួអង្គ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រៀបចំ​លទ្ធិប្រជាធិបតេយ្យ និង​ស្ដារ​សន្តិភាព​នៅ​ភូមា​ឡើងវិញ។ លោក Locsin បាន​ផ្ដល់​ដំបូន្មាន​ថា ការ​ភ្ជាប់​ទំនាក់ទំនង​របស់​ប្រេសិត​ពិសេស​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ គឺ​មិន​ត្រូវ​ភ្ជាប់​លក្ខខណ្ឌ​អ្វី​ឡើយ​ទៅ​ភាគី​ទាំងអស់​នោះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រមុខ​ការទូត​ហ្វីលីពីន​រូប​នេះ​បាន​ថ្កោលទោស​តុលាការ​ភូមា ដែល​បាន​កាត់ទោស​អ្នកស្រី ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ដែល​លោក​ថា​ជា​ការ​បំបិទ​សំឡេង​អ្នក​ប្រឆាំង​នៅ​ក្នុង​ប្រទេស។ ក្នុង​ហេតុផល​នេះ លោក Locsin បាន​ជំរុញ​ឱ្យ​មេដឹកនាំ​យោធា​ដោះលែង​អ្នកទោស​នយោបាយ ហើយ​ត្រូវ​អនុវត្ត​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​ការ​បញ្ចៀស​អំពើ​ហិង្សា។

ដោយឡែក​ចំពោះ​គោលការណ៍​ឯកភាព​ទាំង ៥​ចំណុច ដែល​បាន​ដាក់​ចេញ​កាលពី​ខែ​មេសា កន្លង​ទៅ​ដោយ​មិន​អាច​អនុវត្ត​បាន លោក​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន បាន​អះអាង​ថា ហ្វីលីពីន​សន្យា​សហការ​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ប្រជាជន​ភូមា ជាមួយ​នឹង​ការ​ជំរុញ​ឱ្យ​មាន​ការ​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​នោះ​មាន​ទាំង​អ្នកស្រី ស៊ូជី ផង​ដែរ។

បើ​ទោះបីជា​របប​សឹក​ភូមា បាន​ប្រកាស​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ចុង​ឆ្នាំ​២០២២ ក៏ដោយ ប៉ុន្តែ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ពួក​យោធា​តាតម៉ាដាវ និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ដែល​សហការ​ជាមួយ​កម្លាំង​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ កំពុង​ផ្ទុះ​កាន់តែ​ខ្លាំង។ ការ​បាញ់​ប្រហារ​នេះ បណ្ដាល​ឱ្យ​ប្រជាជន​បាន​បាត់បង់​ជីវិត ហើយ​ប្រជាជន​បាន​រត់​ចេញ​ពី​ផ្ទះសម្បែង​ដើម្បី​រក​កន្លែង​សុវត្ថិភាព​កើន​ឡើង​ជាង ៤០​ម៉ឺន​នាក់។

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នៅ​ភូមា ឱ្យ​ដឹង​ថា ជិត​មួយ​ឆ្នាំ​កន្លងមក​នេះ ពួក​យោធា​សម្លាប់​មនុស្ស​ទាំង​ក្នុង​ការ​បង្ក្រាប​ក្ដី និង​ធ្វើ​ទារុណកម្ម​ក្នុង​គុក​ក្ដី គឺ​កើន​ឡើង​ជាង ១៥០០​នាក់ និង​ចាប់​ខ្លួន​ជាង ១១០០០​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស