32.5 C
Phnom Penh

ប្រទេស​ទួរគី​អញ្ជើញ​មេដឹកនាំ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​អង់ការ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​ប្រទេស​ទួរគី Recep Tayyip Erdogan ស្នើសុំ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​របស់​លោក ដើម្បី​ជជែក​ពិភាក្សា​គ្នា​អំពី​ស្ថានការណ៍​យោធា​ដែល​កាន់តែ​តានតឹង​នៅ​តាម​ព្រំដែន​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​លោក Ibrahim Kalin អ្នក​នាំពាក្យ​ប្រធានាធិបតី​ទួរគី ដែល​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី Tass បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៩ មករា នេះ។

តាម​អ្នក​នាំពាក្យ​រូប​នេះ ប្រទេស​ទួរគី និង​ប្រធានាធិបតី Erdogan បាន​សន្យា​ថា​នឹង​ដើរតួ​យ៉ាង​សកម្ម​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ ក្នុង​ស្ថានភាព​នេះ ប្រធានាធិបតី Erdogan បាន​ស្នើសុំ​ឱ្យ​មាន​ការ​ជួប​គ្នា​ផ្ទាល់​រវាង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន Zelensky។

តាម​អ្នក​នាំពាក្យ​រូប​នេះ លោក Erdogan នឹង​ធ្វើជា​អ្នក​សម្របសម្រួល បើ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ខាងកើត ២​រូប​នេះ​មក​កាន់​ប្រទេស​ទួរគី ប៉ុន្តែ​ក្រសួង​ការបរទេស​រុស្ស៊ី ប្រកាស​ថា មុខនាទី​របស់​ទួរគី​នៅ​ពេលនេះ មិន​ត្រូវ​នឹង​ស្ថានការណ៍​នោះ​ទេ។

ចំណែក​ឯ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC បាន​ផ្សាយ​ថា ខណៈ​នេះ​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន ហើយ ដើម្បី​ជួប​ប្រធានាធិបតី Zelensky។ គេ​រំពឹង​ថា លោក Blinken នឹង​ទៅ​ពិនិត្យ​មើល​ផង​ដែរ​ជំនួយ​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​នេះ​ដែរ។ ជំនួយ​យោធា​នេះ បើ​គិត​ជា​សាច់ប្រាក់ គឺ ២០០​លាន​ដុល្លារ​អាមេរិក។ មន្ត្រី​ជាន់ខ្ពស់​សេតវិមាន​ម្នាក់​និយាយ​ថា ជំនួយ​សហរដ្ឋ​អាមេរិក​នេះ​ត្រូវ​បាន​សភា​អនុម័ត​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២១ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

ទន្ទឹម​នឹង​នេះ អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Jen Psaki ព្រមាន​ថា រុស្ស៊ី​អាច​នឹង​មាន​សកម្មភាព​យោធា​ទៅលើ​អ៊ុយក្រែន​ឆាប់ៗ​នេះ បើ​ស្ថានការណ៍​យោធា​កាន់តែ​តានតឹង​ខ្លាំង​ដូច​ពេលនេះ។

អ្នកស្រី Jen Psaki ពន្យល់​ថា បើ​តាម​សកម្មភាព​កងទ័ព​រុស្ស៊ី ដែល​ឡោម​ព័ន្ធ​អ៊ុយក្រែន អាច​បង្ក​សង្គ្រាម​វាយ​អ៊ុយក្រែន​ក្នុង​ពេល​ណា​មួយ​ខាងមុខ​នេះ។ ចំពោះ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស Blinken គឺជា​ការ​ដំណើរការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ដំណោះស្រាយ​ការទូត​សំដៅ​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។

បន្ទាប់ពី​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky លោក Blinken នឹង​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ខ្លះ​ទៀត​ដែល​ជា​សម្ពន្ធមិត្ត​អាមេរិក​នៅ​អឺរ៉ុប ហើយ​ក្រោយ​មក​ទៀត លោក​នឹង​ទៅ​ប្រទេស​ស្វីស ដើម្បី​ជួប​សមភាគី​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។ ជំនួប​របស់​លោក Blinken និង​សមភាគី​រុស្ស៊ី ហ្ស៊ីហ្គេឡារ៉ុស (Sergei Lavrov) គឺជា​ការ​ធ្វើ​តេស្ដ​អំពី​ឆន្ទៈ​របស់​រុស្ស៊ី ថា​តើ​ចង់​កាត់បន្ថយ​ភាព​តានតឹង​ជាមួយ​អ៊ុយក្រែន និង​អង្គការ​យោធា​ណាតូ ដែរ​ឬ​ទេ។

ស្ថានការណ៍​ដ៏​តានតឹង​នៅ​អឺរ៉ុប​ខាងកើត បាន​កើតមាន​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​បន្ទាប់ពី​រុស្ស៊ី បង្កើន​វត្តមាន​កងទ័ព​របស់​ខ្លួន​ជាមួយ​នឹង​ការ​ដាក់​ពង្រាយ​សព្វាវុធ​ទំនើបៗ​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន ដែល​ចំនួន​កងទ័ព​របស់​រុស្ស៊ី​មក​ដល់​ពេលនេះ​នៅតែ​មាន​ជាង ១០​ម៉ឺន​នាក់​នៅឡើយ។ ចំណែក​ឯ​អ៊ុយក្រែន​ឯណោះ​វិញ ក៏​បង្កើន​វត្តមាន​កងទ័ព និង​សព្វាវុធ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី​ផង​ដែរ។ បើ​តាម​ព័ត៌មាន គឺ​ចំនួន​កងទ័ព​អ៊ុយក្រែន​ជាប់​នឹង​ព្រំដែន​រុស្ស៊ី កើន​ឡើង​ជាង ១៥​ម៉ឺន​នាក់។

មុន​សហរដ្ឋ​អាមេរិក​បញ្ជូន​សព្វាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន​បាន​មួយ​ថ្ងៃ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចុះផ្សាយ​ថា ប្រទេស​អង់គ្លេស បាន​បញ្ជូន​សព្វាវុធ​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃ​អង្គារ ទី​១៨ មករា

លោក Ben Wallace រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​ប្រាប់ BBC ថា កងទ័ព​មួយ​ក្រុម​តូច​ដែល​អម​ដំណើរ​សព្វាវុធ​ទៅកាន់​ប្រទេស​អ៊ុយក្រែន គឺ​ដើម្បី​ទៅ​ហ្វឹកហ្វឺន​កងទ័ព​អ៊ុយក្រែន ក្នុង​ការ​ប្រើប្រាស់​សព្វាវុធ​ទាំងនោះ ប៉ុន្តែ​លោក Wallace បញ្ជាក់​ថា កងទ័ព​អង់គ្លេស​មួយ​ក្រុម​នេះ​នឹង​មិន​ក្លាយ​ជា​កម្លាំង​គំរាម​រុស្ស៊ី​នោះ​ទេ។

តាម​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Ben Wallace សព្វាវុធ​របស់​អង់គ្លេស​ដែល​បញ្ជូន​ទៅ​ប្រទេស​អ៊ុយក្រែន ក្នុង​នោះ​មាន​កាំជ្រួច​កម្ទេច​រថក្រោះ​ផង​ដែរ។ ការ​បញ្ជូន​សព្វាវុធ​របស់​ប្រទេស​អង់គ្លេស​ទៅ​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​រដ្ឋការ​សហរដ្ឋ​អាមេរិក​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ព្រមាន​ថា រុស្ស៊ី​អាច​ឈ្លានពាន​អ៊ុយក្រែន ដោយ​មិន​កំណត់​ពេលវេលា​ជាក់លាក់​ឡើយ។

អ៊ុយក្រែន បាន​ក្លាយ​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក និង​លោក​ខាងលិច​ចាប់តាំង​ពី​រុស្ស៊ី បាន​ដណ្ដើម​យក​តំបន់​គ្រីមៀរ​ពី​អ៊ុយក្រែន នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​ជនជាតិ​រុស្ស៊ី​ជិត ៨០​ភាគរយ​នៅ​តំបន់​នោះ បាន​បោះឆ្នោត​ផ្ដាច់​ខ្លួន​ពី​អ៊ុយក្រែន ដែល​នាំ​ឱ្យ​អ៊ុយក្រែន ប្រតិកម្ម​រុស្ស៊ី យ៉ាង​ខ្លាំង ហើយ​រដ្ឋាភិបាល​ទីក្រុង​គៀវ ក៏​កាន់តែ​ធ្វើ​ឱ្យ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​លោក​ខាងលិច​ដែល​មាន​ប្រទេស​អង់គ្លេស​មួយ​ដែរ។

យ៉ាងណាមិញ សម្រាប់​ទួរគី ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Tayyip Erdogan ក៏​បាន​ថ្កោលទោស​រុស្ស៊ី​ខ្លាំងក្លា​ដែរ។ សម្រាប់​ទួរគី ក៏​មិន​ចង់​ឃើញ​ទឹកដី​អ៊ុយក្រែន បន្ត​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី ទៀត​នោះ​ទេ។ បុព្វហេតុ​នេះ​ហើយ​ដែល​នាំ​ឱ្យ​លោក Erdogan ស្នើសុំ​ធ្វើជា​អ្នក​សម្របសម្រួល​បើ​មាន​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky នៅ​លើ​ទឹកដី​ទួរគី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស