33.2 C
Phnom Penh

ប្រជាជន​ភូមា​រត់​ចោល​ស្រុក​ភូមិ​កើន​១​លាន​នាក់ ខណៈ​ពិភពលោក​បារម្ភ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈកាល​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​ឈាន និង​កំពុងតែ​ឈាន​ដល់​ថ្ងៃទី​១០០ ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បាន​នាំ​ឱ្យ​ពិភពលោក​បារម្ភ​អំពី​ការ​នាំ​ទៅ​រក​វិនាសកម្ម​កាន់តែ​អាក្រក់​ឡើង ដោយ​ជន​ភៀសខ្លួន​កើនឡើង​ជាង ៧​លាន​នាក់ និង​ពលរដ្ឋ​បាត់បង់​ទីជម្រក​ជាច្រើន​លាន​នាក់។

មិន​តែប៉ុណ្ណោះ ពិភពលោក​បារម្ភ​ខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​រវាង​រុស្ស៊ី និង​អង្គការ​យោធា​ណាតូ ប្រសិនបើ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ុយក្រែន និង​រុស្ស៊ី ធ្លាយ​ដល់​ប្រទេស​ជា​សមាជិក​ណាតូ។ ចាប់តាំងពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ កុម្ភៈ មក​នោះ គឺ​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​រំលង​ភ្នែក​អំពី​វិបត្តិ​នៅ​ប្រទេស​ភូមា ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ធ្លាក់​ក្នុង​របប​សឹក​ដ៏​ឃោរឃៅ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​នាំ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ និង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ជួប​ប្រជុំ​គ្នា​ជា​ញឹកញាប់​រហូត​មាន​ដំណោះស្រាយ​សម្រេច​ព្យួរ​សមាជិកភាព​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ទៀត​ផង។ តែ​ចំពោះ​ប្រទេស​ភូមា​វិញ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង​ដែល​នាំ​ឱ្យ​ពួក​យោធា​ភូមា​មាន​ឱកាស​ធ្វើ​បាប​ប្រជាជន និង​ក្រុមប្រឆាំង​កាន់តែ​ខ្លាំង។

តាម​ទីភ្នាក់ងារ​នៃ​កិច្ចការ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ ប្រជាជន​ភូមា​បាន​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម និង​ហិង្សា​សង្គម​កើនឡើង​ជាង​មួយ​លាន​នាក់ ក្នុង​នោះ ៣០​ម៉ឺន​នាក់​បាត់បង់​ទីជម្រក​លំនៅឋាន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃទី​១ មិថុនា។

តាម​សេចក្តី​រាយការណ៍​ពី​ភ្នាក់ងារ​ជន​ភៀសខ្លួន ប្រជាជន​ភូមា​បាន​រត់​ចោល​ស្រុក​ភូមិ​របស់​ពួកគេ​ដោយសារ​សង្គ្រាម​រវាង​កងទ័ព​របប​សឹក និង​ក្រុម​កម្លាំង​រដ្ឋាភិបាល​ស្រមោល​ប្រឆាំង​នឹង​របប​សឹក និង​សង្គ្រាម​រវាង​របប​សឹក និង​ក្រុម​កម្លាំង​ជនជាតិ​ដើម​ដែល​មាន​ជាង ១០​សហគមន៍​នៅ​ទូទាំង​ប្រទេស។ ជនភៀសខ្លួន​ភាគច្រើន​បាន​រត់​ទៅ​នៅ​តាម​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​ភូមា មាន​ដូចជា​ប្រទេស​ថៃឡង់ដ៍ និង​ប្រទេស​ឥណ្ឌា។

ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​បារម្ភ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​រាយការណ៍​ថា ពួក​យោធា​បាន​បើក​ប្រតិបត្តិការ​សឹក​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​ភូមិ​ស្រុក​របស់​ប្រជាជន​នៅ​តំបន់​សាំងហ្គាំង នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដោយ​បណ្ដាល​ឱ្យ​ចំនួន​ជនភៀសខ្លួន​ហក់​ឡើង​មួយ​លាន​នាក់។ តំបន់​សាំងហ្គាំង ជា​ជម្រក​ដ៏​ធំ​របស់​ក្រុម​កម្លាំង​ប្រឆាំង​របប​សឹក និង​ជា​ជម្រក​របស់​អ្នក​នយោបាយ​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​រត់​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​ដោយ​របប​សឹក ហើយ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​តំបន់​នោះ។

មិន​ថា​ឡើយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​ស្ងប់ស្ងាត់​អំពី​វិបត្តិ​នៅ​ប្រទេស​ភូមា គឺ​សមាគម​អាស៊ាន​ក៏​ស្ងប់ស្ងាត់​ដែរ។ នៅ​ក្នុង​ជំនួប​កំពូល​អាមេរិក-អាស៊ាន ប្រព្រឹត្ត​ទៅ​ទីក្រុង​វ៉ាស៊ីនតោន លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​តាំងចិត្ត​ខ្លាំង​ជាងគេ​ក្នុង​ការ​បញ្ចប់​របប​សឹក ហើយ​នាំ​របប​ប្រជាធិបតេយ្យ​ត្រឡប់​មកវិញ។ លោក បៃដិន ថា​គេ​មិន​ត្រូវ​ទុក​ឱ្យ​របប​សឹក​បន្ត​គាបសង្កត់​ជិះជាន់​កាប់​សម្លាប់​ប្រជាជន​ភូមា​បាន​ទៀត​នោះ​ទេ។

ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ក្រោយពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ លំនៅឋាន​របស់​ប្រជាជន​យ៉ាង​តិច ១​ម៉ឺន ២​ពាន់​ខ្នង​នៅ​ទូទាំង​ប្រទេស ត្រូវ​បាន​វាយ​កម្ទេច និង​ដុត​បំផ្លាញ​ដោយ​គ្រាប់កាំភ្លើង​ធំ​របស់​ពួក​យោធា និង​ការ​បាញ់​ពី​អាកាស។ ជាមួយ​គ្នា​នឹង​ភាព​ស្ងប់ស្ងាត់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ របប​សឹក​ភូមា​ត្រូវ​បាន​រាយការណ៍​ថា បាន​ចាប់​ក្រុម​ប្រឆាំង​កើនឡើង ១​ម៉ឺន ៣​ពាន់​នាក់ និង​ស្លាប់​ក្រោម​គ្រាប់កាំភ្លើង និង​ការ​ធ្វើ​ទារុណកម្ម​របស់​ពួក​យោធា​កើនឡើង​ជាង ១៨០០​នាក់។

អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​លើកឡើង​អំពី​ករណី​ដែល​អាច​មាន​ឧក្រិដ្ឋកម្ម​ដោយ​សង្គ្រាម​បង្ក​ឡើង​ដោយ​កងទ័ព​ភូមា នៅ​ក្រោយ​ពេល​ធ្វើ​រដ្ឋប្រហារ​ជាង​មួយ​ឆ្នាំ​មកនេះ។ យ៉ាងហោចណាស់ មនុស្ស​ជាង ១៨០០​នាក់​បាន​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​ពី​សំណាក់​ពួក​យោធា​ភូមា ហើយ​ក្នុង​នោះ​មាន​ទាំង​ស្ត្រី និង​កុមារ​ផង។ ក្រៅពី​ករណី​នេះ កងទ័ព​ភូមា​ត្រូវ​បាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ដោយ​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍​ទៅលើ​សហគមន៍​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​រដ្ឋ​រ៉ាឃីន នៅ​ភាគ​ខាងលិច​ប្រទេស​ភូមា កាលពី​ឆ្នាំ​២០១៧ ដែល​ពលរដ្ឋ​ជិត ២​ពាន់​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង ៧​សែន​នាក់​បាន​រត់​ភៀសខ្លួន​ពី​ការ​កាប់​សម្លាប់​ដ៏​សាហាវ​ព្រៃផ្សៃ​បង្ក​ឡើង​ដោយ​កងទ័ព​ភូមា ក្រោម​ការ​បញ្ជា​របស់​ឧត្តមសេនីយ៍​មេ​រដ្ឋប្រហារ មីន អ៊ុងឡាំង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស