30 C
Phnom Penh

បក្ស​កាន់​អំណាច​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ បាន​ប្រព្រឹត្ត​ទៅ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា និង​ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​បរិយាកាស​អព្យាក្រឹត សន្តិសុខ របៀប​រៀបរយ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង។

គណបក្ស​កាន់​អំណាច​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ​កើត​ចេញពី​ទឹកចិត្ត ឆន្ទៈ និង​វិចារណញ្ញាណ​របស់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ពិតប្រាកដ ដែល​មាន​សេចក្តី​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ចំពោះ​បក្ស​កាន់​អំណាច ហើយ​ក៏​ជា​ភស្តុតាង​មួយ​បញ្ជាក់​ពី​ការ​បដិសេធ​របស់​ពលរដ្ឋ​នូវ​ការ​កុហក​បោកប្រាស់ ញុះញង់ មួលបង្កាច់​ការពិត​របស់​ពួក​ប្រឆាំង​ជ្រុល​និយម និង​មជ្ឈដ្ឋាន​អគតិ​មួយ​ចំនួន​ដែល​តែងតែ​រារាំង​ដំណើរ​អភិវឌ្ឍ​របស់​កម្ពុជា​ផង​ដែរ។

គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​សុភវិនិច្ឆ័យ​របស់​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​នេះ បាន​ឆ្លុះបញ្ចាំង​នូវ​ការ​ផ្តល់​យុត្តិធម៌​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​ខ្លួន​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ចំពោះ​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ​២០២៧ របស់​បក្ស​កាន់​អំណាច​បន្ត​ទៀត។

ការ​ប្រកាស​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ដំណើរការ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា ត្រូវ​គេ​រិះគន់​ថា​ជា​ការ​បោះឆ្នោត​មួយ​ដែល​បក្ស​កាន់​អំណាច​ខ្លួនឯង​ជា​អ្នក​រៀបចំ ដើម្បី​បំភាន់​សាធារណមតិ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ខ្លួន និង​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ថា​គណបក្ស​កាន់​អំណាច​ទទួល​បាន ៩៣៧៦​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ឃុំ-សង្កាត់​សរុប ១១៦២២ នៅ​ទូទាំង​ប្រទេស ខណៈ​អាសនៈ​ខ្លះ​ទៀត​ត្រូវ​បាន​ទៅ​គណបក្ស​ដទៃ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​នេះ​ដែរ។

ការ​ប្រកាស​លទ្ធផល​នេះ ធ្វើឡើង​បន្ទាប់ពី គ.ជ.ប បាន​រៀបចំ​ដឹកនាំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា កន្លង​ទៅ​នោះ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​នេះ​សម្រាប់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ជាពិសេស​គណបក្ស​របស់​លោក នៅតែ​ចាត់ទុក​ថា​មិន​ទាន់​មាន​សេរី និង​យុត្តិធម៌​នៅឡើយ ដោយសារ​នៅ​អំឡុង​ពេល​បោះឆ្នោត រាប់​សន្លឹកឆ្នោត នៅតែ​មាន​ភាព​មិន​ប្រក្រតី​ដូច​អាណត្តិ​មុនៗ​ដែរ។

លោក​បន្ថែម​ទៀត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត នឹង​សហការ​គ្នា​តស៊ូ​មតិ​ទាមទារ​ឱ្យ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឱ្យ​មាន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាង​ពេល​បច្ចុប្បន្ន។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ថ្លែង​ថា តាម​ច្បាប់ នៅ​ពេល​ដែល គ.ជ.ប ប្រកាស​លទ្ធផល​ផ្លូវការ គឺ​គណបក្ស​នយោបាយ​ទាំងអស់​មិន​អាច​ប្តឹង​ជំទាស់​នឹង​លទ្ធផល​នេះ​បាន​ទេ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រោយពី​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ នេះ គឺ​នៅ​ថ្ងៃ​ចន្ទ នេះ គ.ជ.ប នឹង​បញ្ជូន​សេចក្តី​សម្រេច​ដែល​គណបក្ស​នយោបាយ​ទាំង ៩​ជាប់​អាសនៈ​ឃុំ-សង្កាត់​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ស្ថាប័ន​នោះ​រៀបចំ​ផ្ទេរ​តំណែង​ពី​មេឃុំ-ចៅសង្កាត់​ថ្មី ជំនួស​មេឃុំ-ចៅសង្កាត់​ចាស់ ដើម្បី​ចូល​ទៅ​បម្រើ​ការងារ​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​បាន​ដាក់​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សរុប​ចំនួន​ជាង ៨​ម៉ឺន ៦​ពាន់​នាក់ (៨៦០៩២​នាក់ ស្ត្រី ២៧៨១៣​នាក់) ខណៈ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​នឹង​ត្រូវ​ជ្រើសរើស​មក​បម្រើ​ការងារ​ក្នុង​ឃុំ-សង្កាត់​ទាំង ១៦៥២ គឺ​មាន​ចំនួន ១១៦២២​រូប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស