32.5 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឯក​បក្ស​មិន​ឆ្លុះបញ្ចាំង​ពី​ការ​រួបរួម​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​តែ​សភា​ឯក​បក្ស មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​រួបរួម​ជាតិ​តែ​មួយ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ ក្រៅ​តែ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ខ្វល់​តែ​រឿង​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​ច្បាប់​បំពេញ​បំណង​អំណាច​របស់​ខ្លួន។ លោក​យល់​ថា នេះ​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១១ ហើយ ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល​តែ​ជាង ២០​ឆ្នាំ និង​ភាគច្រើន​លើសលប់​មាន​គោលដៅ​បញ្ចូល​ខ្លឹមសារ​ថ្មីៗ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ស៊កសៀត​ច្បាប់​ថ្មីៗ​ទៀត​ដើម្បី​បំពេញ​ផែនការ​ផ្ទេរ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន តែប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​គោលដៅ​រក្សា​ប្រក្រតីភាព​នៃ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន មិនមែន​រក្សា​ប្រក្រតីភាព​នៃ​ការងារ​រដ្ឋបាល​ជាតិ​នោះ​ទេ ពីព្រោះ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​គេ​ត្រូវ​ធ្វើ​ការ​អនុវត្ត​បន្ថយ​ភាព​ស្អេកស្កះ​នៃ​ស្ថាប័ន​រដ្ឋ​ដែល​ធ្វើ​ឲ្យ​ទើសទែង​ជាន់​តួនាទី​គ្នា និង​ចាយ​លុយ​រដ្ឋ​ខ្ជះខ្ជាយ​ឥតប្រយោជន៍។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ស្ថិត​ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ដើម្បី​បម្រើ​ការពារ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ពលរដ្ឋ និង​ធានា​ការពារ​ប្រយោជន៍​ជាតិ។

លោក​បាន​បន្ថែម​ថា តាម​ការ​កត់សម្គាល់​របស់​លោក​កន្លងមក ឃើញ​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ ធ្វើឡើង​ស្រប​ពេល​បរិបទ​នយោបាយ​នៅ​កម្ពុជា​ជាប់​គាំង និង​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង​ក្នុង​ស្ថាប័ន​រដ្ឋសភា។

លោក នី សុខា បន្ថែម​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​មាន​តែ​សភា​ឯក​បក្ស​បែប​នេះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​រួបរួម​ជាតិ​តែ​មួយ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ។

ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​កក្កដា កន្លងមក បាន​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

ក្រោយពី​បើក​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ធ្វើ​សំណើ​សុំ​ការ​យោគយល់​ពី​បញ្ហា​នានា​ទៅ​កាន់​គណៈរដ្ឋមន្ត្រី ដើម្បី​បញ្ជា​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ​យល់ព្រម​ធ្វើការ​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ​ភ្លាមៗ​ផង​ដែរ។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែ​កក្កដា នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ធម្មនុញ្ញ​ហើយ។ លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ទេ​ថា លោក ហ៊ុន សែន នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ត្រង់​មាត្រា​ណា​មួយ​ឡើយ ដោយ​លោក​គ្រាន់តែ​ថា ខ្លឹមសារ​លម្អិត​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ គឺ​ដើម្បី​រក្សា​ប្រក្រតីភាព​នៃ​ការងារ​រដ្ឋបាល ក៏ដូចជា​ផល​ប្រយោជន៍​ជា​ចាំបាច់​របស់​ពលរដ្ឋ។

គិត​ត្រឹម​ឆ្នាំ​១៩៩៣ មក​ដល់​ពេលនេះ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​ជាតិ គឺ​ច្បាប់​រដ្ឋធម្មនុញ្ញ​ចំនួន ៩​លើក​មក​ហើយ។ ការ​កែ​ច្បាប់​កំពូល​ជាតិ​កន្លងមក​នេះ ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា បណ្ដាល​ឱ្យ​ច្បាប់​កំពូល​របស់​ប្រទេស​ចុះ​ទន់ខ្សោយ និង​ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច ជាជាង​ច្បាប់​បម្រើ​ឱ្យ​ផលប្រយោជន៍​ជាតិ​ខ្មែរ។

នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងមក លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា ដើម្បី​បង្ហាញ​នូវ​ការ​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ដែល​ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​៩ ឆ្នាំ​២០២១ គឺជា​វិសោធនកម្ម​មួយ​ដែល​អ្នក​ច្បាប់​ចាត់ទុក​ថា​ជា​ការ​កែប្រែ​កំណែ​ទម្រង់​ច្បាប់​ជាតិ​ដ៏​អាក្រក់​មួយ ដែល​ហាមឃាត់​មិន​ឱ្យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​ប្រធាន​អង្គ​នីតិប្រតិបត្តិ គឺ​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​បរទេស​ឡើយ គឺ​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស