32.5 C
Phnom Penh

លោក ស ខេង ស្នើ​រដ្ឋាភិបាល​រៀបចំ​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​នាំចូល​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​ថា ក្រសួង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​ដែល​នាំចូល​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​លួច​កែច្នៃ​សារធាតុ​គីមី​ទាំងនោះ​ទៅ​ជា «គ្រឿងញៀន» ក្នុង​ប្រទេស​កម្ពុជា។

ការ​ស្នើ​របស់​លោក ស ខេង បាន​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​បាន​សារធាតុ​គីមី​ដែល​យក​មក​កែច្នៃ ដើម្បី​ផលិត​ជា​គ្រឿងញៀន​ជាច្រើន​តោន​នា​ពេល​ថ្មីៗ​នេះ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​មួយ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ដឹង​ថា ការ​មាន​ច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​នាំចូល​កម្ពុជា​នេះ នឹង​ជួយ​ទប់ស្កាត់​ការ​ចរាចរ​សារធាតុ​គីមី​ផ្សំ​ដែល​អាច​យក​មក​កែច្នៃ​ដើម្បី​ផ្សំ​ធ្វើជា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា។

លោក​ថា បញ្ហា​គ្រឿងញៀន​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់ អំពើ​ភេរវកម្ម និង​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ផង​ដែរ។

លោក ស ខេង បាន​សង្កត់​ធ្ងន់​អំពី​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន កំពុង​មាន​កំណើន​ខ្លាំង​ចេញពី​ការ​កែច្នៃ​ដោយ​សមាសធាតុ​គីមី​ផ្សេងៗ​កាន់តែ​ច្រើន ខណៈ​សញ្ញា​នៃ​ការ​ចរាចរ​គ្រឿងញៀន​នៅ​តាម​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា សមត្ថកិច្ច​បាន​បង្ក្រាប​ច្រើន​ទាំង​នៅ​ក្នុង​ឃ្លាំង​ផង និង​ក្នុង​រោងចក្រ​ផង។

ករណី​នេះ លោក​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ត្រូវ​មាន​ការ​ចូលរួម​សហការ និង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កុំ​ឲ្យ​គ្រឿងញៀន​វាយលុក​ក្នុង​សហគមន៍​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​កាន់តែ​អាក្រក់​បន្ថែម​ទៀត។

កាលពី​ថ្ងៃទី​២២ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មួយ​នាំចូល​សារធាតុ​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០០​តោន​ចូល​មក​កម្ពុជា។

ការ​បញ្ជា​នេះ បន្ទាប់ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​នៅ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ «ស៊ិនយីងហ្វេង» នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​នាំ​សារធាតុ​គីមី​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០០​តោន​ចូល​មក​កម្ពុជា។ ការ​នាំចូល​នោះ ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​នាំចូល​មុខទំនិញ​ចំនួន ៤​មុខ ប៉ុន្តែ​បាន​នាំចូល​ដល់​ទៅ ៨​មុខ។

ក្រោយពី​មាន​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ នោះ នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ និង​ផលិត​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ស្វាយរៀង ព្រៃវែង និង​ខេត្ត​កណ្តាល ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​ជិត ២០០​តោន និង​សារធាតុ​គីមី​ជិត ៣០០​តោន​បន្ថែម​ទៀត​ផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា ចំពោះ​ករណី​គ្រឿងញៀន​នេះ គឺជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​សង្គម​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត។ បន្ថែម​ពី​នេះ វា​ក៏​ជា​កង្វល់​មួយ​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​ដែល​បាន​ពី​គ្រឿងញៀន​នេះ​ដែរ ខណៈ​អន្តរជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​លើ​បញ្ហា​នេះ​ថែម​ទៀត។

លោក​អះអាង​ថា នៅ​កម្ពុជា​មាន​កុមារ និង​យុវជន​ជាច្រើន​រងគ្រោះ​ដោយសារ​គ្រឿងញៀន ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ រដ្ឋាភិបាល​ត្រូវ​អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​ចេះ​កំណត់ និង​ដឹង​ពី​សញ្ញាណ​នៃ​គ្រឿងញៀន ហើយ​អាជ្ញាធរ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត ជាពិសេស​ត្រូវ​រក​អ្នក​ពាក់ព័ន្ធ ឬ​ជន​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​យក​មក​ផ្ដន្ទាទោស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស