42.2 C
Phnom Penh

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩​រូប លើកលែងតែ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម។

លោក ហ៊ុន សែន អះអាង​ថា សភាពការណ៍​នៅ​ប្រទេស​ភូមា​នៅ​ពេលនេះ​បាន​ប្រែប្រួល​ខ្លាំង​ទៅ​រក​ភាព​កាន់តែ​អាក្រក់ ជាង​ពេល​ដែល​មិនទាន់​មាន​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ទៅ​ទៀត បន្ទាប់ពី​របប​សឹក​ភូមា បាន​កាត់ទោស​ប្រហារ​ជីវិត​លើ​ពលរដ្ឋ​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។

ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ក៏ដូចជា​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ដែរ​បាន​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រហារ​ជីវិត​សកម្មជន​ប្រឆាំង​ភូមា បើ​ទោះបីជា​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត រួម​ទាំង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផង បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពិចារណា​ឡើងវិញ​អំពី​ការ​កាត់ទោស​ប្រហារ​ជីវិត​នេះ ដើម្បី​ប្រយោជន៍​នៃ​កិច្ច​សន្ទនា​នយោបាយ និង​ការ​បង្រួបបង្រួម​ជាតិ​ភូមា​ក៏ដោយ។

បុរស​ខ្លាំង លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ពិចារណា​ឡើងវិញ​អំពី​តួនាទី​របស់​អាស៊ាន​ចំពោះ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន ប្រសិនបើ​របប​សឹក​ភូមា​នៅតែ​បន្ត​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​ពលរដ្ឋ​របស់​ខ្លួន​ទៀត​នោះ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ថា ត្រូវ​រឹត​បន្តឹង​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ ៥​ចំណុច​នេះ​លើ​របប​សឹក​ភូមា ឬ​ក៏​ត្រូវ​បន្ធូរបន្ថយ​ដើម្បី​ស្វែងរក​ការ​សម្របសម្រួល​យ៉ាង​ណា​នោះ​ទេ។

កាលពី​ចុង​ឆ្នាំ​២០២១ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា នៅ​ពេល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ភូមា ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​អាស៊ាន​វិល​មក​រក​អាស៊ាន ១០​ប្រទេស​ឡើងវិញ ព្រោះ​ថា​បើ​ទុក​ឱ្យ​អាស៊ាន​មាន​តែ ៩​ប្រទេស​បែប​នេះ គឺជា​អាស៊ាន​មិន​គ្រប់​ទឹក​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ការ​អះអាង​របស់​លោក ហ៊ុន សែន ត្រូវ​រង​នូវ​ភាព​អាម៉ាស់ និង​ការ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​អាស៊ាន​របស់​លោក​អស់​រយៈពេល ៦​ខែ​មក​នេះ ពីព្រោះ​លោក​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​អាស៊ាន ៩ ក្លាយ​ទៅ​ជា​អាស៊ាន ១០ ឡើងវិញ​ដូច​ការ​អួតអាង​របស់​លោក​បាន​ដដែល។

ក្រុម​អ្នក​រិះគន់​និយាយ​ថា បុរស​ខ្លាំង​លោក ហ៊ុន សែន កាន់តែ​ធ្វើ​ឱ្យ​អាស៊ាន​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដូចជា​ការ​គ្មាន​វិធានការ​ណា​មួយ​លើ​របប​សឹក​ភូមា ដែល​បាន​អនុវត្ត​ទោស​ប្រហារ​ជីវិត​លើ​ក្រុម​អ្នក​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

កិច្ចព្រមព្រៀង ៥​ចំណុច​របស់​អាស៊ាន ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ជំនួប​កំពូល​ពិសេស​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា រួម​មាន ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា ចាប់ផ្តើម​ការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ​រំពឹង​ថា អាច​នឹង​លើកឡើង​នូវ​ប្រធានបទ​ភាព​តានតឹង​នយោបាយ​រវាង​អាមេរិក និង​ចិន​នៅ​ពេលនេះ ប៉ុន្តែ​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​បើក​របស់​លោក ហ៊ុន សែន គេ​មិន​បាន​ឃើញ​លោក​លើកឡើង​អំពី​ភាព​តានតឹង​នេះ​ឡើយ បើ​ទោះជា​កម្ពុជា​គឺជា​មិត្ត​ដែកថែប​របស់​ចិន​ក៏ដោយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន និង​ក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន លោក អែនតូនី ប្លីងខិន (Antony J. Blinken) រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​បង្ហាញ​ក្តី​បារម្ភ​របស់​អាមេរិក​លើ​បញ្ហា​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន​វត្តមាន​កងទ័ព​ជើងទឹក​ចិន​នៅ​លើ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ ស្ថានភាព​មិន​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ជាដើម។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នៅ​មាន​ប្រធានបទ​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​លើក​ទៅ​ជជែក​ជាមួយ​ភាគី​កម្ពុជា មាន​ជាអាទិ៍ ការ​អនុវត្ត​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាងជើង ការ​ថ្កោលទោស​របស់​កម្ពុជា​ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​ឈ្លានពាន​អ៊ុយក្រែន ការ​ការពារ​កុមារ​នៅ​កម្ពុជា វិបត្តិ​នៅ​ភូមា សុវត្ថិភាព​ផ្នែក​សុខភាព​សកល ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​គាំទ្រ​របស់​កម្ពុជា​លើ​ការ​បង្កើត​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន-អាមេរិក។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ជា​អ្នក​នាំពាក្យ​កិច្ចប្រជុំ លោក គង់ ភោគ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​រំពឹង​ថា​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ។

យ៉ាងណាក៏ដោយ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០១២ កម្ពុជា​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន​នោះ​ទេ​នៅ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស