42.2 C
Phnom Penh

អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​៧៤​ករណី​និង​សង្គ្រោះ​បាន​ជាង​៦០០​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើកឡើង​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​បាន ៧៤​ករណី និង​ជួយ​សង្គ្រោះ​មនុស្ស​បាន​ជាង ៦០០​នាក់។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​កើនឡើង​នូវ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា រយៈពេល ៧​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ត្រឹមតែ ៧៤​ករណី​ប៉ុណ្ណោះ។

មន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូប​នេះ​លើកឡើង​ថា ក្នុង​ការ​បង្ក្រាប​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន ម៉ាឡេស៊ី វៀតណាម និង​ជនជាតិ​ខ្មែរ​ចំនួន ៦០​នាក់ បញ្ជូន​ទៅ​តុលាការ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់ ក្នុង​នោះ​អាជ្ញាធរ​សង្គ្រោះ​មនុស្ស​បាន​ជាង ៦០០​នាក់ មាន ១១​សញ្ជាតិ ប៉ុន្តែ​មិន​មាន​ជនជាតិ​ចិន​តៃវ៉ាន់​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​ជំនាញ​កម្ពុជា​មិន​ដែល​ជួប​ករណី​ជនជាតិ​ចិន​តៃវ៉ាន់​រងគ្រោះ​ដោយសារ​ការ​ជួញដូរ​នៅ​កម្ពុជា​នោះ​ឡើយ​នា​ពេល​កន្លងមក ដែល​ផ្ទុយ​ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ខ្លះ​ដែល​បាន​អះអាង​ថា មាន​ករណី​ជួញដូរ​ជនជាតិ​ចិន​តៃវ៉ាន់​ដល់​ទៅ​រាប់​ពាន់​នាក់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ សារព័ត៌មាន Taipei Times បាន​ចុះផ្សាយ​ថា នគរបាល​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​សន្និដ្ឋាន​ថា មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចន្លោះ​ពី ២​ពាន់​នាក់​ទៅ ៥​ពាន់​នាក់ ត្រូវ​បាន​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​រង​ការ​វាយ​ធ្វើ​បាប​តាម​មធ្យោបាយ​ផ្សេងៗ​ដោយ​អ្នក​ជួញដូរ​មនុស្ស​នៅ​ក្នុង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

ប្រភព​ដដែល​អះអាង​ថា មាន​មនុស្ស​ចំនួន ១៦​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​នគរបាល​ដាក់​ការ​សង្ស័យ​ថា ពួកគេ​រួម​គំនិត​ជាមួយ​អង្គការ​ឧក្រិដ្ឋកម្ម​បរទេស ដើម្បី​ទាក់ទាញ​ប្រជាជន​កោះ​តៃវ៉ាន់​ទៅ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការ​សន្យា​ផ្តល់​ឲ្យ​នូវ​ប្រាក់ខែ​ខ្ពស់ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស និង​អាច​បណ្តាល​ឱ្យ​មាន​ការ​រឹតត្បិត​លើ​ជំនួយ​បរទេស​ចំពោះ​កម្ពុជា​ថែម​ទៀត។

ទាក់ទិន​នឹង​ការ​ជួញដូរ​មនុស្ស​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស