32.5 C
Phnom Penh

លោក ពូទីន ចុះហត្ថលេខា​លើ​ច្បាប់​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ផ្លូវការ​ខណៈ​ទ័ព​អ៊ុយក្រែន​សម្រុក​វាយបក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ពុធ ទី​៥ តុលា នេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​សម្រេច​ជា​ផ្លូវការ​នូវ​ការ​បញ្ចូល​ទឹកដី​ដែល​មាន​ទំហំ​ជិត ១៥% របស់​ប្រទេស​អ៊ុយក្រែន មក​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន ស្រប​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន កំពុង​សម្រុក​វាយបក​យ៉ាង​ខ្លាំង​ទាំង​នៅ​ភាគ​ខាងត្បូង និង​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ឲ្យ​ដឹង​ថា លោក ពូទីន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ចំនួន​៤ ស្ដីពី​ការ​ទទួលយក​តំបន់ Donetsk តំបន់ Luhansk នៅ​ភាគ​ខាងកើត តំបន់ Kherson និង​តំបន់ Zaporizhzhia នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​រុស្ស៊ី ដែល​ធ្វើឡើង​បន្ទាប់ពី​សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​សភា​របស់​រុស្ស៊ី ផ្តល់​សច្ចាប័ន​កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា។

ការ​ប្រកាស​កាត់​បញ្ចូល​ទឹកដី​ទាំង ៤​តំបន់​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ប្រជាមតិ​ផ្ដាច់​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ចន្លោះ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៧ ខែ​កញ្ញា ធ្វើឡើង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​រុស្ស៊ី ដែល​វាយ​យក​បាន​ពី​ទ័ព​អ៊ុយក្រែន។

ទោះជា​បែប​នេះ​ក្ដី ក្រុម​បស្ចិម​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ពុំ​ទទួលស្គាល់​ដែនដី ៤​តំបន់​នេះ​ថា​ជា​របស់​ប្រទេស​រុស្ស៊ី នោះ​ទេ។ ចំណែក​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​ថា តំបន់​ដែល​រុស្ស៊ី​ប្រកាស​កាត់​យក​ទាំងនេះ​មិនមែន​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​រុស្ស៊ី​ទាំងស្រុង​នោះ​ទេ។

លោក​បន្ត​ថា ទោះជា​រុស្ស៊ី​មាន​ច្បាប់​យក​ទឹកដី​ប្រទេស​គេ​ក៏ដោយ ក៏​វា​នៅតែ​ជា​ទឹកដី​អ៊ុយក្រែន​ដែល​ចាំបាច់​ត្រូវ​វាយ​រំដោះ​យក​មក​វិញ​ឲ្យ​បាន។

កាលពី​ថ្ងៃទី​៤ តុលា ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បង្ហាញ​ផែនទី​អំពី​ទីតាំង​ដែល​ទ័ព​រុស្ស៊ី ដក​ថយ​យ៉ាង​ឆាប់​រហ័ស​ចេញពី​តំបន់​នៅ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត​អ៊ុយក្រែន ជា​ទី​ដែល​ទ័ព​មហាអំណាច​មួយ​នេះ​មិន​អាច​ស្ថិត​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​ពី​ការ​វាយបក​របស់​អ៊ុយក្រែន។

ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​ដដែល​នេះ​បាន​ស្រង់​សម្ដី​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី ដែល​បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​បាន​រុល​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​វាយ​សន្ធប់​ទៅ​លើ​កងទ័ព​រុស្ស៊ី ដោយ​ដណ្តើម​យក​មកវិញ​នូវ​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នៅ​ភាគ​ខាងត្បូង និង​ខាងកើត ដែល​រុស្ស៊ី​ទើប​បាន​ប្រកាស​ដាក់​បញ្ចូល​ជា​ឧបសម្ពន្ធ​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន។

ថ្លែង​តាម​វីដេអូ​នៅ​យប់​ថ្ងៃ​អង្គារ លោក ហ្សេឡេនស្គី បាន​បញ្ជាក់​ថា៖ «ក្នុង​មួយ​សប្ដាហ៍​មក​នេះ ចាប់តាំងពី​ការ​បោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី គឺ​ទីក្រុង​មួយ​ចំនួន​ត្រូវ​បាន​រំដោះ​មកវិញ»

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ក៏​បាន​ចេញ​ផ្សាយ​នូវ​វីដេអូ​មួយ​ចំនួន​ដែល​បង្ហាញ​ទង់ជាតិ​អ៊ុយក្រែន នៅ​លើ​ភូមិ​មួយ​នៃ​ស្រុក Davydiv Brid នៃ​តំបន់ Kherson។

បើ​និយាយ​អំពី​សម្ពន្ធភាព​ដែល​ជួយ​សព្វាវុធ និង​ជំនួយ​ផ្សេងៗ​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន គឺ​មាន ១០​ប្រទេស ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ឈាន​មុខ​គេ។

ក្នុង​រយៈពេល​ជិត ៨​ខែ​មក​នេះ ក្រុង​វ៉ាស៊ីនតោន នៃ​រដ្ឋការ​លោក ចូ បៃដិន បាន​បញ្ចេញ​កញ្ចប់​ជំនួយ​យោធា​ដែល​មាន​សាច់ប្រាក់​សុទ្ធ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ្សេឡេនស្គី យក​ទៅ​បើក​ឲ្យ​កងទ័ព និង​រដ្ឋការ​ស៊ីវិល​ចំនួន​ជិត ១៧​ពាន់​លាន​ដុល្លារ។ អាវុធ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី ឲ្យ​បាក់​ទ័ព គឺ​ប្រព័ន្ធ​មីស៊ីល HIMARS ដែល​ជា​អាវុធ​ពហុ​មុខងារ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ប្រាប់​សមភាគី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​មាន​ទំហំ​ទឹកប្រាក់ ៦២៥​លាន​ដុល្លារ​ដល់​ទីក្រុង​គៀវ ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​មីស៊ីល HIMARS ផង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន បាន​ឱ្យ​ដឹង​ថា លោក បៃដិន បាន​សន្យា​ដូចនេះ​នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ្សេឡេនស្គី កាលពី​ថ្ងៃ​អង្គារ។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​នេះ លោក បៃដិន ក៏​បាន​សន្យា​ទៀត​ថា នឹង​បន្ត​គាំទ្រ​អ៊ុយក្រែន​នៅ​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី ដរាបណា​សង្គ្រាម​នៅតែ​បន្ត​កើតឡើង។

ចំណែកឯ​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ថា កញ្ចប់​យោធា​ដែល​នឹង​ផ្ដល់​ឱ្យ​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ប្រព័ន្ធ​មីស៊ីល HIMARS ៤​គ្រឿង កាំភ្លើង​ធំ Howitzers ចំនួន ៣២​គ្រឿង ជាមួយ​នឹង​គ្រាប់​ចំនួន ៧​ម៉ឺន ៥​ពាន់​គ្រាប់ និង​រថពាសដែក​ប្រភេទ MRAP ចំនួន ២០០​គ្រឿង រួម​ទាំង​ឧបករណ៍​ប្រឆាំង​គ្រាប់មីន។

ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា​អ៊ុយក្រែន​កំពុង​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​នៃ​ការ​វាយបក​លើ​កងទ័ព​រុស្ស៊ី មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​មន្ទីរ​ប៉ុងតាហ្គោន បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សមរភូមិ​សំខាន់ៗ​មួយ​ចំនួន​ទៀត។

អ្នកស្រី Celeste Wallander ជំនួយការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​អន្តរជាតិ បាន​ថ្លែង​ដូចនេះ​ចំ​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​សមរភូមិ​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង ដោយ​បាន​វាយ​រុល​ទៅ​មុខ​យ៉ាង​លឿន​តាម​ដង​ទន្លេ Dnipro បន្ទាប់ពី​វាយ​បំបែក​ខ្សែ​ត្រៀម​ជួរមុខ​របស់​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​តំបន់ Kherson។

អ្នកស្រី វ៉ាឡេឌឺ បាន​ថ្លែង​នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ចន្ទ។ អ្នកស្រី​បញ្ជាក់​ថា៖ «អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ខ្លួន»

ការ​វាយ​ដណ្តើម​បាន​មក​វិញ​នូវ​ទីក្រុង Lyman បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សមត្ថភាព និង​យុទ្ធសាស្ត្រ​ឈ្លានពាន​របស់​រុស្ស៊ី ក្រោម​ការ​ដឹកនាំ​របស់​លោក ពូទីន។ ដំណើរការ​វាយបក​របស់​កងទ័ព​អ៊ុយក្រែន បាន​កំពុង​ទាញ​សញ្ញា​ថា អ៊ុយក្រែន​នឹង​អាច​វាយ​យក​បាន​កាន់តែ​ច្រើន​ថែម​ទៀត​នូវ​តំបន់​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ហើយ​នឹង​នាំ​ឱ្យ​រុស្ស៊ី​បាក់​ទ័ព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស