39.4 C
Phnom Penh

រុស្ស៊ី​បាញ់​មីស៊ីល​ស្រោច​លើ​ទីក្រុង​គៀវ​ដែល​មើល​ទៅ​ជា​ការ​សងសឹក​ករណី​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ ហេតុការណ៍​ផ្ទុះ​បន្តបន្ទាប់​ដែល​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល បាន​កើតមាន​ឡើង​នៅ​រដ្ឋធានី​គៀវ រួម​ទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ទីក្រុង​មូស្គូ ចោទ​អ៊ុយក្រែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ។

បញ្ជាការ​កណ្ដាល​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច​ណាស់ ៧៥​គ្រាប់​មក​លើ​ទឹកដី​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ។

លោក​ឧត្តមសេនីយ៍​អ៊ុយក្រែន Valeriy Zaluzhny អគ្គមេបញ្ជាការ​កងទ័ព​អ៊ុយក្រែន បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ដោយ​ចោទ​បក​រុស្ស៊ី​វិញ​ថា ប្រទេស​ភេរវករ គឺ​រុស្ស៊ី​បាន​បើក​ការ​វាយប្រហារ​មីស៊ីល​យ៉ាង​សម្បើម​មក​លើ​ទឹកដី​របស់​អ៊ុយក្រែន ក្នុង​នោះ​រួម​មាន​ទាំង​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូន ហើយ​ពួក​ឈ្លានពាន​បាន​បាញ់​មីស៊ីល​យ៉ាងតិច ៧៥​គ្រាប់ គឺ​ក្នុង​នោះ ៤១​គ្រាប់​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុយក្រែន​បាញ់​ទម្លាក់។

ស្នូរ​ផ្ទុះ​បន្តបន្ទាប់​ត្រូវ​បាន​រាយការណ៍​នៅ​រដ្ឋធានី​គៀវ នៅ​ទីក្រុង Lviv ទីក្រុង Dnipro ទីក្រុង Zaporizhzhia និង​ទីក្រុង​ជាច្រើន​ទៀត។

ជំនួយការ​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន លោក Rostyslav Smyrnov បាន​និយាយ​ថា ជនស៊ីវិល​ចំនួន ៨​នាក់​បាន​ស្លាប់ និង ២៤​នាក់​រង​របួស ក្រោយពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ទីក្រុង​គៀវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក លោក Smyrnov បាន​ឱ្យ​ដឹង​ថា រថយន្ត​ចំនួន ៦​គ្រឿង​បាន​ឆាបឆេះ​បន្ទាប់ពី​ការ​វាយប្រហារ ហើយ​រថយន្ត​ជាង ១៥​គ្រឿង​រង​ការ​ខូចខាត។

នៅ​ពេល​ជាមួយ​គ្នា​នេះ ប្រជាជន​រាប់​ពាន់​នាក់​នៅ​ទីក្រុង​គៀវ នាំ​គ្នា​រត់​ទៅ​ជ្រកកោន​នៅ​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដើម្បី​គេច​ពី​ការ​វាយប្រហារ។

ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន លោក Anton Gerashchenko បាន​ឱ្យ​ដឹង​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​ដ៏​សម្បើម​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាជន​រាប់​ពាន់​នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង​គៀវ បាន​នាំគ្នា​រត់​ជ្រក​ក្នុង​រូង​ផ្លូវ​រថភ្លើង​ក្រោម​ដី​ដើម្បី​សុវត្ថិភាព។ លោក​ថា នៅ​ខណៈ​នោះ សារ៉ែន​ប្រកាស​អាសន្ន​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស ត្រូវ​បាន​បន្លឺ​ឡើង​ពាសពេញ​ប្រទេស​អ៊ុយក្រែន។

ហេតុការណ៍​ផ្ទុះ​បន្តបន្ទាប់​នៅ​តាម​ទីក្រុង​របស់​អ៊ុយក្រែន នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា កើតមាន​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​រុស្ស៊ី បាន​ចោទ​អ៊ុយក្រែន​ថា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​បំផ្ទុះ​ស្ពាន​គ្រីមៀ ដែល​លោក ពូទីន ហៅ​វា​ថា​ជា​អំពើ​ភេរវកម្ម។

ក្នុង​សារ​ជា​វីដេអូ​មួយ​កាលពី​ថ្ងៃ​អាទិត្យ លោក ពូទីន បាន​ចោទ​អ៊ុយក្រែន​ថា​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​នោះ​ទេ។ នេះ​គឺជា​អំពើ​ភេរវកម្ម​ដែល​មាន​គោលដៅ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សំខាន់ៗ​បំផុត​របស់​រុស្ស៊ី។ លោក​ថា សកម្មភាព​នេះ​ត្រូវ​បាន​រៀបចំ ប្រព្រឹត្ត និង​បញ្ជា​ដោយ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់ និង​សន្តិសុខ​ជាតិ​របស់​អ៊ុយក្រែន។

លោក ពូទីន បាន​ថ្លែង​ចោទ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ដូចនេះ ក៏​ស្រប​ពេល​ដែល​រូបលោក​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៅ​ថ្ងៃទី​១០ តុលា នេះ ជុំវិញ​ហេតុការណ៍​នៅ​ស្ពាន​គ្រីមៀ។

ចំណែក​អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​បន្ទាប់ពី​លោក ពូទីន បាន​ព្រមាន​ថា ការ​ឆ្លើយតប​តែ​មួយ​គត់​របស់​រុស្ស៊ី ចំពោះ​បទឧក្រិដ្ឋ​នេះ គឺ​សម្លាប់​ពួក​ភេរវករ​ផ្ទាល់​តែម្តង។

ស្ពាន​គ្រីមៀ នេះ ត​ភ្ជាប់​ទឹកដី​គ្រីមៀ មក​ដែនដី​ប្រទេស​រុស្ស៊ី មាន​បណ្ដោយ ១៩​គីឡូ​ម៉ែត្រ ដែល​រង​ការ​បំផ្ទុះ​គ្រាប់បែក​បណ្ដាល​ឱ្យ​បាក់​ស្ពាន​មួយ​ចំហៀង ហើយ​ស្ពាន​មួយ​ទៀត​បាន​ឆេះ​ខ្លោច​ដោយសារ​រង​នូវ​ការ​វាយប្រហារ​ទៅ​លើ​រថភ្លើង​ស៊ីទែន​ដឹក​ប្រេង​មួយ​ខ្សែ​លើ​ស្ពាន​នេះ ដែល​បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។

ស្ពាន​ដ៏​វែង​ជាងគេ​នៅ​អឺរ៉ុប​មួយ​នេះ ត្រូវ​រដ្ឋាភិបាល​លោក ពូទីន ស្ថាបនា​ហើយ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ដោយ​ចំណាយ​ថវិកា ៣៦០០​លាន​ដុល្លារ។ ស្ពាន​នេះ​ជា​មធ្យោបាយ​ផ្គត់ផ្គង់​យ៉ាង​សំខាន់​សម្រាប់​កងកម្លាំង​របស់​រុស្ស៊ី​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន។

តែ​យ៉ាងណា តំបន់​គ្រីមៀ គឺជា​ដែនដី​អ៊ុយក្រែន ដែល​រុស្ស៊ី​យក​បាន​តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់ខ្លួន​នៅ​ខែ​មីនា ឆ្នាំ​២០១៤ ក្រោម​ការ​ចុះហត្ថលេខា​យល់ព្រម​ឱ្យ​មាន​បោះឆ្នោត​ប្រជាមតិ​ដោយ​ប្រធានាធិបតី វិចទ័រ យ៉ាណាកូវិច របស់​អ៊ុយក្រែន នា​ពេល​នោះ។

បច្ចុប្បន្ន អតីត​ប្រធានាធិបតី​អ៊ុយក្រែន​ម្នាក់​នេះ​បាន​រត់​ទៅ​នៅ​ប្រទេស​រុស្ស៊ី គឺ​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​ក្រោយពី​តុលាការ​របស់​ប្រជាជន​អ៊ុយក្រែន កាត់ទោស​លោក​ពី​អំពើ​ក្បត់​ជាតិ ព្រោះ​តែ​បាន​កាត់​ទឹកដី​របស់​ជាតិ​សាសន៍​ខ្លួនឯង​ឱ្យ​ប្រទេស​រុស្ស៊ី ជា​ចៅហ្វាយនាយ​របស់​ខ្លួន។

ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចោទ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​ប្រទេស​របស់​លោក​ឱ្យ​បាត់​ចេញពី​ផែនដី។

តាម​បណ្ដាញ​សង្គម​តេឡេក្រាម លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​ថា «រុស្ស៊ី​កំពុង​ព្យាយាម​បំផ្លាញ​អ៊ុយក្រែន ហើយ​លុប​ប្រទេស​នេះ​ចេញពី​ផែនទី​ពិភពលោក។ រុស្ស៊ី​បាន​សម្លាប់​ប្រជាជន​អ៊ុយក្រែន​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះ និង​ប្រជាជន​ដែល​កំពុង​បំពេញ​ការងារ​ក្នុង​ទីក្រុង​គៀវ ឬ​នៅ​តាម​ទីក្រុង​ផ្សេងៗ​ទៀត»

បើ​តាម​លោក ហ្សេឡេនស្គី ឲ្យ​ដឹង​ថា នៅ​ពេលនេះ សំឡេង​សារ៉ែន​នៅតែ​ប្រកាស​អាសន្ន​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ទូទាំង​ប្រទេស ព្រោះ​រុស្ស៊ី​មិនទាន់​បញ្ឈប់​នូវ​ការ​បាញ់​មីស៊ីល​សម្លាប់​ប្រជាជន​អ៊ុយក្រែន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស