32.5 C
Phnom Penh

GDP ជំរុញ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​​ឱ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រួតពិនិត្យ​លើ​ការងារ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់​ខ្លួន បន្ទាប់ពី​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ១១​ខេត្ត​ក្នុង​ចំណោម​រាជធានី-ខេត្ត​ទាំង​២៥ បាន​កើតមាន​នូវ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ជាង ១​ម៉ឺន​ទីតាំង។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ការ​លេច​ចេញ​នូវ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ដ៏​ច្រើន​លើសលប់​បែប​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ភូមិ-ឃុំ​មាន​សុវត្ថិភាព គឺ​នៅតែ​មិនទាន់​អាច​អនុវត្ត​បាន​នៅឡើយ ក្នុង​នោះ​ក៏​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ ឬ​ការ​មិន​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​នេះ​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​របស់​អាជ្ញាធរ​មូលដ្ឋាន​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវតែ​ដាក់​ពិន័យ និង​ដាក់​ទោស​ទណ្ឌ​ទាំង​តាម​ផ្លូវ​តុលាការ និង​ផ្នែក​រដ្ឋបាល​ទៅ​តាម​កំហុស​របស់​ពួកគេ ប៉ុន្តែ​ប្រសិនបើ​គ្រាន់តែ​អនុវត្ត​តាម​របៀប​ភ្លើង​ចំបើង​ឱ្យ​តែ​ល្អ​មើល និង​មិន​កម្រិត​នូវ​ការ​ទទួល​ខុសត្រូវ​ចំពោះ​មន្ត្រី​របស់​ខ្លួន​ទេ នោះ​រឿង​ដដែលៗ​នេះ​នឹង​កើតមាន​ទៀត​ជាមិនខាន ហើយ​ក៏​នឹង​កើតមាន​ច្រើន​ជាង​មុន​ថែម​ទៀត​នៅ​ពេល​ការ​អនុវត្ត​ច្បាប់​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូប​នេះ​បញ្ជាក់​ថា គណបក្ស​របស់​លោក​បាន​រៀបចំ​គោលនយោបាយ​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ការ​ដឹកនាំ​របស់​មន្ត្រី​ថ្នាក់​មូលដ្ឋាន ដើម្បី​ឱ្យ​ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​លើ​កិច្ចការ​របស់​ខ្លួន ប្រសិនបើ​មន្ត្រី​ទាំងនោះ ដូចជា​មេ​ប៉ុស្តិ៍ អធិការ​ស្រុក និង​មន្ត្រី​ផ្សេងៗ​ទៀត ជាដើម ធ្វើ​កិច្ចការ​មាន​ប្រសិទ្ធភាព នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​លើក​ទឹកចិត្ត ប៉ុន្តែ​បើ​មន្ត្រី​ទាំងនោះ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ពួកគេ​ត្រូវតែ​ទទួល​ការ​ពិន័យ​ឲ្យខាងតែ​បាន ដើម្បី​កុំ​ឱ្យ​ជំងឺ​សង្គម​រីក​រាលដាល​ពេញ​ប្រទេស​ដូច​បច្ចុប្បន្ន​នេះ។

អគ្គស្នងការរង និង​ជា​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោម​ប្រធានបទ សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​របស់​ក្រសួង​មហាផ្ទៃ ថា លទ្ធផល​នៃ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស ក្រោយ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពី​ថ្ងៃទី​១៥ ខែ​កញ្ញា ដល់​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​ជាង ១​ម៉ឺន​ទីតាំង និង​បាន​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា​មនុស្ស​ប្រមាណ ១​ម៉ឺន ៣​ពាន់​នាក់​ផង​ដែរ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កម្ពុជា​មាន​រាជធានី-ខេត្ត​ចំនួន​២៥ មាន​ឃុំ-សង្កាត់​ចំនួន ១៦៥២ មាន​ស្រុក និង​ក្រុង​ប្រមាណ ១៨៩ និង​ភូមិ​មាន​ចំនួន​ប្រមាណ​ជា ១៤៤០៥​ភូមិ ដូច្នេះ​បើ​ពង្រាយ​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ពេលនេះ អាច​និយាយ​បាន​ថា ក្នុង ១​ភូមិ​គឺ​ត្រូវតែ​មាន​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាងតិច ១​ទីតាំង ពីព្រោះ​តួលេខ​ជាង ១​ម៉ឺន​ទីតាំង​ដែល​សមត្ថកិច្ច​បង្ហាញ​នេះ មិនមែន​ជា​តួលេខ​ដែល​ពួកគេ​បាន​រក​ឃើញ​ទាំងអស់​នោះ​ទេ។ ជាក់ស្តែង នៅ​តាម​ភូមិ-ឃុំ​ដែល​បើក​ល្បែង​ខុស​ច្បាប់​ដោយ​មាន​មន្ត្រី​មូលដ្ឋាន​ជា​ខ្នងបង្អែក​ខ្លះ នៅតែ​បន្ត​ដំណើរការ​នៅឡើយ។

កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បង្ក្រាប​នូវ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងអស់ ខណៈ​សកម្មភាព​បើក​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ នឹង​ត្រូវ​បិទ​ចោល​ដោយ​គ្មាន​ករណី​លើកលែង។

យ៉ាងណាក៏ដោយ ជុំវិញ​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ ត្រូវ​គេ​រិះគន់​ថា គ្រាន់តែ​ជា​ការ​បង្ក្រាប​ទៅ​លើ​បនល្បែង​តូចតាច​ប៉ុណ្ណោះ ប៉ុន្តែ​មេខ្លោង​ធំៗ​ដែល​នៅ​ពីក្រោយ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ ដូចជា​ក្មួយ​ប្រុស​បង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ សមាជិក​ព្រឹទ្ធសភា​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ និង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​មួយ​រូប​ទៀត គឺ​ឧកញ៉ា កុក អាន ជាដើម មិន​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស